អូស្ត្រាលីចេញលុយនាំជនចំណាកស្រុកទៅនៅលើកោះណូរូ

កង់បេរ៉ា ៖ ប្រទេស អូស្ត្រាលី នឹងបង់ប្រាក់ ចំនួន ១.៦ពាន់លានដុល្លារ ឲ្យទៅប្រទេសជាកោះ ណូរូ (Nauru) សម្រាប់ចាត់ចែង រៀបចំការតាំងទី លំនៅថ្មី ដល់ក្រុមជនចំណាកស្រុក អាចរស់នៅបាន។

ក្រុមមន្ត្រីបាននិយាយថា ប្រទេសអូស្ត្រាលី នឹងបង់ប្រាក់ ដល់ប្រទេសប៉ាស៊ីហ្វិក ដ៏តូចមួយនេះ ក្នុងរយៈពេល ៣ទសវត្សរ៍ ដើម្បីបញ្ជូនជនអន្តោប្រវេសន៍ រាប់រយនាក់ ទៅកាន់កោះ ដ៏ស្ងួត មួយនេះ ក្រោមកិច្ចព្រមព្រៀងថ្មី សម្ងាត់មួយ។

រដ្ឋាភិបាលទាំងពីរបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងសម្ងាត់មួយ កាលពីសប្តាហ៍មុន ក្នុងនោះ ប្រទេស ណូរូ (Nauru) នឹងរៀបចំទីលំនៅថ្មី សម្រាប់ជនចំណាកស្រុក រហូតដល់៣៥៤នាក់ ដែលមិនមានសិទ្ធិស្របច្បាប់ ក្នុងការស្នាក់នៅ ប្រទេសអូស្ត្រាលី ជាថ្នូរនឹងការបង់ប្រាក់ ដំបូង ចំនួន២៦៧ លានដុល្លារអាមេរិក ហើយ នឹងមានការបង់ ជាប្រចាំឆ្នាំ។

នៅក្នុងសវនាការសភា កាលពីយប់ថ្ងៃពុធ ទី៣ ខែកញ្ញា មន្ត្រីកិច្ចការផ្ទៃក្នុង បានអះអាងថា ការទូទាត់ប្រចាំឆ្នាំ អាចបន្ត រយៈពេល៣០ឆ្នាំ ជាហេតុនាំឱ្យអូស្ត្រាលី ត្រូវចំណាយ ១.៦ ពាន់លានដុល្លារ។ វាជាលើកទីមួយហើយ ដែលព័ត៌មានលម្អិតផ្នែកហិរញ្ញវត្ថុ នៃកិច្ចព្រមព្រៀង បែបនេះ ត្រូវបានផ្សព្វផ្សាយ។

គួរបញ្ជាក់ថា ប្រទេស ជាកោះ ណូរូ (Nauru) ដែលមានប្រជាជន ចំនួន១២,៥០០នាក់ គឺជាប្រទេសតូចបំផុតមួយ របស់ពិភពលោក ដែលមានដីគោក ត្រឹមតែប្រមាណ ២០ គីឡូម៉ែត្រការ៉េ។

អូស្ត្រាលីក៏នឹងបង់ថ្លៃសេវា ១ពាន់ដុល្លារអាមេរិក សម្រាប់ ទិដ្ឋាការ នីមួយៗ ផងដែរ។ រដ្ឋាភិបាលទីក្រុងកង់បេរ៉ា បានព្យាយាមរកវិធីដោះស្រាយ បញ្ហាជនអន្តោប្រវេសន៍ដែលគ្មានប្រទេសណាត្រូវទៅ ខណៈដែលទិដ្ឋាការរបស់ពួកគេ ត្រូវបានលុបចោល៕

ប្រភពពី AFP