[UPDATE ] លោកស្រី Harris និងលោក Trump ប៉ះទង្គិចគ្នាក្នុងការជជែកដេញដោលលើកដំបូងរវាងភាគីទាំងពីរ

បេក្ខភាពរបស់គណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ (Donald Trump) និងអនុប្រធានាធិបតីបក្សប្រជាធិបតេយ្យ លោកស្រី កាម៉ាឡា ហារីស (Kamala Harris) បានប៉ះទង្គិចគ្នាជុំវិញបញ្ហាសេដ្ឋកិច្ចនៅក្នុងពេលបើកវេទិកានៃការជជែកដេញដោលបេក្ខភាពប្រធានាធិបតីលើកដំបូងរបស់ភាគីទាំងពីរក្នុងយប់ថ្ងៃអង្គារ (១០ កញ្ញា) ដែលជាពេលវេលាដ៏សំខាន់នៅក្នុងការបោះឆ្នោតអាមេរិកដ៏ប្រកួតប្រជែងយ៉ាងក្ដៅគគុក។

ដោយនៅសល់ពេលប្រាំបីសប្តាហ៍ទៀតមុនការបោះឆ្នោតថ្ងៃទី០៥ ខែវិច្ឆិកា ហើយនៅតែប៉ុន្មានថ្ងៃប៉ុណ្ណោះរហូតដល់ការបោះឆ្នោតដំបូងចាប់ផ្តើមនៅក្នុងរដ្ឋមួយចំនួន ការជជែកដេញដោល ដែលប្រហែលជាព្រឹត្តិការណ៍តែមួយគត់ដែលបានគ្រោងទុកនេះ បានបង្ហាញទាំងឱកាស និងហានិភ័យសម្រាប់បេក្ខជននីមួយៗនៅចំពោះមុខទស្សនិកជនតាមកញ្ចក់ទូរទស្សន៍ដែលមានអ្នកបោះឆ្នោតរាប់សិបលាននាក់។

ការជួបជជែកតស៊ូមតិនេះមានសារៈសំខាន់ជាពិសេសសម្រាប់លោកស្រី Harris ជាមួយនឹងការស្ទង់មតិបង្ហាញថា អ្នកបោះឆ្នោតច្រើនជាងមួយភាគបួនមានអារម្មណ៍ថាពួកគេមិនទាន់ស្គាល់លោកស្រីច្បាស់គ្រប់គ្រាន់។ លោកស្រី Harris បានចូលទៅក្នុងការប្រជែងតំណែងសេតវិមាននេះត្រឹមតែប្រាំពីរសប្តាហ៍មុនប៉ុណ្ណោះ បន្ទាប់ពីការដកខ្លួនចេញរបស់លោកប្រធានាធិបតី ចូ បៃដិន (Joe Biden)៕