Author: Dol Pheakdey
-

លោក Donald Trump គំរាមឈប់ទិញប្រេងចម្អិនអាហារពីចិន
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្កោលទោសការសម្រេចចិត្តឈប់ទិញសណ្តែកសៀងពីសំណាក់ប្រទេសចិនថា ជា “ទង្វើអរិភាពសេដ្ឋកិច្ច” ហើយថែមទាំងបានព្រមានធ្ងន់ៗថា សហរដ្ឋអាមេរិកក៏គួរតែឈប់ទិញប្រេងចម្អិនអាហារពីប្រទេសចិនវិញ។ លោកប្រធានាធិបតី ត្រាំ បានសរសេរសារបង្ហោះលើវេទិកា Truth Social នៅថ្ងៃអង្គារថា យើងកំពុងពិចារណាបញ្ឈប់ការធ្វើពាណិជ្ជកម្មមួយចំនួនជាមួយចិន ក្នុងនោះរួមមានទាំងប្រេងចម្អិនអាហារ និងមុខទំនិញពាណិជ្ជកម្មផ្សេងៗទៀត ដើម្បីជាការសងសឹក។ ភ្លើងសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទី១ និងទី២របស់ពិភពលោក បានឆាបឆេះខ្លាំងឡើងវិញបន្ទាប់ពីចិនបានចាត់វិធានការរឹតត្បិតការនាំចេញរ៉ែកម្រ ខណៈដែលលោកប្រធានាធិបតី ត្រាំ គំរាមដាក់បន្ថែមពន្ធ ១០០ភាគរយលើទំនិញចិនគិតចាប់ពីថ្ងៃទី១ ខែវិច្ឆិកាតទៅ។ ទន្ទឹមគ្នា លោកប្រធានាធិបតី ត្រាំ ថែមទាំងបានគំរាមលុបចោលគម្រោងជួបជាមួយមេដឹកនាំចិន លោក ស៊ី ជីនពីង អំឡុងកិច្ចប្រជុំកំពូល APEC នៅចុងខែនេះផងដែរ។ ជាការឆ្លើយតប ប្រទេសចិនបានចោទអាមេរិកប្រើប្រាស់ស្តង់ដាពីរ ក្នុងជម្លោះពាណិជ្ជកម្ម ហើយចិនក៏បានអះអាងដែរថា ទីក្រុងប៉េកាំងត្រៀមខ្លួនរួចជាស្រេច ដើម្បីកំដរប្រយុទ្ធដល់ទីបញ្ចប់ក្នុងសង្គ្រាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក៕ ប្រភព ៖ AFP
-

អាមេរិកសម្លាប់មនុស្ស ៦នាក់ទៀត ក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀននៅវេណេស៊ុយអេឡា
វ៉ាស៊ីនតោន ៖ អាមេរិកបានសម្លាប់ក្រុមរត់ពន្ធគ្រឿងញៀនចំនួន៦នាក់ទៀត អំឡុងការវាយប្រហារថ្មីមួយលើទូកសង្ស័យដឹកគ្រឿងញៀនចេញពីវេណេស៊ុយអេឡា ដែលនេះជាប្រតិបត្តិការចុងក្រោយបំផុតក្នុងពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានដាក់ពង្រាយកម្លាំងយោធាក្នុងតំបន់។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសរសេរសារបង្ហោះលើបណ្តាញសង្គម Truth Social ថា ការវាយប្រហារថ្មីនេះ ធ្វើឡើងនៅក្នុងដែនទឹកអន្តរជាតិ ហើយមានគោលបំណងប្រឆាំងនឹងអង្គការភេរវករ។ លោកថា យោងតាមការស៊ើបអង្កេតបានបញ្ជាក់ថា ទូកនេះកំពុងដឹកគ្រឿងញៀន ដែលមានជាប់ពាក់ព័ន្ធនឹងបណ្តាញភេរវករខុសច្បាប់ ប៉ុន្តែមេដឹកនាំអាមេរិករូបនេះមិនបានផ្តល់ភស្តុតាងលំអិតណាមួយ ដើម្បីគាំទ្រការអះអាងរបស់គាត់ទេ។ គិតមកទល់ពេលនេះ មនុស្សយ៉ាងហោច ២៧នាក់ត្រូវបានសម្លាប់ ជាអ្វីដែលរដ្ឋបាលលោកប្រធានាធិបតី ត្រាំ និយាយថា ជារឿងចាំបាច់ ដើម្បីការពារអាមេរិកប្រឆាំងនឹងការរត់ពន្ធគ្រឿងញៀន។ សហរដ្ឋអាមេរិកក៏បានដាក់ពង្រាយយោធាទ្រង់ទ្រាយធំទៅកាន់ភាគខាងត្បូងតំបន់ការ៉ាបៀន ក្បែរដែនទឹកប្រទេសវេណេស៊ុយអេឡា ក្នុងនោះរួមមានយន្តហោះចម្បាំង F-35 កងទ័ពជើងទឹកជើង នាវាចម្បាំង និងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន ចាប់តាំងពីបើកការវាយប្រហារតាមផ្លូវអាកាសលើកដំបូងកាលពីថ្ងៃទី២ ខែកញ្ញា។ ផ្ទុយទៅវិញ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានចោទប្រកាន់ម្តងហើយម្តងទៀតថា ការដែលអាមេរិកដាក់ពង្រាយកម្លាំងយោធាទ្រង់ទ្រាយធំបែបនេះ គឺមានគោលបំណងផ្តួលរលំលោកចេញពីអំណាច។ តួយ៉ាង អាមេរិកថែមទាំងប្រកាសផ្តល់ប្រាក់រង្វាន់រហូតដល់ ៥០លានដុល្លារសម្រាប់ព័ត៌មានឈានដល់ការចាប់ខ្លួនលោកប្រធានាធិបតី ម៉ាឌូរ៉ូ ផងដែរ ដោយចោទប្រកាន់គាត់ពីបទជាប់ពាក់ព័ន្ធការជួញដូរគ្រឿងញៀន…
-

អឺរ៉ុប និង G7 ត្រៀមសងសឹកចិន ជុំវិញការរឹតបន្តឹងនាំចេញរ៉ែកម្រ
ព្រុចសែល ៖ សហភាពអឺរ៉ុបបាននិងកំពុងសហការជាមួយដៃគូក្រុមប្រទេស G7 ដើម្បីសងសឹកអំពើអយុត្តិធម៌របស់ប្រទេសចិន ទាក់ទិននឹងការរឹតត្បិតការនាំចេញរ៉ែកម្ររបស់ផែនដី ចំពេលមានសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិក នេះបើតាមការបញ្ជាក់របស់ស្នងការពាណិជ្ជកម្មអឺរ៉ុប លោក Maros Sefcovic កាលពីថ្ងៃអង្គារ។ លោក Sefcovic បានប្រាប់អ្នកសារព័ត៌មាននៅប្រទេសដាណឺម៉ាក បន្ទាប់ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីថា ការរឹតបន្តឹងបែបនេះ បានបង្ខំឱ្យក្រុមហ៊ុនអឺរ៉ុបមួយចំនួនបញ្ឈប់ផលិតកម្ម និងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ច។ លោកថា ការធ្វើបែបនេះមិនមែនពាក់ព័ន្ធនឹងបញ្ហាសន្តិសុខទេ តែការរឹតត្បិតនេះ កំពុងកំណត់គោលដៅលើឧស្សាហកម្មស៊ីវិលដោយផ្ទាល់។ ដូច្នេះពួកយើងមិនអាចឈរអោបដៃមើលបានទេ ពួកយើងត្រូវតែធ្វើការឆ្លើយតបវិញ។ ប្រមុខពាណិជ្ជកម្មអឺរ៉ុបរូបនេះ បានសង្កត់ធ្ងន់ថា ខ្លួនកំពុងធ្វើការយ៉ាងជិតស្និទជាមួយដៃគួ G7 ហើយក៏កំពុងធ្វើការជាមួយភាគីចិនផងដែរ ដើម្បីស្វែងរកដំណោះស្រាយ។ ហើយសប្តាហ៍ក្រោយ លោកនឹងជជែកជាមួយមន្រ្តីចិនកំពូលៗ។ គួរកត់សម្គាល់ ចិនបានចាប់ផ្ដើមរឹតត្បឹតលើការនាំចេញរ៉ែកម្រសំខាន់ៗ ដែលគេប្រើប្រាស់ក្នុងវិស័យបច្ចេកវិទ្យាធំៗ រួមទាំងឡានអគ្គិសនី ប្រព័ន្ធរ៉ាដា និងម៉ាស៊ីនយន្តហោះកាលពីដើមឆ្នាំនេះ ក្រោយលោកប្រធានាធិបតី Trump បានប្រកាសដាក់ពន្ធខ្ពស់លើទំនិញនាំចូលពីប្រទេសចិន។ ចំណាត់ការរបស់ចិនបានបង្កការរំខានផលិតកម្មជាច្រើន ដែលពឹងផ្អែកលើរ៉ែកម្រពីចិន ទាំងនៅអឺរ៉ុប និងអាមេរិក៕ ប្រភព ៖ AFP
-

ភ្នំភ្លើង Laki-laki របស់ឥណ្ឌូនេស៊ី ផ្ទុះទៀតហើយ ដោយព្រួសសំណុំផេះ ១០គីឡូម៉ែត្រ ឡើងលើមេឃ
ទីភ្នាក់ងារភ្នំភ្លើងរបស់ឥណ្ឌូនេស៊ី បាននិយាយថា ភ្នំភ្លើង Lewotobi Laki-laki បានផ្ទុះឡើងជាថ្មីម្ដងទៀតនៅថ្ងៃពុធ (១៥ តុលា) នេះ ដោយបានបញ្ចេញសំណុំផេះភ្នំភ្លើងយ៉ាងក្រាស់ឃ្មឹកកម្ពស់ដល់ទៅ ១០គីឡូម៉ែត្រ ទៅលើផ្ទៃមេឃ ដោយបង្ខំឱ្យអាជ្ញាធរបង្កើនប្រព័ន្ធប្រកាសអាសន្នដល់កម្រិតខ្ពស់បំផុត។ ទីភ្នាក់ងារភូគព្ភសាស្ត្ររបស់ប្រទេសនេះ បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ភ្នំភ្លើងដែលស្ថិតនៅក្នុងខេត្ត East Nusa Tenggara ចុងភាគខាងត្បូង បានផ្ទុះឡើងក្នុងថ្ងៃពុធ វេលាម៉ោងក្នុងស្រុក ១:៣៥នាទីយប់ អស់ពេលប្រហែល ៩នាទី បន្ទាប់ពីបន្ទុះកាលពី ២ម៉ោងមុននោះ ដោយមានសំណុំផេះ ៩គីឡូម៉ែត្រឡើងលើមេឃ។ ប្រមុខទីភ្នាក់ងារភូគព្ភសាស្ត្រ លោក Muhammad Wafid បាននិយាយថា កាលពីល្ងាចថ្ងៃអង្គារ ទីភ្នាក់ងារនេះបានបង្កើនកម្រិតប្រកាសអាសន្នរបស់ខ្លួនដល់ចំណុចខ្ពស់បំផុត បន្ទាប់ពីបានកត់ត្រា “សកម្មភាពកម្រើកដ៏គួរឱ្យកត់សម្គាល់នៃភ្នំភ្លើង” ចាប់តាំងពីថ្ងៃចន្ទដើមសប្ដាហ៍នេះមក។ មន្ត្រីម្នាក់នៅទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយក្នុងតំបន់បានឱ្យដឹងថា មនុស្សរាប់សិបនាក់ដែលរស់នៅក្នុងភូមិជិតភ្នំភ្លើងបំផុត ត្រូវបានជម្លៀសចេញ បន្ទាប់ពីការផ្ទុះនេះ។ ភ្នំភ្លើង Laki-laki នេះបានផ្ទុះចុងក្រោយបំផុតនៅក្នុងខែសីហា និងខែកក្កដា ដែលបង្កការរំខានដល់ការហោះហើរទៅកាន់ និងមកពីកោះរមណីយដ្ឋានបាលី ដែលនៅក្បែរនោះ៕
-

ប្រទេសជុំវិញពិភពលោកប្តេជ្ញាស្វែងរកមូលនិធិ ៧០ ពាន់លានដុល្លារកសាងហ្គាហ្សាឡើងវិញ
