លោក Phumtham ប្រឈមនឹងភាពវឹកវរផ្លូវច្បាប់យ៉ាងក្ដៅគគុក ជុំវិញសំណើរំលាយសភាថៃ

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ (៤ កញ្ញា) នេះថា ភាពចលាចលផ្នែកនយោបាយបានផ្ទុះឡើង បន្ទាប់ពីនាយករដ្ឋមន្ត្រីចាំផ្ទះរបស់ថៃ លោក Phumtham Wechayachai បានដាក់រាជក្រឹត្យស្វះស្វែងរករាជានុម័តពីអង្គព្រះមហាក្សត្រ ដើម្បីរំលាយសភាតំណាងរាស្រ្តថៃ។

កាលពីថ្ងៃទី៣ ខែកញ្ញា សមាជិកសភានិងសកម្មជននយោបាយ បានដាក់ពាក្យបណ្ដឹងទៅនគរបាលដោយចោទលោក Phumtham ថាប្រមាថមហាក្សត្រ។ ចំណាត់ការនេះបានបង្កឱ្យមានការចោទប្រកាន់ជាបន្តបន្ទាប់ពីបទពុករលួយ និងការប្រព្រឹត្តខុសក្នុងតំណែង ដោយមានការចោទប្រកាន់ជាច្រើនទៀតថា នាយករដ្ឋមន្រ្តីស្ដីទីថៃរូបនេះបានធ្វើហួសពីសិទ្ធិអំណាចរបស់លោក។

លោក Suratin Pichan មកពីបក្សប្រជាធិបតេយ្យថ្មីរបស់ថៃ និងសកម្មជន Thaikorn Polsuwan បានដាក់បណ្ដឹងនេះទៅការិយាល័យស៊ើបអង្កេតកណ្តាលទីក្រុងបាងកក។ ដើមបណ្ដឹងទាំងពីរនេះបានអះអាងថា លោក Phumtham នាយករដ្ឋមន្ត្រីស្តីទី ពុំមានជំហរស្របច្បាប់ក្នុងការស្នើសុំរំលាយសភានោះឡើយ។

ភាពចម្រូងចម្រាសនេះកើតឡើងបន្ទាប់ពីការដកតំណែងលោកស្រី Paetongtarn Shinawatra អតីតនាយករដ្ឋមន្ត្រីនៃបក្សភឿថៃ កាលពីពេលថ្មីៗនេះដោយសារតែបំពានវិន័យធ្ងន់ធ្ងរ។ បញ្ហាផ្លូវច្បាប់នោះក៏បានកើតឡើង ក្រោយលោក Phumtham លាតត្រដាងថា លោកបានចាត់វិធានការរំលាយសភា នៅក្នុងជំហានមួយដែលជំរុញឱ្យមានកំហឹងកាន់តែខ្លាំងឡើងពីបក្សភូមិចៃថៃ ដែលចោទនាយករដ្ឋមន្ត្រីស្តីទីរូបនេះថាធ្វើហួសព្រំដែនផ្លូវច្បាប់របស់លោក៕