អ៊ុយក្រែន៖ ការវាយប្រហារតំបន់ Kursk នឹងដាក់សម្ពាធលើរុស្ស៊ី និងស្តារយុត្តិធម៌ឡើងវិញ

ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ្សេឡិនស្គី (Volodymyr Zelenskiy) បាននិយាយកាលពីថ្ងៃអាទិត្យ (១១ សីហា) ថា អ៊ុយក្រែនបានបើកការវាយលុកចូលទឹកដីរុស្ស៊ី ដើម្បី «ស្តារយុត្តិធម៌» និងដាក់សម្ពាធលើកងកម្លាំងរបស់ទីក្រុងមូស្គូ នៅក្នុងការទទួលស្គាល់ជាសាធារណៈលើកដំបូងរបស់ខ្លួនចំពោះប្រតិបត្តិការដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ទីក្រុងគីវ នៅតំបន់ ឃើស្ក៍ (Kursk) ភាគខាងលិច។

កងកម្លាំងរបស់ទីក្រុងមូស្គូ កាលពីថ្ងៃអាទិត្យ គឺស្ថិតនៅក្នុងថ្ងៃទីប្រាំមួយនៃការប្រយុទ្ធដ៏ខ្លាំងក្លារបស់ពួកគេប្រឆាំងនឹងការលុកលុយដ៏ធំបំផុតរបស់ទីក្រុងគីវ ចូលទៅក្នុងទឹកដីរុស្ស៊ី ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាម ដែលបានធ្វើឱ្យផ្នែកភាគនិរតីរបស់រុស្ស៊ីងាយរងគ្រោះ មុនពេលកងកម្លាំងពង្រឹងបានចាប់ផ្តើមទៅដល់។

លោក Zelenskiy បាននិយាយថា «អ៊ុយក្រែន កំពុងបង្ហាញថាខ្លួនពិតជាអាចស្តារយុត្តិធម៌ឡើងវិញ និងកំពុងធានានូវប្រភេទនៃសម្ពាធពិតប្រាកដដែលត្រូវការនៅក្នុងសង្រ្គាម»។ អាជ្ញាធររុស្ស៊ី បានប្រញាប់ប្រញាល់ជម្លៀសអ្នកស្រុក និងដាក់របបសន្តិសុខយ៉ាងទូលំទូលាយនៅក្នុងតំបន់ព្រំដែនចំនួនបីកាលពីថ្ងៃសៅរ៍ បន្ទាប់ពីការវាយប្រហារដែលអ្នកវិភាគយោធានិយាយថា ធ្វើឱ្យវិមានក្រឹមឡាំងត្រៀមខ្លួនមិនទាន់។

បេឡារុស ដែលជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់ទីក្រុងមូស្គូ ក៏បានបញ្ជូនកងទ័ពបន្ថែមទៀតទៅកាន់ព្រំដែនរបស់ខ្លួនជាមួយអ៊ុយក្រែន ដោយចោទប្រកាន់ទីក្រុងគីវ ពីបទរំលោភលើដែនអាកាសរបស់ខ្លួន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ ក្រសួងការពារជាតិរុស្ស៊ីបានហៅការលុកលុយជើងគោកនេះថា «ព្រៃផ្សៃ» ហើយបាននិយាយថា ប្រតិបត្តិការនោះពុំមានប្រយោជន៍អ្វីឡើយ៕


Comments

Leave a Reply

Your email address will not be published. Required fields are marked *