វេណេស៊ុយអេឡាចោទអាមេរិក សម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ ១១ករណី

ការ៉ាកាស ៖ រដ្ឋមន្ត្រីមហាផ្ទៃ ប្រទេសវេណេស៊ុយអេឡា កាលពីថ្ងៃទី៣ ខែកញ្ញា ចោទប្រកាន់សហរដ្ឋអាមេរិក ពីបទឃាតកម្មក្រៅប្រព័ន្ធតុលាការ ចំនួន១១ករណី។ ជាការរិះគន់ នៅ១ថ្ងៃ ក្រោយពេលដែលទាហានអាមេរិក ផ្តើមវាយប្រហារក្រុមសង្ស័យជួញដូរគ្រឿងញៀន មានប្រភពចេញពីប្រទេស ដែលស្ថិតក្នុងតំបន់អាមេរិកខាងត្បូង មួយនេះ។

លោក Diosdado Cabello រដ្ឋមន្ត្រីមហាផ្ទៃ វេណេហ្ស៊ុយអេឡា បានចោទប្រកាន់សហរដ្ឋអាមេរិកចំៗបែបនេះ បន្ទាប់ពីកងកម្លាំងអាមេរិក បានវាយប្រហារលើទូកល្បឿនលឿនមួយគ្រឿង ហើយរដ្ឋាភិបាលទីក្រុង វ៉ាស៊ីនតោន អះអាងថា ទូកនេះគឺជាកម្មសិទ្ធិរបស់ក្រុមឧក្រិដ្ឋជន Tren de Aragua ហើយ កំពុងដឹកជញ្ជូនគ្រឿងញៀន ពីប្រទេសវេណេស៊ុយអេឡា។

នៅក្នុងកម្មវិធីទូរទស្សន៍ ប្រចាំសប្តាហ៍
លោក Cabello បាននិយាយថា «ពួកគេបានសម្លាប់មនុស្ស ១១នាក់ ដោយគ្មានដំណើរការត្រឹមត្រូវ ខ្ញុំសួរថា តើនេះអាចធ្វើទៅបាន ដែរ ឬ ទេ?»។

ប្រតិបត្តិការនេះបានកើតឡើង ចំពេលដែលរដ្ឋាភិបាលរបស់លោកដូណាល់ ត្រាំ ចោទចំៗ ថា ប្រធានាធិបតី វេណេស៊ុយអេឡា ជាមេធំ កាងឲ្យក្រុមឧក្រិដ្ឋជន ជួញដូរគ្រឿងញៀន។

អាមេរិកបញ្ជូនទាំងនាវាពិឃាត និង កងកម្លាំងយោធា ជាង៤,០០០នាក់ ទៅកាន់ដែនទឹក ជុំវិញតំបន់អាមេរិកឡាទីន និង ការ៉ាបៀន នាំឲ្យលោក Nicolas Maduro មេដឹកនាំប្រទេសវេណេស៊ុយអេឡា ខឹងសម្បារជាខ្លាំង និង ត្រៀមកម្លាំង ប្រយុទ្ធជាមួយអាមេរិក៕

ប្រភពពី AFP