ប្រមុខក្រុមហេសបូឡា នៅលីបង់ គំរាមថា អ៊ីស្រាអែល គួរតែខ្លាចសង្គ្រាមធំពេញបន្ទុក

ប្រមុខក្រុមហេសបូឡា នៅប្រទេសលីបង់ បាននិយាយកាលពីថ្ងៃពុធថា គ្មានកន្លែងណានៅក្នុងប្រទេសអ៊ីស្រាអែលមានសុវត្ថិភាពទេ ប្រសិនបើសង្រ្គាមពេញបន្ទុកសសមួយផ្ទុះឡើង រវាងសត្រូវទាំងពីរ ហើយក៏បានគំរាមកំហែងដល់សមាជិកសហភាពអឺរ៉ុប គឺប្រទេសស៊ីប និងនៅផ្នែកផ្សេងទៀតនៅសមុទ្រមេឌីទែរ៉ាណេ។

ក្រុមហេសបូឡា បានបាញ់ផ្លោងដាក់គ្នាទៅវិញទៅមកជាមួយអ៊ីស្រាអែល ក្នុងរយៈពេលជាងប្រាំបីខែមកនេះ ស្របពេលជាមួយសង្រ្គាមនៅតំបន់ហ្កាហ្សា។ ក្រុមដែលគាំទ្រដោយអ៊ីរ៉ង់ មួយនេះ បានផ្សាយនូវអ្វីដែលខ្លួនបាននិយាយថា ជាវីដេអូពីយានដ្រូននៅទីតាំងយោធាដ៏រសើប ចូលជ្រៅក្នុងទឹកដីប្រទេសអ៊ីស្រាអែល។

នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ កាលពីថ្ងៃពុធ ប្រមុខក្រុមហេសបូឡា លោក សាយយ៉េត ហាសាន ណាស្រាឡា(Sayyed Hassan Nasrallah) បាននិយាយថា នឹងគ្មានកន្លែងមានសុវត្ថិភាពពីមីស៊ីល និងយានដ្រូនរបស់យើងនៅក្នុងប្រទេសអ៊ីស្រាអែលនោះទេ ក្នុងករណីសង្រ្គាមកាន់តែរីកធំ។

លោក Nasrallah និយាយថា អ៊ីស្រាអែល ដឹងថាអ្វីដែលកំពុងរង់ចាំខ្លួននៅសមុទ្រមេឌីទែរ៉ាណេ គឺ ការប្រឈមមុខនៃការប្រយុទ្ធដ៏ខ្លាំងក្លា។

រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Israel Katz បានព្រមានកាលពីថ្ងៃអង្គារថា ការសម្រេចលើសង្រ្គាមពេញបន្ទុកជាមួយក្រុមហេសបូឡា នឹងមកដល់ក្នុងពេលឆាប់ៗនេះ ហើយយោធាអ៊ីស្រាអែល បាននិយាយថា ផែនការប្រតិបត្តិការសម្រាប់ការវាយលុក នៅក្នុងប្រទេសលីបង់ ត្រូវបានអនុម័ត និងមានសសុពលភាព។

លោក Nasrallah ក៏បានគំរាម ដល់ប្រទេសស៊ីប ជារដ្ឋសមាជិកសហភាពអឺរ៉ុប នៅជិតបំផុតជាមួយប្រទេសលីបង់ ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ដោយចោទប្រកាន់ថា ប្រទេសនេះអនុញ្ញាតឱ្យអ៊ីស្រាអែល ប្រើប្រាស់អាកាសយានដ្ឋាន និងមូលដ្ឋានរបស់ខ្លួន សម្រាប់សមយុទ្ធយោធា។