លោក ពូទីន ប្តេជ្ញាបន្តប្រយុទ្ធនៅអ៊ុយក្រែន បើសិនគ្មានកិច្ចព្រមព្រៀងសន្តិភាព

ប៉េកាំង ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃពុធថា ប្រទេសរបស់លោកនឹងបន្តការប្រយុទ្ធគ្នានៅអ៊ុយក្រែន បើសិនកិច្ចព្រមព្រៀងសន្តិភាពមិនអាចសម្រេចបាន ខណៈដែលលោកបានបញ្ចប់ដំណើរទស្សនកិច្ចក្នុងប្រទេសចិន។

លោកប្រធានាធិបតី ពូទីន បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងប៉េកាំងថា គាត់បានអញ្ជើញលោក ហ្សេលេនស្គី ឱ្យមកទីក្រុងមូស្គូបើសិនគាត់ចង់ជួបលោកផ្ទាល់។

ប្រមុខវិមានក្រឹមឡាំងរូបនេះបន្តថា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានសួរខ្ញុំសម្រាប់កិច្ចប្រជុំបែបនេះ ខ្ញុំបាននិយាយថា បាទ វាអាចទៅរួច និង អនុញ្ញាតឱ្យលោក ហ្សេលេនស្គី មកទីក្រុងមូស្គូ។

ប្រភពមួយបានប្រាប់សារព័ត៌មាន AFP កាលពីខែសីហាថា មេដឹកនាំអ៊ុយក្រែន លោក ហ្សេលេនស្គី បានបដិសេធគំនិតផ្តួចផ្តើម ដើម្បីធ្វើកិច្ចចរចានៅទីក្រុងមូស្គូ។

ទោះបីជាយ៉ាងណា លោកប្រធានាធិបតី ពូទីន និយាយថា រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេច ក្នុងការបញ្ជូនគណៈប្រតិភូជាន់ខ្ពស់បន្ថែមទៀតទៅចូលរួមការចរចាសន្តិភាពជាមួយអ៊ុយក្រែន។

វឌ្ឍនភាពឆ្ពោះទៅរកការដោះស្រាយសង្រ្គាមរយៈពេល 3 ឆ្នាំកន្លះ ហាក់ដូចជាបានជាប់គាំង បើទោះបីជាមានកិច្ចខិតខំប្រឹងប្រែងការទូតដ៏ច្របូកច្របល់ពីប្រធានាធិបតីអាមេរិក Donald Trump ដែលបានជួបសមភាគីរុស្ស៊ី និងអ៊ុយក្រែនកាលពីខែមុនក៏ដោយ។

ប្រភព ៖ AFP