ប៉េកាំង ៖ លោក គីម ជុងអ៊ុន ប្រាប់លោក វ្ល៉ាឌីមៀ ពូទីន ថា កូរ៉េខាងជើង និងរុស្ស៊ី គួរតែពង្រឹងកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែរឹងមាំ បន្ថែមទៀត។
មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានប្រាប់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ថា ប្រទេសទាំងពីរ “គួរតែខិតខំប្រឹងប្រែង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរបស់យើង” នៅពេលដែលពួកលោកបានជួបប្រជុំគ្នា នៅទីក្រុងប៉េកាំង កាលពីថ្ងៃទី៣ ខែកញ្ញា។
លោក គីម បានថ្លែងប្រាប់លោក ពូទីន ថា លោកនឹងធ្វើអ្វីគ្រប់បែបយ៉ាង ដែលលោកអាចធ្វើបាន ដើម្បីជួយរុស្ស៊ី ក្នុងសង្រ្គាមអ៊ុយក្រែន។
កូរ៉េខាងជើងបានក្លាយជាសម្ព័ន្ធមិត្តដ៏សំខាន់មួយ របស់រុស្ស៊ី ចាប់តាំងពីទីក្រុងមូស្គូបានឈ្លានពានអ៊ុយក្រែន កាលពីជាងបីឆ្នាំមុន ដោយបានបញ្ជូនទាហាន និងសព្វាវុធជាច្រើន ដើម្បីជួយដល់រុស្ស៊ី តទល់នឹងកងកម្លាំងអ៊ុយក្រែន។
អំឡុងជំនួបនេះ លោកប្រធានាធិបតី ពូទីន ក៏បានអរគុណលោក គីម ចំពោះទាហានកូរ៉េខាងជើង ចូលរួមជួយធ្វើសង្ក្រាម ដោយមេដឹកនាំរុស្ស៊ី រូបនេះ ចាត់ទុក កងទ័ពរបស់កូរ៉េខាងជើង បានប្រយុទ្ធយ៉ាងអង់អាចក្លាហាន ជាទីបំផុត និងសាកសមជាវីរៈបុរស។
គួរបញ្ជាក់ថា រុស្ស៊ី និងកូរ៉េខាងជើង កាលពីឆ្នាំមុន បានឯកភាពគ្នា លើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយ ដែលមានកាតព្វកិច្ច ឲ្យភាគីនីមួយៗ ក្នុងការផ្តល់ “ផ្នែកយោធា និងជំនួយផ្សេងទៀត” ប្រសិនបើពួកគេទាំងពីរ ត្រូវបានវាយប្រហារ ពីភាគីណាមួយ៕
ប្រភពពី AFP
Leave a Reply