កាំភ្លើងធំបានផ្ទុះនៅលើតំបន់ហ្កាហ្សាភាគខាងត្បូង ចំពេលមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា

កងកម្លាំងអ៊ីស្រាអែលបានប្រយុទ្ធគ្នានៅទីក្រុង Rafah និងវាយលុកទីតាំងភាគខាងកើតនៃទីក្រុង Khan Younis នៅភាគខាងត្បូង Gaza នាថ្ងៃសៅរ៍ (ទី២២ មិថុនា) នេះ។ សំណុំផ្សែងត្រូវបានគេឃើញហុយទ្រលោមកាត់ព្រំដែនក្នុងតំបន់ហ្កាហ្សា ខណៈសំឡេងកាំភ្លើងធំបានបន្លឺឡើងខ្ទរលើដីស្រែចម្ការ នៅខាងព្រំដែនអ៊ីស្រាអែល។

មកទល់ពេលនេះ មានរយៈពេលជាង ៨ខែហើយ ក្នុងសង្រ្គាមនៅហ្កាហ្សា ហើយការរុលទៅមុខរបស់អ៊ីស្រាអែល ឥឡូវនេះ ផ្តោតលើតំបន់ចុងក្រោយចំនួន២ ដែលកងកម្លាំងរបស់ខ្លួន មិនទាន់អាចដណ្តើមបាន នោះគឺទីក្រុង Rafah នៅជ្រុងភាគខាងត្បូងរបស់តំបន់ហ្កាហ្សា និងតំបន់ជុំវិញទីក្រុង Deir al-Balah ភាគកណ្តាល។

គួរបញ្ជាក់ថា យុទ្ធនាការផ្លូវគោក និងផ្លូវអាកាសរបស់អ៊ីស្រាអែលនេះ ត្រូវបានបង្កឡើង ដោយសារក្រុមសកម្មប្រយុទ្ធដឹកនាំដោយក្រុមហាម៉ាស បានវាយលុកចូលទៅក្នុងភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ដែលបានសម្លាប់មនុស្សប្រហែល ១.២០០នាក់ និងចាប់ជាចំណាប់ថ្នូរជាង ២៥០នាក់។

ហើយយោងតាមអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន បានឲ្យដឹងថា ការវាយលុកសងសឹករបស់អ៊ីស្រាអែល បានធ្វើឲ្យតំបន់ហ្កាហ្សាត្រូវបានបំផ្លិចបំផ្លាញ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៧.៥៥១នាក់ និងបានធ្វើឲ្យប្រជាជនប៉ាឡេស្ទីនស្ទើរតែទាំងអស់គ្មានផ្ទះសម្បែងជ្រកកោន និងក្លាយជាទុរគតជន៕