ចារកម្មអ៊ុយក្រែន៖ អង្គភាពកូរ៉េខាងជើង បានស្ថិតនៅក្នុងតំបន់ Kursk របស់រុស្ស៊ី រួចរាល់ហើយ

សេវាចារកម្មយោធារបស់អ៊ុយក្រែន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៤ តុលា) ថា អង្គភាពកូរ៉េខាងជើង ក្រុមដំបូងដែលបានបណ្តុះបណ្តាលនៅក្នុងប្រទេសរុស្ស៊ី ត្រូវបានដាក់ពង្រាយនៅក្នុងតំបន់ព្រំដែន ឃើស (Kursk) របស់រុស្ស៊ី ដែលកងកម្លាំងអ៊ុយក្រែន បានបើកការលុកលុយដ៏ធំនៅក្នុងខែសីហា។

វិមានក្រឹមឡាំង ធ្លាប់បានច្រានចោលរបាយការណ៍អំពីការដាក់ពង្រាយទ័ពរបស់កូរ៉េខាងជើង ថាជា “ព័ត៌មានក្លែងក្លាយ” ប៉ុន្តែប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា នេះជារឿងផ្ទៃក្នុងរបស់ទីក្រុងមូស្គូប៉ុណ្ណោះ ដែលថាសន្ធិសញ្ញាភាពជាដៃគូជាមួយទីក្រុងព្យុងយ៉ាង ត្រូវអនុវត្តដោយរបៀបណា។

លោក ពូទីន មិនបានបដិសេធថា កងទ័ពកូរ៉េខាងជើងបច្ចុប្បន្នស្ថិតនៅរុស្ស៊ីនោះទេ។ ទំនាក់ទំនងរវាងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង កាន់តែស៊ីជម្រៅ បន្ទាប់ពីរុស្ស៊ី បានបើកប្រតិបត្តិការយោធាលើអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ ហើយពួកគេបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយមួយនៅក្នុងខែមិថុនា។

ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៊ុយក្រែនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “អង្គភាពដំបូងនៃយោធាកូរ៉េខាងជើង ដែលត្រូវបានហ្វឹកហាត់នៅទីលានហ្វឹកហាត់ភាគខាងកើតរុស្ស៊ី បានទៅដល់តំបន់ប្រយុទ្ធនៃសង្រ្គាមរុស្ស៊ី-អ៊ុយក្រែនរួចហើយ ហើយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ វត្តមានរបស់ពួកគេត្រូវបានកត់ត្រានៅក្នុង តំបន់ Kursk”។

ចារកម្មអ៊ុយក្រែនបន្ថែមថា ទាហានកូរ៉េខាងជើងសរុបប្រហែល ១២.០០០នាក់ រួមទាំងមន្រ្តី ៥០០នាក់ និងឧត្តមសេនីយ៍ ៣នាក់ បានស្ថិតនៅក្នុងប្រទេសរុស្ស៊ីរួចហើយ ហើយការបណ្តុះបណ្តាលកំពុងធ្វើឡើងនៅលើមូលដ្ឋានយោធាចំនួនប្រាំ៕


Comments

Leave a Reply

Your email address will not be published. Required fields are marked *