ឆ្នាំក្រោយ កូរ៉េខាងត្បូង ផលិតរថភ្លើងលឿនជាងគេបំផុតទី ២ លើលោក

សេអ៊ូល ៖ កូរ៉េខាងត្បូងបានបញ្ចប់ការអភិវឌ្ឍបច្ចេកវិទ្យាស្នូលសម្រាប់រថភ្លើងល្បឿនលឿនជំនាន់ក្រោយបង្អស់ ហើយគ្រោងនឹងចាប់ផ្ដើមផលិតរថភ្លើងប្រភេទនេះនៅឆ្នាំ ២០២៦ ។

បើតាមសារព័ត៌មាន The Korea Times, រថភ្លើងនេះមានឈ្មោះថា EMU-370 មានសមត្ថភាពអាចផ្ទុកអ្នកដំណើរចំនួន ៤៧៩ នាក់ និងរត់ក្នុងល្បឿនប្រហែល ៣៧០ គីឡូម៉ែត្រក្នុងមួយម៉ោង ដែលជាល្បឿនលឿនជាងគេបំផុតលំដាប់ទី ២ នៅលើពិភពលោក ។

ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនកូរ៉េខាងត្បូងនិយាយថា បើមិនមានអ្វីប្រែប្រួលទេនោះ រថភ្លើង EMU-370 នឹងចាប់ដាក់ដំណើរការសាកល្បងនៅឆ្នាំ ២០៣០ ហើយវាអាចនឹងបម្រើក្នុងសេវាពាណិជ្ជកម្មក្រោយឆ្នាំ ២០៣១ ។

ក្រសួងបញ្ជាក់ថា រថភ្លើង EMU-370 បង្កើតឡើងក្រោមកម្មវិធីស្រាវជ្រាវ និងអភិវឌ្ឍន៍ថ្នាក់ជាតិ ដឹកនាំដោយវិទ្យាស្ថានស្រាវជ្រាវផ្លូវដែកកូរ៉េ សហការជាមួយស្ថាប័នរដ្ឋ និងឯកជនចំនួន ៧ ក្រោមទុនវិនិយោគសរុបជាង ១៥ លានដុល្លារ ។

ក្នុងចំណោមទុនជាង ១៥ លានដុល្លារនេះ រដ្ឋាភិបាលកូរ៉េខាងត្បូងបានវិនិយោគ ១២ លានដុល្លារ និងក្រុមហ៊ុនឯកជនវិនិយោគ ៣ លានដុល្លារ ។

ចំណែករថភ្លើងដែលលឿនជាងគេបង្អស់នៅលើពិភពលោកគឺរថភ្លើង CR450 របស់ប្រទេសចិន ។ រថភ្លើងនេះ មានសមត្ថភាពរត់ក្នុងល្បឿនប្រហែល ៤០០ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយគ្រោងនឹងដាក់ដំណើរការនៅឆ្នាំ ២០២៧ ៕

ប្រភព ៖ The Korea times