[Update] ករណីឆេះរោងចក្រនៅសង្កាត់ចោមចៅ២ រលត់ទាំងស្រុងហើយសមត្ថកិច្ចកំពុងរកមូលហេតុ

គិតត្រឹមវេលាម៉ោងជាង៧ ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ករណីភ្លើងឆាបឆេះរោងចក្រ នៅសង្កាត់ចោមចៅ២ រលត់ទាំងស្រុងហើយសមត្ថកិច្ចកំពុងរកមូលហេតុ ។

សមត្ថកិច្ចបញ្ជាក់ថា កាលពីវេលាម៉ោង ១២ និង ៥១នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ មានករណីភ្លើងឆាបឆេះរោងចក្រកាត់ដេរ យីហោ ជីងយូ និង ឃ្លាំង ស្តុប​កាតុង ជិនយូ ហ្វេង ភែកឃីង ខាថិន ឯ.ក នៅចំណុចភូមិ ព្រៃស្ពឺ សង្កាត់ ចោមចៅ២ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

រោងចក្រកាត់ដេរ ដែលត្រូវភ្លើងឆាបឆេះនោះ មាន ទំហំ ៤០ម៉ែត្រ × ៨៦ ម៉ែត្រ និង ឃ្លាំង​ស្តុប​កាតុង ទំហំ ៤០ម៉ែត្រ × ៨៦ ម៉ែត្រ ។ ប្រតិបត្តិការ​ពន្លត់អគ្គិភ័យ​នេះ​សមត្ថកិច្ច​បាន​បាញ់​ទឹក​ពន្លត់​រលត់​ទាំងស្រុង នៅវេលាម៉ោង ៧ និង ២៣ នាទី ព្រឹក ថ្ងៃខែឆ្នាំដដែល ។

នគរបាលប្រាប់ថា ការសង្គ្រោះ និង ពន្លត់អគ្គីភ័យនេះ ដោយកងប្រតិបត្តិការរុករក និង​សង្រ្គោះ​គ្រោះ​ម​ហន្តរាយ ៧១១ កងពលតូចលេខ៧០ សហការណជាមួយកំលាំង ការិយាល័យ​នគរបាល​បង្ការ និងពន្លត់អគ្គិភ័យស្នងការរាជធានីភ្នំពេញ និងស្ថាប័នពន្លត់អគ្គិភ័យជាច្រើនទៀត រួម​ជា​មួយ​អាជ្ញាធរ​មូលដ្ឋាន។ ចំពោះមូលហេតុដែលនាំឲ្យកើតមានគ្រោះអគ្គិភ័យឆាបឆេះរោងចក្រកាត់ដេរនោះ សមត្ថកិច្ច​ជំនាញ​កំពុង​ស្រាវជ្រាវស្វែងរក៕តារាវុទ្ធី