ឧបនាយករដ្ឋមន្រ្តី នេត សាវឿន អំពាវនាវដល់ជនរួមជាតិទាំងអស់ត្រូវចាត់ទុកគ្រឿងញៀនជាបញ្ហារួម

ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី បានធ្វើការអំពាវនាវជាថ្មី ម្តងទៀតដល់ជនរួមជាតិទាំងអស់ ត្រូវចាត់ទុកគ្រឿងញៀនជាបញ្ហារួម ហើយសូមចូលរួមវិនិយោគលើវិធានការបង្ការ និងលើកកម្ពស់ការផ្សព្វផ្សាយអប់រំ ពីផលប៉ះពាល់បញ្ហាគ្រឿងញៀននេះ ឲ្យបានទូលំទូលាយទូទាំងប្រទេសប្រកបដោយភាពទាក់ទាញ,ពេញនិយម និងមានប្រសិទ្ធភាពបំផុត។

ក្នុងឱកាសអញ្ជើញជាអធិបតីភាព ប្រារព្ធទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា២០២៤ ក្រោមប្រធានបទ «រួមគ្នាវិនិយោគលើការបង្ការ ទប់ស្កាត់ និងលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន» ដែលបានធ្វើឡើងនាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ នេះនៅមជ្ឈមណ្ឌលកំសាន្តកោះពេជ្រ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី នេត សាវឿន បានលើក ឡើងថា«សំណូមពរដជនរួមជាតិទាំងអស់ គ្រប់ស្រទាប់វ័យ គ្រប់មជ្ឈដ្ឋាន និងគ្រប់វិស័យ សូមបន្តអនុវត្តស្មារតីជាតិរបស់យើង គឺចាត់ទុកបញ្ហាគ្រឿងញៀនជាបញ្ហារួម ដែលត្រូវចូលរួមដោះស្រាយ និងលុបបំបាត់ទាំងអស់គ្នា។ ក្នុងន័យនេះ ចាប់ផ្តើមពីថ្នាក់ដឹកនាំ ក្រសួង ស្ថាប័នទាំងអស់ ក្រុមហ៊ុនឯកជន រោងចក្រសហគ្រាសរហូតដល់សមាជិកគ្រួសារ ត្រូវធ្វើការអប់រំ ក្រើនរំលឹក ពីផលប៉ះពាល់ វិនាសកម្ម នៃគ្រឿងញៀន និងត្រូវមានជំហរដាច់ខាត មិនថាក្នុងកាលៈទេសៈណាក៏ដោយ គឺមិនពាក់ព័ន្ធនឹងគ្រឿងញៀននោះឡើយ»។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបាន លើកឡើងទៀតថា ភាគីពាក់ព័ន្ធ ទាំងជាតិ និងអន្តរជាតិ ជាពិសេសដៃគូអភិវឌ្ឍ និងវិស័យឯកជន សូមចូលរួមវិនិយោគលើ វិធានការបង្ការ និងលើកកម្ពស់ការផ្សព្វផ្សាយអប់រំឲ្យបានទូលំទូលាយទូទាំងប្រទេសប្រកប ដោយភាពទាក់ទាញ,ពេញនិយម និងមានប្រសិទ្ធភាព។

ឯកឧត្តមបានស្នើដល់សមាគមសិល្បករខ្មែរ, សមាគមអ្នកនិពន្ធខ្មែរ និងភាគីពាក់ព័ន្ធដទៃទៀត សូមចូលរួមបញ្ជ្រាបការយល់ដឹង ពីគ្រឿងញៀននេះតាមវិស័យសិល្បៈ ដូចជាតាមរយៈការតាក់តែង ចម្រៀង រឿងខ្លីអប់រំ និងផ្សព្វផ្សាយសារអប់រំពីគ្រឿងញៀន ទៅគ្រប់វេទិកា និងព្រឹត្តិការណ៍សិល្បៈនានា ដើម្បីជាសារ ដាស់តឿនក្រើនរំលឹកជាប់ជាប្រចាំដល់ពលរដ្ឋទូទាំងប្រទេសជាពិសេសយុវជនរបស់ខ្មែរតែម្តង។

