អាមេរិក លក់មីស៊ីលចម្ងាយឆ្ងាយ ៣,៣៥០គ្រាប់ ឲ្យអ៊ុយក្រែន

វ៉ាស៊ីងតោន ៖ រដ្ឋបាលរបស់លោក Trump បានយល់ព្រមលក់មីស៊ីល រយៈចម្ងាយឆ្ងាយ ERAM ចំនួន ៣,៣៥០គ្រាប់ ឲ្យទៅប្រទេសអ៊ុយក្រែន។

ទីភ្នាក់ងារព័ត៌មាន CNN បានចុះផ្សាយថា ការលក់ក្នុងតម្លៃ ៨២៥លានដុល្លារ ត្រូវបានសមស្រេច កាលពីថ្ងៃទី២៨ ខែសីហា ហើយ បានកើតមានឡើង នៅមួយថ្ងៃ បន្ទាប់ពីរុស្ស៊ីបានបើកការវាយប្រហារ ដ៏សាហាវពេញមួយយប់ លើរដ្ឋធានី កៀវ របស់ប្រទេសអ៊ុយក្រែន ហើយក៏ចំពេលដែល កិច្ចខិតខំប្រឹងប្រែងការទូត ប៉ុនប៉ងបញ្ចប់សង្គ្រាម មិនទាន់ទទួលបានលទ្ធផល បើទោះបីជា លោកប្រធានាធីបតី Donald Trump បានជួបទាំង លោក Putin និង លោក Zelensky ដាច់ដោយឡែកពីគ្នា លើទឹកដីអាមេរិក នៅក្នុងខែសីហានេះ រួចរាល់ក៏ដោយ។

ប្រភពដែលបានដឹង ពីរឿងនេះ បាននិយាយថា នេះគឺជាការលក់អាវុធដ៏ធំដំបូងបំផុតដល់អ៊ុយក្រែន ដែលត្រូវប្រកាសដោយរដ្ឋបាល របស់លោក Trump។ ប្រសិនបើជាការលក់ ត្រូវដំណើរការតាមការរំពឹងទុក នោះ ប្រភេទកាំជ្រួច ដែលអាចបាញ់បានចម្ងាយ ជាង៤៥០គីឡូម៉ែត្រ ទាំងនេះ គ្រោងនឹងត្រូវបញ្ជូន ទៅដល់អ៊ុយក្រែន នៅចុងឆ្នាំនេះ។

ក្រសួងការបរទេសអាមេរិក បានអះអាងថា អ៊ុយក្រែននឹងប្រើប្រាស់មូលនិធិ ពីប្រទេសដាណឺម៉ាក ហូឡង់ និងន័រវេស និងហិរញ្ញប្បទានយោធាបរទេស ពីសហរដ្ឋអាមេរិក សម្រាប់ការទិញមីស៊ីល ERAM ទាំងនេះ។

ប្រភពបានបញ្ជាក់ដែរថា ការលក់អាវុធនេះ នឹងគាំទ្រដល់គោលនយោបាយការបរទេស និងគោលដៅសន្តិសុខជាតិ របស់សហរដ្ឋអាមេរិក តាមរយៈការធ្វើឱ្យប្រសើរឡើង នូវសន្តិសុខ នៃប្រទេសដៃគូ ដែលជាកម្លាំងសម្រាប់ស្ថិរភាពនយោបាយ និង វឌ្ឍនភាពសេដ្ឋកិច្ច នៅអឺរ៉ុប៕

ប្រភព CNN


Comments

Leave a Reply

Your email address will not be published. Required fields are marked *