ជនពិការក្រីក្រក្នុងសហគមន៍ជិត ៥០០នាក់ នៅក្រុងប៉ៃលិន ទទួលប្រាក់របប​គោលនយោបាយពីរាជរដ្ឋាភិបាល

ប៉ៃលិន៖ ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈ​អភិបាល​​ខេត្តប៉ៃលិន បានអញ្ជើញបើកផ្តល់ប្រាក់របបគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ដល់បងប្អូន ជនពិការក្រីក្រ នៅតាមសហគមន៍ ក្នុងប៉ៃលិន ចំនួន ៤៨១នាក់ ព្រមទាំងធ្វើការផ្សព្វផ្សាយ និងពន្យល់អំពីអត្ថប្រយោជន៍ និងសារៈសំខាន់ នៃតំបន់អភិវឌ្ឍន៍ត្រីកោណ (CLV-DTA) និងការសាងសង់ព្រែកជីកហ្វូណនតេជោ របស់រាជរដ្ឋាភិបាល ហើយបានផ្តល់ឱកាសឱ្យបងប្អូនជនពិការធ្វើការសួរនាំ បើជាចម្ងល់ពាក់ព័ន្ធបញ្ហាខាងលើផងដែរ ។

ដោយបានយល់ច្បាស់ បងប្អូនជនពិការក្រីក្រ នៅតាមសហគមន៍ ក៍បានបង្ហាញនូវការគាំទ្រ និង​ការ​ជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ចំពោះការអនុវត្ត តំបន់អភិវឌ្ឍន៍ត្រីកោណ(CLV-DTA) និង​ការ​សាង​សង់ព្រែកជីកហ្វូណនតេជោ ក្នុងគោលបំណងបម្រើដល់ឧត្តមប្រយោជន៍ជាតិ និង​ប្រជាជន ហើយប្រឆាំងដាច់ខាត ចំពោះជនអគតិក្រៅច្បាប់ ដែលមាន​បំណង​ចង់​បំផ្លាញ​សុខ​សន្តិភាព និងការអភិវឌ្ឍន៍របស់ប្រទេសជាតិ។

ក្នុង​ឱកាស​នេះដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បាន​មានប្រសាសន៍ នាំមកនូវសេចក្តីនឹករលឹក និងការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែល​ជា​និច្ច​កាលសម្តេចទាំងទ្វេរ តែង​តែ​យកចិត្តទុកដាក់ខ្ពស់ក្នុងការគិតគូរពីសុខទុក្ខ​របស់​ប្រជា​ពលរដ្ឋ​នៅ​ទូទាំងព្រះរាជាណាចក្រកម្ពុជា ដោយមិនប្រកាន់បក្សពួក ពណ៌សប្បុរ សាសនា ឬ​និន្នាការ​នយោបាយឡើយ ជាពិសេស សម្តេច តែងតែមានក្តីអាណិត ស្រលាញ់ និងបារម្ភ ព្រម​ទាំង​ជួយសម្រួលដោះស្រាយ ចំពោះប្រជាពលរដ្ឋ ដែលជរាពិការ មានជីវភាពក្រីក្រ លំបាក​ខ្វះខាត ឬរងគ្រោះដោយសារគ្រោះទុរភិក្ស គ្រោះធម្មជាតិ និងឧបទ្វហេតុផ្សេងៗ ។

លោក​ជំទាវ​បណ្ឌិតអភិបាលខេត្ត ក៍បានមានប្រសាសន៍ជំរុញដល់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង​យុ​វនីតិសម្បទាខេត្ត ត្រូវបន្តស្រាវជ្រាវរកបងប្អូនប្រជាពលរដ្ឋជាជនពិការក្រីក្រពិតប្រាកដ ដើម្បី​ទទួល​បានប្រាក់របបគោលនយោបាយនេះ ឱ្យស្របទៅនឹងគោលនយោបាយ យុទ្ធ​សាស្ត្រ​បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី គឺបានផ្ដោតសំខាន់ទៅលើយុទ្ធសាស្ត្រគាំពារសង្គមសម្រាប់ជនក្រីក្រ និង​ជនងាយរងគ្រោះ ជាអាទិភាព ដែល​ធានា​ឱ្យ​បង​ប្អូន​ទទួល​បាន​នូវ​ផល​ប្រយោជន៍​អំពី​ប្រព័ន្ធ​ជំនួយ​សង្គម និងរបបសន្តិសុខសង្គម ឱ្យបានកាន់តែល្អប្រសើរឡើង និងសូមផ្តាំ​ផ្ញើ​ដល់​បង​ប្អូន​ជន​ពិការ​ក្រីក្រ នៅតាមសហគមន៍ទាំងអស់ ត្រូវជឿជាក់លើរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើត​ចេញ​ពី​ការ​បោះឆ្នោត ដែលធ្វើអ្វីៗដើម្បីបម្រើដល់ផលប្រយោជន៍ជាតិ និងប្រជាជន ហើយ​ជៀស​វាង​ការ​ចាញ់បោក ក្រុមជនអគតិក្រៅច្បាប់ ដែលតែងតែញ៉ុះញង់ បង្កចលាចល ដើម្បីបំផ្លាញ​សុខ​សន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសជាតិ ។

បើតាមរបាយការណ៍របស់លោក អ៊ិត ពេន ប្រធានមន្ទីរសង្គមកិច្ច អតីតយុវជន និង​យុវ​នីតិ​សម្បទា​ខេត្ត​ប៉ៃលិន បានឱ្យដឹងថា៖ ការបើកផ្តល់ប្រាក់​របប​គោល​នយោបាយ​ជូន​ចំពោះ​ជន​ពិការ​ក្រីក្រ​នៅ​តាមសហគមន៍ ក្នុងក្រុងប៉ៃលិន នាពេលនេះ គឺមានចំនួន ៤៨១នាក់ ស្រីចំនួន ១២៦​នាក់ ក្នុងនោះអ្នកដែលទទួលបានរបប ៦ខែ ចំនួន ៩៧នាក់ ស្រី ៣០នាក់ ដោយ​ក្នុង​ម្នាក់​ៗ​ទទួល​បាន​ថវិកាចំនួន ១២ម៉ឺនរៀល និងអ្នកដែលទទួលបានរបប ១២ខែ ចំនួន ៧៨នាក់ ស្រី ៣១នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន ២៤ម៉ឺនរៀល ៕