បាងកក ៖ ប្រទេសថៃ បានកើតមាន ការរញ្ជួយដី ជាថ្មីទៀត នៅថ្ងៃសៅរ៍ ទី៣០ ខែសីហា ឆ្នាំ២០២៥នេះ ពោលគឺបន្ទាប់ពីមានការរញ្ជួយ នៅភាគខាងជើង កាលពី ៣ថ្ងៃមុន។
នាយកដ្ឋាន តាមដានរញ្ជួយដី បានរៀបរាប់ថា ការរញ្ជួយដីតូចមួយ បានវាយប្រហារ នៅស្រុក Wang Nuea ខេត្ត Lampang នៅម៉ោង ៨៖៣៨ព្រឹក ថ្ងៃនេះ ដែលមានកម្រិត ២.៦ រ៉ិចទ័រ ក្នុងជម្រៅ ៣ គីឡូម៉ែត្រ តែ មិនមានរបាយការណ៍ អំពីការខូចខាត ទេ។
នាយកដ្ឋាននេះ បាននិយាយថា រហូតមកដល់ពេល នៃការរាយការណ៍នេះ មិនទាន់មានរបាយការណ៍អំពីការខូចខាតទ្រព្យសម្បត្តិ ឬ របួសមនុស្ស នៅឡើយទេ។
គួរឲ្យដឹងដែរថា ថៃ បានកើតមានការញ្ជួយដី ជាញឹកញាប់ នៅឆ្នាំ២០២៥នេះ ក្នុងនោះ កាលពីខែមីនា មានការរញ្ជួយ បាក់ស្រុតអគារ ស្លាប់មនុស្ស ៥០នាក់ នៅទីក្រុង បាងកក។ បន្តរហូត មកដល់ខែមេសា, ខែកក្កដា និង ខែសីហានេះ ក៏ កើតមានរញ្ជួយដី បន្តបន្ទាប់ទៀត ប៉ុន្តែ ស្ថិតក្នុងកម្រិតស្រាលៗ។
ជាក់ស្តែង ការរញ្ជួយដី កម្រិតស្រាល ចំនួនពីរលើក ក៏ទើបបានវាយប្រហារ ផ្ទួនៗ នៅក្នុងខេត្ត នាភាគខាងជើង ប្រទេសថៃ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ផងដែរ៕
ប្រភព The Nation, AFP
Leave a Reply