បន្ទាប់ពីទទួលបានសិទ្ធិពេញសមត្ថភាព ពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ឯកឧត្តម គី តិច ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និង ជាប្រធានមេធាវីរាជរដ្ឋាភិបាល កាលពីរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ បានជួបជាមួយពលរដ្ឋដែលអះអាងថាជាជនរងគ្រោះប្រមាណ២៥០នាក់ ក្នុងសំណុំរឿងក្រុមហ៊ុនប្រ៊ីលាន ស៉ីធីវើល៍ ដើម្បីអនុវត្តន៍នីតិវិធីតាមផ្លូវច្បាប់។

បន្ទាប់ពីទទួលបានសិទ្ធិពេញសមត្ថភាព ពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ឯកឧត្តម គី តិច ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និង ជាប្រធានមេធាវីរាជរដ្ឋាភិបាល កាលពីរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ បានជួបជាមួយពលរដ្ឋដែលអះអាងថាជាជនរងគ្រោះប្រមាណ២៥០នាក់ ក្នុងសំណុំរឿងក្រុមហ៊ុនប្រ៊ីលាន ស៉ីធីវើល៍ ដើម្បីអនុវត្តន៍នីតិវិធីតាមផ្លូវច្បាប់។
ឯកឧត្តម គី តិច ថ្លែងអោយដឹងថា បន្ទាប់ពីទទួលបានការប្រគល់សិទ្ធិពីសម្ដេចធិបតី ហ៊ុន ម៉ាណែត ឯកឧត្តមបាន បានចាត់ចែងក្រុមការងារបន្ទាន់ភ្លាមៗ ដោយដំបូងបានផ្តល់លេខទូរសព្ទ័ទំនាក់ទំនងដល់ពលរដ្ឋដែលរងគ្រោះ ដើម្បីប្រមូលទិន្នន័យពិតប្រាកដ ។ ក្នុងនោះមានពលរដ្ឋជាង ២ពាន់នាក់ដែលបានអះអាងថា កំពុងរងគ្រោះដោយតែសារតែការដាក់លុយវិនិយោគបានការប្រាក់ ការដាក់លុយទិញដី ទិញផ្ទះជាដើម។

ឯកឧត្តមបន្តថា ពលរដ្ឋរងគ្រោះត្រូវបំពេញបែបបទ ផ្តិតមេដៃប្រគល់សិទ្ធិជូនមកក្រុមមេធាវីរាជរដ្ឋាភិបាលដើម្បីក្លាយជាតំណាង និង ការពារក្តីស្របច្បាប់ជូនដល់ពួកគាត់ទៅតាមនីតិវិធីរបស់តុលាការ។ ក្រៅពីនេះ ពលរដ្ឋរងគ្រោះត្រូវដាក់ឯកសារពាក់ពន្ធ័ ដែលជាភស្តុតាងបញ្ជាក់ថា ពួកគាត់ពិតជាបានពាក់ពន្ធ័នឹងការបោកប្រាស់របស់ក្រុមហ៊ុន ជនត្រូវចោទឡេងចាន់ណា និង បក្សពួកពិតមែន។ ឯកឧត្តម គី តិច បានសង្កត់ធ្ងន់ថា ការប្រគល់សិទ្ធិដោយស្របច្បាប់នៅពេលនេះ គឺមិនតម្រូវឲ្យពលរដ្ឋរងគ្រោះ ចំណាយថវិកាបង់ថ្លៃសេវាមេធាវីនោះទេ ព្រោះសម្តេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រី គឺជាអ្នករ៉ាប់រងបេសកកម្មរបស់មេធាវី។ ឯកឧត្តម គី តិច បានបន្ថែមទៀតថា កន្លងមកសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា តែងតែតាមដានជាប់ជាប្រចាំចំពោះការវិវឌ្ឍន៍ថ្មីៗក្នុងសំណុំរឿងនេះ។ នេះជាលើកទី១ហើយ ដែលរាជរដ្ឋាភិបាលបញ្ជូនមេធាវីររដ្ឋាភិបាល ជួយការពារប្រជាពលរដ្ឋក្នុងសំណុំរឿងឯកជន។ បន្ថែមលើពីនេះ ពលរដ្ឋផ្សេងទៀត នឹងត្រូវរៀបចំអោយមានជំនួបបែបនេះទៅតាមដំណាក់កាលរហូតទាល់តែអស់អ្នករងគ្រោះ។
សូមបញ្ជាក់ថា គិតមកដល់ពេលនេះ សាលាដំបូងខេត្តសៀមរាប បានអនុវត្ត កិច្ចនីតិវិធីជាច្រើន មានដូចខាងក្រោម៖

* ១៖ បានសម្រេចបង្កកគណនីធនាគារ ចំនួន ១៨៣ គណនី និងទ្រព្យសម្បត្តិមួយចំនួន។

* ២៖ បានសម្រេចឃុំខ្លួនជនត្រូវចោទចំនួន ៧ នាក់, បានចេញដីកាបង្គាប់ឱ្យនាំខ្លួនជនត្រូវចោទចំនួន ២ នាក់ និងបានចេញដីកាបង្គាប់ឱ្យចូលខ្លួនលើជនត្រូវចោទចំនួន ២៤ នាក់ ដោយកំណត់ឱ្យចូល ខ្លួនគិតចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤។

* ៣៖ បានចេញដីកាចាត់ឱ្យស៊ើបសួរជំនួស ដោយបង្គាប់ឱ្យស្រាវជ្រាវទ្រព្យសម្បត្តិ និងសាវតារជាតិ របស់ជនពាក់ព័ន្ធផ្សេងទៀត ដើម្បីចាត់ការបន្តតាមនីតិវិធី។

សាលាដំបូងខេត្តសៀមរាប បាននិងកំពុងចាត់ការ ហើយនឹងបន្តចាត់ការសំណុំរឿងពាក់ព័ន្ធនឹង ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី វើលដ៍ ឯ.ក របស់ ជនត្រូវចោទឈ្មោះ ឡេង ចាន់ណា ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ដោយភាពត្រឹមត្រូវ ច្បាស់លាស់ តម្លាភាព និងយុត្តិធម៌ដោយអនុវត្តតាមច្បាប់ និងនីតិវិធីជាធរមាន៕ អត្ថបទ ៖ សូដាវណ្ណ