ក្រុមប្រឹក្សាUN អំពាវនាវឱ្យមានការការពារបុគ្គលិកផ្តល់ជំនួយនៅទូទាំងពិភពលោក

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រ បានអំពាវនាវឱ្យប្រទេសទាំងអស់ គោរព និងការពារ បុគ្គលិកផ្តល់ជំនួយនិងបុគ្គលិករបស់អង្គការសហប្រជាជាតិ ហើយបានថ្កោលទោសយ៉ាងខ្លាំង ចំពោះអំពើហិង្សាទាំងអស់ទៅលើពួកគេ ព្រមទាំងថ្កោលទោសចំពោះ «ការបដិសេធដោយខុសច្បាប់នៃដំណើរការផ្នែកមនុស្សធម៌»។ ស្ថាប័នដែលមានសមាជិកចំនួន១៥ ប្រទេស បានអនុម័ត សេចក្តីសម្រេចពង្រៀងដោយប្រទេសស្វីស ដោយទទួលបានសំឡេងគាំទ្រ ១៤ សំឡេង ខណៈរុស្ស៊ី អនុបវាទ។

វិធានការនេះ មិនបានកំណត់អត្តសញ្ញាណជម្លោះជាក់លាក់ណាមួយនោះទេ ដែលបានកើតឡើងក្នុងពេលមានសង្គ្រាមរយៈពេល៧ខែ រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា។ អង្គការសហប្រជាជាតិ និយាយថា បុគ្គលិកមនុស្សធម៌ជាង២៥០នាក់ ត្រូវបានសម្លាប់នៅក្នុងជម្លោះ។

អ៊ីស្រាអែល កំពុងស្ថិតនៅក្រោមសម្ពាធជាសកលកាន់តែខ្លាំងឡើង ដើម្បីអនុញ្ញាតឱ្យមានជំនួយបន្ថែមទៀតចូលទៅក្នុងតំបន់ហ៊ុមព័ទ្ធ ជាកន្លែងដែលអង្គការសហប្រជាជាតិ និយាយថា គ្រោះទុរ្ភិក្ស កំពុងកើតឡើង។ លោក ប៉ាស្កេល បារីស្វីល(Pascale Baeriswyl) ឯកអគ្គរដ្ឋទូតប្រចាំអង្គការសហប្រជាជាតិរបស់ប្រទេសស្វីស បាននិយាយទៅកាន់អ្នកសារព័ត៌មានថា សេចក្តីសម្រេចនេះ មិនមែននិយាយតែអំពីបរិបទតែមួយជាពិសេសនោះទេ គឺសម្រាប់បុគ្គលិកមនុស្សធម៌ទាំងអស់នៅទូទាំងពិភពលោក។
ឯកអគ្គរដ្ឋទូតរងប្រចាំអង្គការសហប្រជាជាតិរបស់ប្រទេសស្លូវេនី លោក Ondina Blokar បាននិយាយថា ចាប់តាំងពីឆ្នាំ២០០៣ បុគ្គលិកផ្តល់ជំនួយយ៉ាងហោចណាស់២.៤៩១នាក់ ត្រូវបានសម្លាប់ និងជាង ៤.៥០០នាក់ បានរងរបួស ឬត្រូវបានចាប់ពង្រត់ នៅជុំវិញពិភពលោក។

លោក Blokar បាននិយាយទៅកាន់ក្រុមប្រឹក្សាថា ចំនួននេះបន្តកើនឡើងរាល់ខែ ខណៈជម្លោះប្រដាប់អាវុធនៅតែបន្តនៅក្នុងតំបន់ហ្កាហ្សា ប្រទេសស៊ូដង់ អ៊ុយក្រែន និងនៅកន្លែងផ្សេងទៀត។ ភាគច្រើននៃបុគ្គលិកផ្តល់ជំនួយ ត្រូវបានសម្លាប់នៅក្នុងតំបន់ហ្កាហ្សា ដែលបម្រើការឲ្យទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ(UNRWA)។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឲ្យមានការស៊ើបអង្កេតជាចាំបាច់ ចំពោះការស្លាប់របស់បុគ្គលិកមនុស្សធម៌ទាំងអស់ នៅក្នុងតំបន់ហ្កាហ្សា។ ឯកអគ្គរដ្ឋទូតរងសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ លោក Robert Wood បាននិយាយទៅកាន់ក្រុមប្រឹក្សាថា ការស្លាប់របស់បុគ្គលិកជំនួយមនុស្សធម៌ជាង២៥០នាក់ នៅក្នុងជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស គឺច្រើនជាងជម្លោះផ្សេងៗទៀត នៅក្នុងប្រវត្តិសាស្ត្ររបស់អង្គការសហប្រជាជាតិ ដែលនេះគឺមិនអាចទទួលយកបានទេ។