ក្រឡាប់ឡានខ្សែកាបនៅព័រទុយហ្កាល់ ផ្តាច់ជីវិតមនុស្ស ១៥នាក់ និង ១៨នាក់របួស

លីសបោន ​៖ អ្នកនាំពាក្យសេវាវេជ្ជសាស្រ្តសង្គ្រោះបន្ទាន់បានប្រាប់អ្នកយកព័ត៌មានថា យ៉ាងហោចណាស់មនុស្ស ១៥ នាក់បានស្លាប់ និង ១៨ នាក់ផ្សេងទៀតរងរបួស កាលពីថ្ងៃពុធ នៅពេលដែលឡានខ្សែកាបដ៏ល្បីល្បាញ Gloria funicular របស់ទីក្រុង Lisbon បានក្រឡាប់ និងធ្លាក់ចូលទៅក្នុងអគារមួយ។

មូលហេតុនៅពីក្រោយសោកនាដកម្មនេះ ត្រូវបានសាក្សីប្រាប់ឱ្យដឹងថា ឡានខ្សែកាបនេះបានបើកហួសល្បឿនកំណត់ នៅពេលចុះផ្លូវចោត ក្រោយមកបានក្រឡាប់លើបុរសម្នាក់នៅតាមចិញ្ចើមផ្លូវតែម្តង។ យ៉ាងណាមិញ ក្រុមហ៊ុន Carris ដែលជាប្រតិបត្តិករបានសន្យាថា នឹងសហការពេញលេញក្នុងការស៊ើបអង្កេត។

ទន្ទឹមគ្នា ប្រធានាធិបតីព័រទុយហ្គាល់ លោក Marcelo Rebelo de Sousa និងអភិបាលក្រុង លោក Carlos Moedas បានចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅជាមួយក្រុមគ្រួសារជនរងគ្រោះ ដោយប្រទេសព័រទុយហ្គាល់បានប្រកាសថ្ងៃកាន់ទុក្ខជាតិផងដែរ។

ឡានខ្សែកាប គឺជាយានជំនិះប្រភេទដឹកជញ្ជូនសាធារណៈដែលរត់លើផ្លូវដែកដែលបានសាងសង់នៅតាមផ្លូវ។ វាត្រូវបានបំពាក់ដោយអគ្គិសនី និងផ្លាស់ទីតាមបណ្តោយផ្លូវថេរ ក្នុងផ្លូវចន្លោះរថយន្ត និងយានជំនិះផ្សេងទៀត។
សេវាកម្មឡានខ្សែកាប Gloria funicular បានដំណើរការតាំងពីឆ្នាំ១៨៨៥មកម្លេះ ហើយបានទាក់ទាញអ្នកទេសចរ និងការដឹកជញ្ជូនក្នុងស្រុក ដោយវាបានដឹកជញ្ជូនមនុស្សប្រហែល ៣ លាននាក់ក្នុងមួយឆ្នាំៗ៕

ប្រភព ៖ AFP