ហ្សឺណែវ ៖ រដ្ឋសមាជិកសហភាពអឺរ៉ុប និងអារ៉ាប់ រួមទាំងកាណាដា និងអាមេរិកបានប្តេជ្ញាចិត្តស្វែងរកមូលនិធិរហូតដល់ ៧០ពាន់លានដុល្លារ ដើម្បីជួយកសាងតំបន់ហ្គាហ្សាឡើងវិញ បន្ទាប់ពីសង្គ្រាមដ៏បង្ហួរឈាមជាងពីរឆ្នាំរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់។ លោក Jaco Cilliers ដែលជាមន្ត្រីនៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ បាននិយាយថា សង្គ្រាមរបស់អ៊ីស្រាអែលប្រឆាំងនឹងពួកហាម៉ាស់បានបង្កើតកំទេចកំទីថ្មអាគារយ៉ាងហោចណាស់ ៥៥តោនឯណោះ ដូច្នេះហើយការកសាងតំបន់ហ្គាហ្សាឡើងវិញទាំងស្រុង ប្រហែលជាត្រូវចាយពេលដល់ទៅរាប់ទសវត្សរ៍។ លោក Cilliers បានប្រាប់សន្និសិទសារព័ត៌មានថា យើងបានលឺដំណឹងវិជ្ជមានពីប្រទេសដៃគូមួយចំនួនរបស់យើង ក្នុងនោះរួមមានដៃគូអឺរ៉ុប និងកាណាដា ដែលបានប្រកាសប្តេជ្ញាជួយកសាងតំបន់ហ្គាហ្សាឡើងវិញ ហើយបញ្ហានេះក៏កំពុងពិភាក្សាជាមួយដៃគូអាមេរិកផងដែរ។ តំបន់ហ្គាហ្សាដ៏ធំសម្បើមបានប្រែក្លាយទៅជាវាលរហោឋាន ដោយសារតែការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលក្នុងពេលពីរឆ្នាំ ដែលបានសម្លាប់មនុស្សប្រហែល ៦៨,០០០នាក់ នេះបើយោងតាមការបញ្ជាក់របស់អាជ្ញាធរសុខាភិបាលហ្គាហ្សា។ ហើយប្រតិបត្តិការយោធាអ៊ីស្រាអែលនៅហ្គាហ្សា ធ្វើឡើងបន្ទាប់ពីក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស់បើកការវាយប្រហារដ៏ភ្ញាក់ផ្អើលកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣ សម្លាប់មនុស្សប្រមាណ ១,២០០នាក់ និងចាប់ជំរិតមនុសចំនួន ២៥១នាក់ធ្វើចំណាប់ខ្មាំង។ ក្រុមហាម៉ាស់បានដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលដែលនៅរស់រានមានជីវិតចុងក្រោយចេញពីកន្លែងឃុំខ្លួននៅហ្គាហ្សា កាលពីថ្ងៃទី១៣ ខែតុលា ស្ថិតក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់ ខណៈអ៊ីស្រាអែលក៏បានដោះលែងអ្នកទោសប៉ាឡេស្ទីនត្រឡប់ទៅផ្ទះវិញផងដែរ ស្របពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា សង្គ្រាមហ្គាហ្សាបានបញ្ចប់ហើយ៕ ប្រភព ៖ The…
-

រុស្ស៊ីស្វាគមន៍លោក Trump ជួយបង្កើតសន្តិភាពអ៊ុយក្រែន បន្ទាប់ពីហ្គាហ្សា