នៅក្នុងកម្មវិធីនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានប្រកាសលើកទឹកចិត្តឲ្យមានការបញ្ជ្រាបប្រធានបទប្រយុទ្ធប្រឆាំងគ្រឿងញៀន ទៅរាល់ព្រឹត្តិការណ៍នានាទាំងក្នុងព្រឹត្តិការណ៍អប់រំ, កីឡា, សាសនា, វប្បធម៌, សិល្បៈជាដើម។ មួយវិញទៀតឯកឧត្តមក៏សូមអំពាវនាវដល់ជនរួមជាតិទាំងអស់ជាពិសេសយុវជន យុវនារី សិស្សានុសិស្ស សូមទាញយក និងប្រើប្រាស់ឲ្យបានទូលំទូលាយនូវកម្មវិធីទូរស័ព្ទដៃ NoDrugរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលជាឃ្លាំងនៃចំណេះដឹង និងប្រព័ន្ធអប់រំដ៏មានវិសាលភាពមួយ សម្រាប់ទទួលបានការកម្សាន្តបែបអប់រំ, ខ្លឹមសារមេរៀនសំខាន់ៗ សម្រាប់ប្អូនៗក្មួយៗ សិក្សាយល់ដឹង និងជាវិញ្ញាសាត្រៀមប្រឡងនានា, ព័ត៌មានទាន់ហេតុការណ៍ទាំងជាតិនឹងអន្តរជាតិ ពាក់ព័ន្ធពីបញ្ហាគ្រឿងញៀន និងដើម្បីស្វែងយល់ពីសេវាបន្យាបព្យាបាល និងស្ដារនីតិសម្បទាផងដែរ។លើសពីនេះទៀត កម្មវិធីទូរស័ព្ទដៃ NoDrug ត្រូវបានប្រើប្រាស់ជាមធ្យោបាយរាយការណ៍សម្ងាត់ និងមានប្រសិទ្ធភាពបំផុត អំពីករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀនក្នុងសហគមន៍ដែលជាស្ពានដ៏សំខាន់ក្នុងការតភ្ជាប់ទំនាក់ទំនងរវាងពលរដ្ឋក្នុងសហគមន៍ជាមួយសមត្ថកិច្ច។

ជាមួយគ្នានោះដែរឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានក្រើនរំលឹកសារជាថ្មី ដល់គណៈបញ្ជាការឯកភាពរាជធានី ខេត្ត ទាំងអស់ ត្រូវបន្តអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព លុបបំបាត់ការចែកចាយ និងប្រើប្រាស់គ្រឿងញៀនក្នុងសហគមន៍ ជាពិសេសតាមក្លឹបកម្សាន្ត និងទីតាំងសប្បាយដ្ឋាននានា និងសូមយកចិត្តទុកដាក់ពង្រឹងសណ្តាប់ធ្នាប់របៀបរៀបរយ បរិវេណជុំវិញសាលារៀន បំបាត់ ករណីក្មេងទំនើង និងសិស្សគេចសាលា ដែលអាចជាគោលដៅឈានដល់ការប្រើប្រាស់ គ្រឿងញៀន។

ឯកឧត្តមក៏បានលើកទឹកចិត្តដល់មាតាបិតា អាណាព្យាបាលដែលមានសមាជិកគ្រួសារ ជាអ្នកញៀនគ្រឿងញៀន ត្រូវក្លាហានហ៊ានបញ្ចូនពួកគាត់ មកទទួលការបន្សាប ព្យាបាលនិង ស្តារនីតិសម្បទា ទាំងនៅមជ្ឈមណ្ឌលជាតិ និងឯកជន ដែលនេះគឺជាវិធីតែមួយគត់ដើម្បីឲ្យ ពួកគាត់អាចសមាហរណកម្មចូលសង្គមវិញបាន និងចាប់ផ្តើមអនាគតសារជាថ្មី ជាក្តីសង្ឃឹម ឡើងវិញរបស់គ្រួសារ និងប្រទេសជាតិផងដែរ៕អត្ថបទបាន ចក់


Comments

Leave a Reply

Your email address will not be published. Required fields are marked *