លោក ត្រាំ ថា អាមេរិកនឹងបញ្ជូនប្រព័ន្ធការពារមីស៊ីលដល់អ៊ុយក្រែន ទុកទប់រុស្ស៊ី

វ៉ាស៊ីនតោន ៖ មេដឹកនាំអាមេរិកនិយាយថា លោកនឹងបញ្ជូនប្រព័ន្ធការពារដែនអាកាសប៉ាទ្រីយ៉ូតទៅជួយការពារផ្ទៃប្រទេសអ៊ុយក្រែន ពីការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៊ី ខណៈដែលលោកប្រធានាធិបតី ពូទីន នៅតែចចេសរឹងរូសមិនព្រមបិទបញ្ចប់ការឈ្លានពានទឹកដីអ៊ុយក្រែន។

ប៉ាទ្រីយ៉ូត គឺជាប្រព័ន្ធខែលប្រឆាំងមីស៊ីលដែលបាញ់ចេញពីផ្ទៃដីទៅអាកាស។ វាមានបំពាក់ដោយប្រព័ន្ធរ៉ាដា ស្ថានីយគ្រប់គ្រង ម៉ាស៊ីនភ្លើង ស្ថានីយបាញ់ និងយានគាំទ្រមួយចំនួនទៀត ហើយប្រព័ន្ធអាវុធនេះ មានសមត្ថភាពផ្សេងគ្នាៗ អាស្រ័យទៅលើប្រភេទនៃមីស៊ីលស្ទាក់ចាប់ដែលត្រូវបានប្រើ។

ជាក់ស្តែង មីស៊ីលស្ទាក់ចាប់ PAC-2 បាញ់បានចម្ងាយលើស ១០០គីឡូម៉ែត្រ និងមីស៊ីលស្ទាក់ចាប់ PAC-3 បាញ់បានចម្ងាយអតិបរមា ៦៩គីឡូម៉ែត្រ។ បើតាមមជ្ឈមណ្ឌលសម្រាប់យុទ្ធសាស្ត្រ និងការសិក្សាអន្តរជាតិ (CSIS) ប្រព័ន្ធប៉ាទ្រីយ៉ូត មានតម្លៃជាង ១ពាន់លានដុល្លារ ក្នុងនោះ ៤០០លានដុល្លារសម្រាប់ប្រព័ន្ធ និង៦៩០លានដុល្លារសម្រាប់មីស៊ីល ដោយក្នុងមួយគ្រាប់មានតម្លៃជាង ៤លានដុល្លារ។

លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯមូលដ្ឋានទ័ព Andrews ខាងក្រៅទីក្រុងវ៉ាស៊ីនតោនថា យើងនឹងបញ្ជូនប្រព័ន្ធការពារដែនអាកាស ដែលអ៊ុយក្រែនកំពុងត្រូវការខ្លាំង ពីព្រោះលោកប្រធានាធិបតី ពូទីន ពិតជាធ្វើឱ្យមនុស្សជាច្រើនភ្ញាក់ផ្អើល។

លោកថា លោក ពូទីន បាននិយាយល្អនៅពេលព្រឹក ហើយបន្ទាប់មកគាត់បញ្ជាឱ្យទម្លាក់គ្រាប់បែកលើមនុស្សគ្រប់គ្នានៅពេលល្ងាច។ ខ្ញុំមិនចូលចិត្តទេ ដូច្នេះដំបូង យើងនឹងបញ្ជូនឱ្យពួកគេនូវសម្ភារៈយោធាទំនើបៗជាច្រើន។ ពួកគេនឹងបង់ប្រាក់ឱ្យយើង ១០០ភាគរយ ហើយនោះជារបៀបដែលយើងចង់បាន»។

យ៉ាងណា លោកប្រធានាធិបតី ត្រាំ មិនបានបញ្ជាក់អំពីចំនួនប្រព័ន្ធការពារមីស៊ីលប៉ាទ្រីយ៉ូត ដែលគ្រោងបញ្ជូនទៅអ៊ុយក្រែននោះទេ ប៉ុន្តែបាននិយាយថា អ៊ុយក្រែននឹងទទួលបានមួយចំនួន ដោយសារតែពួកគេត្រូវការការពារដែនអាកាសខ្លាំង។

ការអត្ថាធិប្បាយរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងបន្ទាប់ពីមេដឹកនាំអាមេរិករូបនេះបានអះអាងកាលពីសប្តាហ៍មុនថា រដ្ឋបាលរបស់លោកបានសម្រេចចិត្តលក់អាវុធទៅឱ្យសម្ព័ន្ធមិត្តណាតូនៅអឺរ៉ុប ដើម្បីឱ្យពួកគេបញ្ជូនបន្តទៅកាន់អ៊ុយក្រែន៕