ក្ដីបារម្ភរបស់ទីក្រុងវ៉ាស៊ីនតោន កាន់តែជ្រៅ ខណៈគូប្រជែងរួមគ្នាតតាំងឥទ្ធិពលអាមេរិក

អស់ជាច្រើនខែមកហើយដែលអាមេរិក បានព្រមានអ៊ីរ៉ង់ កុំឱ្យបញ្ជូនមីស៊ីលបាលិស្ទិកទៅឱ្យរុស្ស៊ី ហើយប្រាប់ចិន កុំឱ្យផ្តល់គ្រឿងបន្លាស់យោធាសម្រាប់សង្គ្រាមរបស់ទីក្រុងមូស្គូ នៅអ៊ុយក្រែន ប៉ុន្តែពេលនេះ អ៊ីរ៉ង់កំពុងតែធ្វើអ្វីដែលក្រុងវ៉ាស៊ីនតោនបានហាមឃាត់ ហើយចិន កំពុងរុញច្រានឥទ្ធិពលរបស់អាមេរិក។

ជាការពិតណាស់ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ព្រួយបារម្ភកាន់តែខ្លាំងឡើង ដោយសារល្បឿន និងកម្លាំងដែលប្រទេសទាំងបីនោះ រួមជាមួយនឹងកូរ៉េខាងជើង កំពុងពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅដើម្បីប្រជែងនឹងការត្រួតត្រារបស់អាមេរិកក្នុងពិភពលោក បើទោះបីជាប្រឈមមុខនឹងទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតមួយចំនួនដែលលោកខាងលិចបានដាក់ក៏ដោយ នេះបើយោងតាមប្រភពពីក្រុមមន្ត្រីដែលសុំមិនបញ្ចេញឈ្មោះ។

ការតតាំងនេះស្របគ្នាទៅនឹងគំរូនៃអ្វីដែលអ្នកជំនាញក្រៅប្រទេស រួមទាំងក្រុមមន្ត្រីអាមេរិក និងសម្ព័ន្ធមិត្ត មើលឃើញថាជាការតស៊ូកាន់តែខ្លាំងឡើង ដែលក្រុងវ៉ាស៊ីនតោនកំពុងប្រឈម ខណៈកំពុងស្វះស្វែងរកអ្វីដែលខ្លួនចង់បានជុំវិញពិភពលោក។

ជាឧទាហរណ៍ វេណេស៊ុយអេឡាបានច្រានចោលការជំរុញជាច្រើនខែរបស់អាមេរិក ជុំវិញការបោះឆ្នោត និងមកទល់ពេលនេះ សម្ព័ន្ធកងទ័ពជើងទឹកដែលដឹកនាំដោយទីក្រុងវ៉ាស៊ីនតោន បានបរាជ័យក្នុងការកម្ចាត់ពួកឧទ្ទាមហ៊ូទី នៅសមុទ្រក្រហម ហើយទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្ត ក៏ត្រូវបានបណ្ដេញចេញពីមូលដ្ឋាននៅក្នុងទ្វីបអាហ្រ្វិក ខណៈចិន និងរុស្ស៊ីពង្រីកទីតាំងរបស់ពួកគេនៅទីនោះ។ ជាមួយគ្នានេះ សម្ព័ន្ធមិត្តក៏មិនបានខ្លបខ្លាចឥទ្ធិពលរបស់ទីក្រុងវ៉ាស៊ីនតោនដែរ ដូចជាការមិនអាចជំរុញឱ្យអ៊ីស្រាអែល ចូលក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយក្រុមហាម៉ាសជាដើម៕