FBI និយាយថា ការបាញ់ប្រហារលើលោក Trump គឺជា «ការប៉ុនប៉ងលួចធ្វើឃាត»

អាជ្ញាធរបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានដែលបានបញ្ចប់ត្រឹមពាក់កណ្តាលអធ្រាត (ម៉ោងសហរដ្ឋអាមេរិក) ឈានចូលថ្ងៃអាទិត្យ (១៤ កក្កដា) នេះថា ការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) កំពុងធ្វើការស៊ើបអង្កើតលើ «ការប៉ុនប៉ងលួចធ្វើឃាត» ប្រឆាំងនឹងអតីតប្រធានាធិបតីអាមេរិក លោក Donald Trump នៅឯការជួបជុំមួយក្នុងរដ្ឋ ផិនស៊ីលវេនៀ (Pennsylvania) កាលពីថ្ងៃសៅរ៍ (១៣ កក្កដា)។

លោក ខេវិន រ៉ូជេក (Kevin Rojek) ភ្នាក់ងារពិសេសទទួលបន្ទុកការិយាល័យ FBI នៅក្រុង ភីតស៍ប៊ឺក (Pittsburgh) បាននិយាយថា FBI បានកំណត់អត្តសញ្ញាណអ្នកបាញ់ប្រហារនោះថាឈ្មោះ ថូម៉ាស ម៉ាធូ ឃ្រុកស៍ (Thomas Matthew Crooks) ភេទប្រុស វ័យ ២០ ឆ្នាំ ហើយថាហេតុផលនៅពីក្រោយការបាញ់ប្រហារដែលបណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និងពីរនាក់ទៀតរងរបួសនោះ មិនទាន់ដឹងថាជាអ្វីនៅឡើយទេ។

លោក Rojek បាននិយាយថា «ការប៉ុនប៉ងធ្វើឃាតប្រឆាំងនឹងអតីតប្រធានាធិបតីរបស់យើង គឺលោក Donald Trump បានកើតឡើង ហើយករណីនោះកំពុងស្ថិតក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់បំផុត»។ មន្ត្រី FBI បាននិយាយថា មិនមានការគំរាមកំហែងទៀតទេ បន្ទាប់ពីការបាញ់ប្រហារនោះ។

លោក Trump ត្រូវបានគេបាញ់ចំត្រចៀកខាងស្ដាំក្នុងអំឡុងពេលការប្រមូលផ្តុំយុទ្ធនាការកាលពីថ្ងៃសៅរ៍ (១៣ កក្កដា)។ លោក ចច ប៊ីវិនស៍ (George Bivens) ស្នងការរងនៃប្រតិបត្តិការនគរបាលរដ្ឋ Pennsylvania បាននិយាយថា អ្នកបាញ់ប្រហារបានស្លាប់ អ្នកចូលរួមម្នាក់ត្រូវបានសម្លាប់ និងពីរនាក់ផ្សេងទៀតបានរងរបួស៕


Comments

Leave a Reply

Your email address will not be published. Required fields are marked *