សាណា ៖ អ៊ីស្រាអែលបានវាយប្រហារតាមអាកាស សម្លាប់នាយករដ្ឋមន្ត្រី របស់ក្រុមសកម្មប្រយុទ្ធហ៊ូធី នៅក្នុងប្រទេសយេម៉ែន។
ក្រុមឧទ្ទាម ដែលគាំទ្រដោយអ៊ីរ៉ង់ មួយនេះ បានប្រកាសថា នាយករដ្ឋមន្ត្រី Ahmed al-Rahawi ត្រូវបានសម្លាប់ រួមជាមួយនឹងមន្ត្រីផ្សេងៗទៀត កាលពីដើមសប្តាហ៍នេះ។
ភ្លាមៗ លោក Mahdi al-Mashat មេដឹកនាំនយោបាយក្រុមឧទ្ទាម Huthi បានប្តេជ្ញាសងសឹកចំពោះការស្លាប់ របស់នាយករដ្ឋមន្រ្តី Ahmed al-Rahawi ដែលទើបត្រូវបានតែងតាំង កាលពីឆ្នាំមុន។
លោកគឺជាមន្ត្រីជាន់ខ្ពស់បំផុត ដែលគេដឹងថា ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារ ជាបន្តបន្ទាប់ របស់អ៊ីស្រាអែល អំឡុងពេលសង្រ្គាម នៅហ្គាហ្សា។
ជុំវិញការសម្លាប់នេះ ត្រូវបានអ៊ីស្រាអែលអះអាងថា ជាការកំចាត់ពួកភេរវករ។ ជាការកត់សម្គាល់ យោធាអ៊ីស្រាអែលបានវាយប្រហារ នៅក្នុងរដ្ឋធានី សាណា ដែលកាន់កាប់ ដោយក្រុម Huthis កាលពីថ្ងៃព្រហស្បតិ៍។
ពួក Huthis ដែលទាមទារសាមគ្គីភាព ជាមួយប៉ាឡេស្ទីន បានបាញ់មីស៊ីល និងយន្តហោះគ្មានមនុស្សបើក ជាញឹកញាប់ នៅអ៊ីស្រាអែល ក្នុងអំឡុងពេលសង្រ្គាម នៅតំបន់ Gaza។
ពួក Huthi ក៏បានកំណត់គោលដៅ វាយប្រហារលើការដឹកជញ្ជូន នៅក្នុងសមុទ្រក្រហម និងឈូងសមុទ្រ Aden ដែលពួកគេអះអាងថា មានទំនាក់ទំនងនឹងអ៊ីស្រាអែល ក្នុងអំឡុងសង្រ្គាម Gaza។
ក្រុមឧទ្ទាមគ្រប់គ្រងផ្នែកធំ នៃ ប្រទេសយេម៉ែន ដែលត្រូវបានដណ្តើម ដោយសង្រ្គាម ចាប់តាំងពីឆ្នាំ ២០១៤ ហើយ ជាផ្នែកមួយនៃសម្ព័ន្ធភាពរបស់អ៊ីរ៉ង់ ប្រឆាំងនឹងអ៊ីស្រាអែល រួមជាមួយនឹងក្រុមសកម្មប្រយុទ្ធ ផ្សេងៗទៀត នៅទូទាំងតំបន់មជ្ឈឹមបូព៌ា៕
ប្រភពពី AFP
Leave a Reply