អ្នកស្រុកនៃទីក្រុងធំទីពីររបស់ប្រទេសកុងហ្គោភាគខាងកើតកាលពីថ្ងៃចន្ទ (១៧ កុម្ភៈ) បានទៅពិនិត្យផ្ទះសម្បែងរបស់ខ្លួនបន្ទាប់ពីការលួចប្លន់ដ៏រីករាលដាល ដែលអមជាមួយនឹងការមកដល់នៃក្រុមឧទ្ទាម M23 គាំទ្រដោយរ្វ៉ាន់ដា ខណៈក្រុមប្រដាប់អាវុធនេះបានសន្យាថានឹងស្តារសណ្តាប់ធ្នាប់ និងសន្តិសុខឡើងវិញ។
យុទ្ធជន M23 បានសម្រុកទៅកាន់កណ្តាលក្រុង Bukavu កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន ដែលជាវឌ្ឍនភាពដ៏សំខាន់បំផុតរបស់ក្រុមដឹកនាំដោយជនជាតិទូស៊ីមួយនេះ ចាប់តាំងពីការដណ្តើមកាន់កាប់ទីក្រុង Goma ដ៏ធំបំផុតរបស់កុងហ្គោ ខាងកើតកាលពីចុងខែមករាមក។
ការដណ្ដើមបានក្រុង Bukavu ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងព្រលានយន្តហោះយុទ្ធសាស្ត្រ ផ្តល់សេវាដល់តំបន់ Kavumu ក្បែរនោះ បានបង្កផលប៉ះពាល់បន្ថែមទៀតដល់អាជ្ញាធររបស់រដ្ឋធានីគីនស្ហាសា និងបានបង្កើនជម្លោះកាន់តែតានតឹង ដែលបង្កឱ្យមានការភ័យខ្លាចនៃសង្គ្រាមក្នុងតំបន់ទាំងមូល។
រហូតមកដល់ពេលនេះ រដ្ឋាភិបាលកុងហ្គោ មិនបានប្រកាសទេថា ក្រុង Bukavu ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុម M23 ទាំងស្រុង។ កងទ័ពកុងហ្គោ និងសម្ព័ន្ធមិត្តប៊ូរុនឌីរបស់ខ្លួន បានដកកងកម្លាំងចេញពីទីក្រុងនេះ ដើម្បីជៀសវាងការប្រយុទ្ធគ្នានៅក្នុងតំបន់ដែលមានប្រជាជនច្រើន ដោយបង្កើតភាពទំនេរនៃអំណាច ដែលនាំឱ្យមានការលួចប្លន់ និងការហែកពន្ធនាគារយ៉ាងហិង្សា៕
Leave a Reply