[UPDATE] កងទ័ពបង់ក្លាដែសត្រៀមបង្កើតរដ្ឋាភិបាលបណ្តោះអាសន្ន ក្រោយនាយករដ្ឋមន្ត្រីចាកចេញពីប្រទេស

លោកស្រីនាយករដ្ឋមន្ត្រីបង់ក្លាដែស សេក ហាស៊ីណា (Sheikh Hasina) បានលាលែងពីតំណែង ហើយបានរត់ភៀសខ្លួនចេញពីប្រទេសកាលពីថ្ងៃចន្ទ ទី៥ ខែសីហា បន្ទាប់ពីមនុស្សរាប់រយនាក់ត្រូវបានសម្លាប់នៅក្នុងការបង្ក្រាបលើបាតុកម្មដែលបានចាប់ផ្តើម ខណៈការតវ៉ាប្រឆាំងនឹងកូតាការងារ បានក្លាយទៅជាចលនាទាមទារឱ្យលោកស្រីចុះចេញពីតំណែង។ កងទ័ពនិយាយថារដ្ឋាភិបាលបណ្តោះអាសន្ន នឹងត្រូវបានបង្កើតឡើងដើម្បីគ្រប់គ្រងស្ថានការណ៍ដែលកំពុងរំជើបជំរជួលខ្លាំង។

ហ្វូងមនុស្សដែលកំពុងអបអរសាទរបានសម្រុកចូលទៅក្នុងវិមាននាយករដ្ឋមន្ត្រី និងយករបស់របរផ្សេងៗ រួមទាំងការលួចយកគ្រឿងសង្ហារឹម និងទូរទស្សន៍ជាដើម។

នៅកន្លែងផ្សេងទៀតក្នុងទីក្រុង Dhaka ក្រុមអ្នកតវ៉ាបានឡើងលើរូបសំណាកឪពុករបស់លោកស្រី ហាស៊ីណា ដែលជាស្ថាបនិករដ្ឋ លោក សេក ម៉ូជូបួរ៉េស រ៉ាម៉ាន់(Sheikh Mujibur Rahman) ហើយចាប់ផ្តើមប្រើពូថៅកាត់ក្បាល។

លោកស្រី ហាស៊ីណា វ័យ៧៦ ឆ្នាំ បានភៀសខ្លួនចេញពីប្រទេស តាមសេចក្តីរាយការណ៍ថាបានចុះចតនៅប្រទេសឥណ្ឌាកាលពីថ្ងៃចន្ទសប្ដាហ៍នេះ។

មនុស្សរាប់សិបនាក់ត្រូវបានរាយការណ៍ថាបានសម្លាប់កាលពីថ្ងៃចន្ទ ទោះបីជាចំនួនអ្នកស្លាប់ច្បាស់លាស់នៅតែមិនត្រូវបានបង្ហាញក៏ដោយ។ ទីភ្នាក់ងារសារព័ត៌មាន AFP បានរាយការណ៍ថា ចំនួនអ្នកស្លាប់កើនដល់ ៦៦នាក់ ទោះបីសារព័ត៌មានក្នុងស្រុក Dhaka Tribune បាននិយាយថា មានមនុស្សដល់ទៅ ១៣៥នាក់ បានស្លាប់ថ្មីក្នុងភាពវឹកវរចុងក្រោយក៏ដោយ៕


Comments

Leave a Reply

Your email address will not be published. Required fields are marked *