ការជួញដូរផ្សារហ៊ុននៅកម្ពុជាមានសន្ទុះឡើងវិញ ក្នុងរយៈពេលពីរខែក្រោយនេះ

ភ្នំពេញ ៖ អ្នកជំនាញក្នុងវិស័យផ្សារមូលបត្រកម្ពុជា ឲ្យដឹងថា សកម្មភាពនៃការជួញដូរផ្សាមូលបត្រកម្ពុជា មានកំណើនឡើងវិញគួរឲ្យកត់សម្គាល់ក្នុងរយៈពេល ២ខែចុងក្រោយនេះ ហើយក៏រំពឹងទុកថា ក្នុងពេលខាងមុខទីផ្សារនេះ នឹងល្អប្រសើរខ្លាំង ដូចទៅនឹងទីផ្សារភាគហ៊ុនអន្តរជាតិដែរ ដោយសារការចាប់អារម្មណ៍នៃសាធារណជនមានចំនួនកើនឡើងជាងមុន។

​ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃផ្សារមូលបត្រកម្ពុជា (SCX) នៅព្រឹកថ្ងៃទី២០ ខែមិថុនានេះ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី អំពីស្ថានភាពទីផ្សារមូលបត្រឲ្យដឹងថា គិតចាប់ពីដើមឆ្នាំមកការជួញដូរ គឺមានការធ្លាក់ចុះ ដោយសារការប្រែប្រួលវិបត្តិសេដ្ឋកិច្ច ប៉ុន្តែក្នុងរយៈពេល២ខែក្រោយនេះ ទំហំនៃការជួញដូរបានហក់ឡើងវិញក្នុងរង្វង់ជិត ៣០ម៉ឺនដុល្លារ ក្នុង១ថ្ងៃ។ ឯកឧត្តម បានបញ្ជាក់ថា ទិសដៅនៅពេលខាងមុខ ថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជា បានដាក់ចេញនូវមហិច្ឆតាខ្ពស់ដែលនឹងសម្រេចឲ្យបាននូវទំហំជួញដូរភាគហ៊ុនជាមធ្យមក្នុងទំហំ ១០០លានដុល្លារ ក្នុង១ថ្ងៃ នៅឆ្នាំ២០៣០ ស្របពេលដែលកម្ពុជា ក៏មានផែនការប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ផងដែរ។

ជាមួយការហក់ឡើងវិញនៃសន្ទុះការជួញដូរខាងលើនេះ ផ្សារមូលបត្រកម្ពុជា បានបន្តបើកវគ្គបណ្តុះបណ្តាលស្តីពី Earnings Forum 2024 ដើម្បីឲ្យសាធារណៈជនកម្ពុជាស្គាល់អំពីការវិនិយោគដែលត្រឹមត្រូវស្របតាមច្បាប់ ដែលមានការធានាការពារច្បាប់ និងបទប្បញ្ញត្តិជាធរមាន ដើម្បីឈានសម្រេចឲ្យបាននូវគោលដៅនៃមហិច្ឆតាខាងលើនេះ។

នាឱកាសនោះ ឯកឧត្តមអគ្គនាយក បានស្នើវិនិយោគិនសាធារណៈ និងសិក្ខាកាមដែលចូលរួមក្នុងវគ្គបណ្តុះបណ្តាលថ្ងៃនេះទាំងអស់ ឲ្យព្យាយាមក្រេបជញ្ជក់នូវចំណេះដឹង ឬក៏លើកជាសំណួរសួរទៅកាន់តំណាងក្រុមហ៊ុនចុះបញ្ជីទាំងអស់ ដើម្បីទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ ងាយស្រួលក្នុងការសម្រេចចិត្តវិនិយោគ ឬបង្កើតចំណូលអកម្មចាប់ពីពេលនេះតទៅ ដើម្បីជាមូលដ្ឋានក្នុងការវិភាគ ក៏ដូចជាជំនួយបន្ថែមសម្រាប់វិនិយោគក្នុងការវិភាគជាបច្ចេកទេស ដើម្បីសម្រេចចិត្តក្នុងការវិនិយោគលើភាគហ៊ុនឲ្យបានត្រឹមត្រូវ។

សូមបញ្ជាក់បន្ថែមថា វគ្គបណ្តុះបណ្តាលស្តីពី Earnings Forum 2024 ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២៣ ក្នុងគោលបំណងបង្កើតជាវេទិកាជូនក្រុមហ៊ុនចុះបញ្ជីក្នុងការផ្សព្វផ្សាយព័ត៌មានរបស់ក្រុមហ៊ុនដល់វិនិយោគិន និងជាវេទិកាមួយអនុញ្ញឲ្យសាធារណជនស្វែងយល់បន្ថែមពីអាជីវកម្មរបស់ក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា រួមមានប្រតិបត្តិការអាជីវកម្ម លទ្ធផលហិរញ្ញវត្ថុ និងផែនការអាជីវកម្មនាពេលអនាគត៕

អត្ថបទ ៖ ឈិត បូរ៉ាវី