លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបើកយុទ្ធនាការ១ម៉ឺនរៀល ១ម៉ឺននាក់

ភ្នំពេញ÷ នារសៀលថ្ងៃទី១ ខែឧសភា ២០២៤នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រង ក្រុមគ្រូពេទ្យ និងបុគ្គលិកនៃមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប សរុបប្រមាណ៦៥០នាក់ ក្នុងឱកាសបើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ ដើម្បីជួយដល់កុមារកម្ពុជា។

ក្នុងឱកាសជួបសំណេះសំណាល និងបើកយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ លោកជំទាវប្រធាន បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តចតេជោហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចធិបតី ហ៊ុន ម៉ាណែត និងថ្លែងកោតសសើរចំពោះគណៈគ្រប់គ្រង និងបុគ្គលិក នៃមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់ដែលបានខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្ត ក្នុងជួយព្យាបាលជំងឺ ដល់កុមារកម្ពុជា ទាំងនៅខេត្តសៀមរាប និងរាជធានីភ្នំពេញ។ លោកជំទាវបន្តថាបើគ្មានលោកគ្រូ អ្នកគ្រូពេទ្យទាំងអស់ទេ ក៏មិនអាចទៅរួចក្នុងការកៀរគរកមូលនីធិជួយដល់មន្ទីរពេទ្យដែរ។

ក្នុងនាមជាប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងអំណរគុណដោយស្មោះអស់ពីដួងចិត្តចំពោះបងប្អូនជនរួមជាតិទាំងអស់ ដែលមានទឹកចិត្តសប្បុរសធម៌ដ៏ប្រពៃថ្លៃថ្លា ក្នុងស្មារតី «ខ្មែរជួយខ្មែរ» ដោយបានគាំទ្រ និងចូលរួមបរិច្ចាគក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» យ៉ាងច្រើនលើសលប់គួរឱ្យកត់សម្គាល់ បន្ទាប់ពីយុទ្ធនាការនេះត្រូវបានផ្សព្វផ្សាយជាសាធារណៈកាលពីពេលកន្លងទៅ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបញ្ជាក់ថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» មានរយៈពេល ១ ខែពេញ ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។ លោកអោយដឹងថា ចាប់ពីទី២៨ខែឧសភា រហូតមកដល់ថ្ងៃទី១ ខែមិថុនានេះ មានសប្បុរសជនចូលរួមប្រមាណ៧ម៉ឺននាក់បើគិតជាថវិកា បានប្រមាណ៥៦ម៉ឺនដុល្លារអាម៉េកហើយ ដែលនេះគឺជាទឹកចិត្តរបស់ខ្មែរ និងសបញ្ជាក់ឱ្យឃើញពីការគាំទ្រយ៉ាងផុលផុសប្រកបដោយស្មារតីសាមគ្គីភាពយ៉ាងរឹងមាំរបស់ប្រជាជាតិខ្មែរទាំងមូល។

ជាមួយគ្នានេះដែរ លោកជំទាវបណ្ឌិត បានអំពាវនាវដល់បងប្អូនសប្បុរសជនដែលមានបំណងចូលរួមបរិច្ចាគក្នុងយុទ្ធនាការនេះ សូមមេត្តាបន្តចូលរួមគាំទ្រ រហូតដល់ថ្ងៃបិទយុទ្ធនាការ។

សូមបញ្ជាក់ថានៅក្នុងឱកាសនោះដែរ លោកជំទាវប្រធាន បានប្រគល់ថវិកាមួយចំនួនជូនមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប និងអញ្ជើញសួរសុខទក្ខនិងជូនថវិកាមួយចំនួនជូនដល់ស្ត្រីទើបសម្រាលកូនរួចនៅបន្ទប់សម្រាក់ព្យាបាលផងដែរ៕

អត្ថបទ: សំ ងីម