ប្រធានាធិបតីកូរ៉េខាងត្បូង ប្រកាសភាពអាសន្នជាតិអំពីការថយចុះនៃចំនួនប្រជាជន

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានប្រកាសកាលពីថ្ងៃពុធថា ប្រទេសកូរ៉េខាងត្បូងស្ថិតក្នុង «ភាពអាសន្នជាតិអំពីការថយចុះនៃចំនួនប្រជាជន» ដោយប្តេជ្ញាថា នឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីដោះស្រាយអត្រាកំណើតទាបបំផុតរបស់ប្រទេសនេះ។

លោក Yoon បានធ្វើការអត្ថាធិប្បាយក្នុងអំឡុងពេលកិច្ចប្រជុំនៃគណៈកម្មាធិការប្រធានាធិបតីស្តីពីអត្រាកំណើតទាប និងចំនួនប្រជាជនវ័យចំណាស់ ចំពេលមានការរំពឹងទុកដ៏តិចតួច និងការព្រមានថា ចំនួនប្រជាជនកូរ៉េខាងត្បូងនៅទីបំផុត អាចផុតពូជបាន ប្រសិនបើនិន្នាការនេះ មិនត្រូវបានផ្លាស់ប្តូរនោះ។

លោក Yoon បាននិយាយក្នុងអំឡុងពេលកិច្ចប្រជុំដែលធ្វើឡើងនៅមជ្ឈមណ្ឌលថែទាំកុមារ នៅក្នុងមជ្ឈមណ្ឌល R&D របស់ក្រុមហ៊ុន HD Hyundai ក្នុងទីក្រុង Seongnamថា៖«ថ្ងៃនេះ ខ្ញុំបានប្រកាសជាផ្លូវការនូវភាពអាសន្នជាតិអំពីការថយចុះនៃចំនួនប្រជាជន។ យើងនឹងធ្វើឲ្យប្រព័ន្ធឆ្លើយតបដ៏ទូលំទូលាយរបស់រដ្ឋាភិបាលដំណើរការ រហូតដល់បញ្ហាអត្រាកំណើតទាប ត្រូវដោះស្រាយបានទាំងស្រុង។

អត្រានៃការមានកូនសរុបរបស់ប្រទេសកូរ៉េខាងត្បូង ជាចំនួនជាមធ្យមនៃកូន ដែលស្ត្រីម្នាក់មានក្នុងជីវិតរបស់នាង បានធ្លាក់ចុះមកនៅកម្រិតទាបបំផុតគឺ ០,៧២ ក្នុងឆ្នាំ ២០២៣ ដែលទាបជាងកម្រិតជំនួសគឺ២,១ ដែលត្រូវការ ដើម្បីរក្សាចំនួនប្រជាជនរបស់ប្រទេសនៅ ៥១លាននាក់។

រដ្ឋាភិបាល បានព្យាយាមលើកទឹកចិត្តផ្សេងៗ ដើម្បីជួយទាក់ទាញគ្រួសារឲ្យមានកូនក្នុងទសវត្សរ៍កន្លងមក ប៉ុន្តែកត្តាមួយចំនួន រួមទាំងតម្លៃផ្ទះថ្លៃ ថ្លៃសិក្សា និងម៉ោងធ្វើការយូរ បានធ្វើឲ្យយុវជនស្ទាក់ស្ទើរក្នុងការបង្កើតគ្រួសារ និងបង្កើតកូន។