រាជរដ្ឋាភិបាលណែនាំឲ្យគ្រប់ក្រសួងស្ថាប័នអាជ្ញាធររាជធានី ខេត្តរៀបចំកន្លែងកម្សាន្តសម្រាប់កុមារឲ្យបានសមរម្យ

ភ្នំពេញ ៖ ក្នុងឱកាសទិវាកុមារអន្តរជាតិ១មិថុនា រាជរដ្ឋាភិបាលកម្ពុជា បានណែនាំដល់គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរ រាជធានីខេត្តទាំងអស់ត្រូវរៀបកន្លែងកម្សាន្តសម្រាប់កុមារឲ្យបានសមរម្យ និងត្រូវធ្វើយ៉ាងណារួមគ្នាការពារ កុមារកុំឲ្យធ្លាក់ចូលទៅក្នុងការកេងប្រវញ្ច និងការរំលោភបំពានគ្រប់ទម្រង់ ជាពិសេសគឺតាមប្រព័ន្ធអន ឡាញតែម្តង។

តាមរយៈសារាចរ ស្តីពីការរៀបចំខួបលើកទី៧៥ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៣ទិវា កុមារពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដើម្បីអបអរសាទរទិវាខាងលើនេះ ក្រុមប្រឹក្សាជាតិដើម្បីកុមារ គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធររាជធានី និងខេត្ត ត្រូវរៀបចំទិវានេះ និងត្រូវរៀបចំពិធីជួបជុំ ពិធីជួបសំណេះសំណាល ជា មួយកុមារ ធ្វើកម្មវិធីកម្សាន្តសប្បាយរបស់កុមារ នៅតាមគ្រឹះស្ថានរដ្ឋ ឯកជន តាមបណ្តាអង្គការនានា និង តាមមណ្ឌលកុមារកំព្រាជាដើម។

នៅក្នុងឱកាសទិវាកុមារអន្តរជាតិ ដែលបានប្រព្រឹត្តទៅក្រោមប្រធានបទ«ការវិនិយោគលើកុមារថ្ងៃ នេះ សំដៅបង្កើនមូលធនមនុស្សក្នុងយុគសម័យបរិវត្តកម្មឌីជីថល» និង«រួមគ្នាអនុវត្តការប្តេជ្ញាចិត្តដើម្បី បញ្ចប់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ» សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏បានណែនាំឲ្យគ្រប់ក្រ សួង ស្ថាប័ន គ្រប់រាជធានី និងខេត្តទាំងអស់គប្បីធ្វើបដាពាក្យស្លោកអបអរសាទរខួបខាងលើនេះឲ្យបាន គ្រប់ទីប្រជុំជនផងដែរ ដើម្បីលើកកម្ពស់សិទ្ធិកុមារ និងគាំពារកុមារមិនឲ្យមានការរំលោភបំពាន។

សម្តេចធិបតីបានលើកឡើងថា គ្រប់ភាគីទាំងអស់ត្រូវចងបដាជាពាក្យស្លោក នៅតាមមូលដ្ឋានឬទីកន្លែងសមស្របណាមួយ ទាក់ទងនឹងកុមារ ដូចជាពាក្យ«មាន សន្តិភាពមានការគាំពារនិងការអភិវឌ្ឍដល់កុមារ, ពួតដៃគ្នានៃកម្លាំងសេវាសង្គមក្នុងវិស័យកិច្ចការពារកុមារ គឺជាការលើកកម្ពស់សិទ្ធិ និងឧត្តមប្រយោជន៍របស់កុមារ, សន្តិភាពបាននាំឲ្យមានការអភិវឌ្ឍនធនធាន មនុស្សក្នុងយុគសម័យឌីជីថល សន្តិភាព បានផ្តល់ស្នាមញញឹមដល់កុមារ ដែលជាអ្នកបន្តវេនក្នុងការរួមចំ ណែកអភិវឌ្ឍប្រទេសជាតិ, យុត្តិធម៌សង្គមសម្រាប់គ្រប់គ្នាដើម្បីបញ្ចប់ពលកម្មកុមារក្រោមម្លប់សន្តិភាព, កុមារគ្រប់រូបត្រូវបានទទួលយុត្តិធម៌សង្គមគ្រប់គ្នា,កិច្ចគាំពារសង្គមសម្រាប់កុមារគ្រប់រូប ដើម្បីលុបបំបាត់ ពលកម្មកុមារ, បង្កើនការវិនិយោគលើកុមារថ្ងៃនេះគឺជាធនធានដ៏មានសក្តានុពលនាពេលអនាគត និងពាក្យស្លោកជាច្រើនទៀតដែលទាក់ទងនឹងការអភិវឌ្ឍដល់កុមារ៕

អត្ថបទ៖ បាន ចក់