អាមេរិក ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក បានប្រកាសស្វាគមន៍ កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ ហៅកាត់ GBC រវាងកម្ពុជា-ថៃ កាលពីថ្ងៃទី៧ ខែសីហា នៅទីក្រុង គូឡា ឡាំពួ ដោយចាត់ទុកថា « ជាជំហានដ៏សំខាន់ឆ្ពោះទៅមុខ ដើម្បីពង្រឹងការអនុវត្តបទឈប់បាញ់ និង ការបង្កើតយន្តការសង្កេតការណ៍ អាស៊ាន»។
យោងតាមសេចក្តីថ្លែងការណ៍ របស់លោករដ្ឋមន្ត្រី Marco Rubio ចេញផ្សាយដោយ ក្រសួងការបរទេសអាមេរិក បានរៀបរាប់ទៀតថា «លោកប្រធានាធិបតី Trump និងខ្ញុំ រំពឹងថា រដ្ឋាភិបាលកម្ពុជា និង ថៃ នឹងគោរពយ៉ាងពេញលេញ នូវការប្តេជ្ញាចិត្ត របស់ប្រទេសទាំងពីរ ក្នុងការបញ្ចប់ជម្លោះនេះ។ យើងនៅតែដឹងគុណ ចំពោះនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម សម្រាប់ការដឹកនាំរបស់លោក និង សម្រាប់ការធ្វើជាម្ចាស់ផ្ទះ នៃដំណើរការបទឈប់បាញ់ ដែលជាលទ្ធផលផ្ទាល់ នៃ ឆន្ទៈរបស់លោក ក្នុងការរៀបចំកិច្ចប្រជុំពិសេស ថ្ងៃទី២៨ ខែកក្កដា ជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយជម្លោះ»។
ប្រភពបានបន្តទៀតថា «យើងទន្ទឹងរង់ចាំការគាំទ្រ ដល់ប្រទេសម៉ាឡេស៊ី, អាស៊ាន និងប្រទេសទាំងពីរ នៅពេលដែលដំណើរការនេះ កាន់តែវិវឌ្ឍន៍ទៅមុខ»៕
ប្រភព ៖ ក្រសួងការបរទេសអាមេរិក
Leave a Reply