ភ្នំពេញ៖ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជាមានព្រះរាជបន្ទូលថា ការចុះតំបន់ប្រាសាទសំបូរទៅ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកបានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា បើកនូវទំព័រ ប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលពិភពលោកព្រមទទួលស្គាល់សម្បត្តិវប្បធម៌ ប្រវត្តិសាស្ត្រ ជាកេរដំណែលដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរ បន្សល់ទុកសម្រាប់ មនុស្សជាតិជំនាន់ក្រោយដើម្បីថែរក្សាបន្ត ។
ព្រះរាជសារ អបអរសាទរខួបជាប្រវត្តិសាស្ត្រ៨ឆ្នាំនៃការចុះបញ្ជីតំបន់ប្រាសាទ សំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោក៨កក្កដាព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ បានគូសរំលេចថា ទូលព្រះបង្គំខ្ញុំ ព្រះករុណាខ្ញុំ សូមកោតសរសើរដ៏ស្មោះចំពោះការចុះបញ្ជីតំបន់ប្រាសាទសំបូរ ព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោក ។ ជាសម្បត្តិវប្បធម៌ជាតិ ផងនិងជាបេតិកភណ្ឌពិភពលោកផង ។ការចុះបញ្ជីនេះជួយថែរក្សានិងអភិរក្ស ប្រាសាទសំបូរព្រៃគុក ឱ្យបានស្ថិតស្ថេរគង់វង្សនិងប្រកបដោយចីរភាព នៅលើទឹក ដីនៃព្រះរាជាណាចក្រកម្ពុជា ។ការចុះបញ្ជីនេះបានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា បើកនូវទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលពិភពលោកព្រមទទួលស្គាល់សម្បត្តិវប្បធម៌ ប្រវត្តិសាស្ត្រ ជាកេរដំណែលដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរ បន្សល់ទុកសម្រាប់ មនុស្សជាតិជំនាន់ក្រោយដើម្បីថែរក្សាបន្ត ។
ព្រះករុណាព្រះមហាក្សត្របានបន្តថា “ទូលព្រះបង្គំខ្ញុំ ព្រះករុណាខ្ញុំ សូមសម្តែង នូវកតញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់បំផុត ចំពោះ ព្រះរាជតម្រិះ ព្រះករុណា ” ព្រះបរមរតនកោដ្ឋ ” ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានយកព្រះទ័យ ទុកដាក់ជានិច្ច កាលក្នុងការថែរក្សាសម្បត្តិវប្បធម៌ជាតិក្នុងមួយព្រះជន្មព្រះអង្គ ។
ទូលព្រះបង្គំខ្ញុំ ព្រះករុណាខ្ញុំ សូមកោតសរសើរ និងអរគុណដ៏ជ្រាលជ្រៅចំពោះ ប្រជាជាតិកម្ពុជា ទាំងមូល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឆ្នើម ឈ្លាសវៃ និងប៉ិនប្រសប់ របស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ និងបន្តមកបច្ចុប្បន្ន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ រាជរដ្ឋាភិបាល “។
សូមជម្រាបថា នៅក្នុងកិច្ចប្រជុំកំពូលលើកទី៤១ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដែលប្រព្រឹត្តទៅពីថ្ងៃទី០២-១២ខែកក្កដា ឆ្នាំ២០១៧ ដែលមាន១៩៣ប្រទេសជាសមាជិក និង២១ប្រទេសជាគណៈកម្មាធិការអចិន្ត្រៃយ៍បានសម្រេចអនុម័តបញ្ចូល «តំបន់ប្រាសាទសំបូរព្រៃគុក» ជាសម្បត្តិបេតិកភណ្ឌពិភពលោក នាវេលាម៉ោង៩:៣៧នាទី (ម៉ោងនៅប្រទេសកម្ពុជា)យប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុងក្រាកូ(Cracovie) ប្រទេសប៉ូឡូញ៕
Leave a Reply