ព្យុងយ៉ាង៖ កូរ៉េខាងជើងបានផ្គត់ផ្គង់ដល់រុស្ស៊ីយ៉ាងជាប់លាប់នូវគ្រាប់កាំភ្លើងធំទំហំ ១៥២មីល្លីម៉ែត្រជាង ១២លានគ្រាប់ ដើម្បីជួយទីក្រុងមូស្គូក្នុងសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែន នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Yonhap កាលពីថ្ងៃអាទិត្យ ដោយដកស្រង់ប្រភពពីចារកម្មយោធាកូរ៉េខាងត្បូង។
របាយការណ៍ពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ការពារជាតិកូរ៉េខាងត្បូង ហៅកាត់ (DIA) ដែលចែករំលែកជាមួយសមាជិកសភាមកពីគណបក្សប្រឆាំងដ៏សំខាន់មួយ បានឱ្យដឹងថា កូរ៉េខាងជើងត្រូវបានគេប៉ាន់ប្រមាណថា បានបញ្ជូនទូរកុងតឺន័រចំនួន ២៨.០០០កុងតឺន័រ ផ្ទុកដោយសព្វាវុធ និងគ្រាប់កាំភ្លើងធំទៅឱ្យរុស្ស៊ី។
ទីភ្នាក់ងារ DIA ដែលស្ថិតក្រោមក្រសួងការពារជាតិកូរ៉េខាងត្បូងនេះ បន្ថែមថា បើសិនគណនាតែសំបកគ្រាប់កាំភ្លើងធំទំហំ ១៥២មីលីម៉ែត្រ គេជឿជាក់ថា មានចំនួនដល់ទៅជាង ១២លានគ្រាប់។
រីឯកាលពីចុងខែមិថុនា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូង បានអះអាងថា កូរ៉េខាងជើងទំនងជានឹងបញ្ជូនទាហានបន្ថែមទៀតទៅកាន់ប្រទេសរុស្ស៊ីក្នុងរយៈពេលពីរខែខាងមុខទៀត។
កូរ៉េខាងជើងបានពង្រាយពលទាហានរាប់ពាន់នាក់ ដើម្បីជួយច្បាំងរុស្ស៊ីក្នុងសង្គ្រាមប្រឆាំងអ៊ុយក្រែន បន្ទាប់ពីការចុះហត្ថលេខាលើសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រដោយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នៅទីក្រុងព្យុងយ៉ាង ក្នុងខែមិថុនា ឆ្នាំ ២០២៤។
បើតាមការបញ្ជាក់របស់លោកប្រធានសន្តិសុខរុស្ស៊ី Shoigu កូរ៉េខាងជើងនឹងបញ្ជូនពលទាហានចំនួន ៦.០០០នាក់ទៅរុស្ស៊ី រួមទាំងវិស្វករប្រយុទ្ធ ១.០០០ នាក់ និងអ្នកសាងសង់យោធា ៥.០០នាក់ ក្នុងគោលបំណងជួយបោសសម្អាតគ្រាប់មីន និងកិច្ចខិតខំប្រឹងប្រែងកសាងតំបន់ Kursk ជាប់ព្រំដែនអ៊ុយក្រែនឡើងវិញ។
ដោយឡែកកាលពីខែមេសា ទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូងក៏បានអះអាងដែរថា កូរ៉េខាងជើងប្រហែលជាមានពលទាហានស្លាប់ និងរបួសចំនួន ៤.៧០០នាក់ នៅពេលជួយរុស្ស៊ីប្រយុទ្ធជាមួយកងកម្លាំងអ៊ុយក្រែន ក្នុងនោះអ្នកស្លាប់ចំនួន ៦០០នាក់ ដែលត្រូវបានគេរាយការណ៍៕
ប្រភព ៖ AA
Leave a Reply