ចិន ធ្វើតេស្តបាញ់សាកល្បងមីស៊ីលបាលិស្ទិកអន្តរទ្វីបជាសាធារណៈលើកដំបូង

ប្រទេសចិន បានទទួលស្គាល់ជាសាធារណៈជាលើកដំបូងថា ខ្លួនបានបាញ់បង្ហោះដោយជោគជ័យនូវមីស៊ីលបាលិស្ទិកអន្តរទ្វីប (ICBM) ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកនៅថ្ងៃពុធ (២៥ កញ្ញា) នេះ ក្នុងសកម្មភាពមួយដែលទំនងជាបង្កើនការព្រួយបារម្ភជាអន្តរជាតិអំពីការសាងសង់នុយក្លេអ៊ែររបស់ប្រទេស។

ក្រសួងការពារជាតិចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មីស៊ីល ICBM ដែលផ្ទុកក្បាលគ្រាប់សិប្បនិមិត្ត ត្រូវបានបាញ់ដោយកងកម្លាំងរ៉ូកែតរបស់កងទ័ពរំដោះប្រជាជនចិន PLA នៅម៉ោង ០៨:៤៤ នាទីព្រឹក (ម៉ោងនៅទីក្រុងប៉េកាំង) នៅថ្ងៃពុធ ហើយបានធ្លាក់ចូលទៅក្នុងតំបន់សមុទ្រដែលគេរំពឹងទុក ហើយនោះគឺជា «ការរៀបចំជាទម្លាប់នៅក្នុងផែនការបណ្តុះបណ្តាលប្រចាំឆ្នាំរបស់កងទ័ព» និងមិនមានទិសដៅដាក់ប្រទេស ឬគោលដៅណាមួយឡើយ។

យោងតាមរបាយការណ៍របស់សារព័ត៌មានស៊ីនហួរ ដាច់ដោយឡែកមួយបានឱ្យដឹងថា ប្រទេសចិន «ជូនដំណឹងដល់បណ្តាប្រទេសដែលពាក់ព័ន្ធជាមុន» ដោយមិនបានបញ្ជាក់ពីផ្លូវរបស់មីស៊ីល ឬទីតាំងពិតប្រាកដណាមួយនៅក្នុង «ដែនទឹកដ៏ធំល្វឹងល្វើយនៃមហាសមុទ្រប៉ាស៊ីហ្វិក» ដែលមីស៊ីលនោះបានធ្លាក់ចូលទេ។

ទីភ្នាក់ងារព័ត៌មានស៊ីនហួរ បានរាយការណ៍ថា ការបាញ់បង្ហោះនេះ «បានសាកល្បងប្រកបដោយប្រសិទ្ធភាពនូវដំណើរការនៃសព្វាវុធ និងឧបករណ៍ និងកម្រិតហ្វឹកហ្វឺនរបស់កងទ័ព ហើយសម្រេចបាននូវគោលដៅដែលរំពឹងទុក»។ យ៉ាងណាក៏ដោយ អ្នកវិភាគមួយចំនួនអះអាងថា ល្បឿននៃការបង្កើតនុយក្លេអ៊ែររបស់ចិន ហួសពីការរារាំងអប្បបរមាដែលអាចទុកចិត្តបាន ខណៈទីក្រុងប៉េកាំងនិយាយថា ខ្លួនប្រកាន់ខ្ជាប់នូវគោលនយោបាយ «មិនប្រើប្រាស់អាវុធដាក់គេមុន»៕