មូស្គូ ៖ ប្រទេសរុស្ស៊ីបានសម្តែងការស្វាគមន៍ការប្តេជ្ញាចិត្តរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលចង់បង្កើតកិច្ចព្រមព្រៀងសន្តិភាពបញ្ចប់ការប្រយុទ្ធគ្នានៅអ៊ុយក្រែន បន្ទាប់ពីមានបទឈប់បាញ់នៅហ្គាហ្សា ហើយរុស្ស៊ីសង្ឃឹមថា គាត់នឹងអាចបញ្ចុះបញ្ចូលអ៊ុយក្រែនឱ្យស្វែងរកដំណោះស្រាយដែរ។ ថ្លែងនៅចំពោះមុខសភាអ៊ីស្រាអែល មួយថ្ងៃបន្ទាប់ពីជួយបង្កើតបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់, លោកប្រធានាធិបតី ត្រាំ បានបង្ហើបពីបំណងចង់បញ្ចប់កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ទាក់ទិននឹងកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ហើយលោកក៏ចង់លូកដៃជួយពន្លត់ភ្លើងសង្គ្រាមអ៊ុយក្រែនមុនផងដែរ។ ឆ្លើយតបការអត្ថាធិប្បាយរបស់លោកប្រធានាធិប ត្រាំ, អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា រុស្ស៊ីនៅតែបើកទូលាយសម្រាប់ការចចារបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។ លោក Peskov បានសង្កត់ធ្ងន់ថា ភាគីរុស្ស៊ីនៅតែបើកទូលាយ និងត្រៀមខ្លួនរួចជាស្រេចសម្រាប់ការចរចាសន្តិភាព ហើយយើងក៏សង្ឃឹមដែរថា ប្រេសិតពិសេសរបស់លោកប្រធានាធិបតី ត្រាំ នឹងប្រើប្រាស់ជំនាញការទូត ឬឥទ្ធិពលរបស់សហរដ្ឋអាមេរិក ជួយបញ្ចុះបញ្ចូលភាគីអ៊ុយក្រែនឱ្យសកម្ម និងប្តេជ្ញាចិត្តក្នុងដំណើរការស្វែងរកសន្តិភាពពិតប្រាកដ។ លោក Peskov ក៏បានអះអាងដែរថា ការចរចាជាមួយអាមេរិកទាក់ទិននឹងការបញ្ចប់សង្គ្រាមអ៊ុយក្រែនបានជាប់គាំង ស្របពេលដែលលោកប្រធានាធិបតី ត្រាំ បានបង្ហើបអំពីលទ្ធភាពផ្គត់ផ្គង់មីស៊ីលបាញ់ក្នុងចម្ងាយ ២,៥០០គីឡូម៉ែត្រ Tomahawk ទៅឱ្យអ៊ុយក្រែន ជាអ្វីដែលរុស្ស៊ីធ្លាប់បានព្រមានរួចហើយថា រឿងនេះនឹងបង្កគ្រោះថ្នាក់កាន់តែធំឡើង៕ ប្រភព ៖ The Strait Times
-

លោក Trump និយាយថា ពួកលោកនឹងដកអាវុធពីក្រុមហាម៉ាស និងជំរុញឱ្យបញ្ជូនសាកសពនៅសេសសល់ពីហ្កាហ្សាមកវិញ
ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃអង្គារ ១៤ តុលា ថា ពួកលោកនឹងដកអាវុធរបស់ក្រុមហាម៉ាស ប្រសិនបើក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមួយនេះ មិនព្រមរំសាយអាវុធដោយខ្លួនឯង ខណៈលោកបានអំពាវនាវឱ្យក្រុមនេះបញ្ជូនសាកសពចំណាប់ខ្មាំងទាំងអស់ពីតំបន់ហ្កាហ្សា។ កងកម្លាំងការពារអ៊ីស្រាអែល(IDF) បាននិយាយថា ក្រុមហាម៉ាសបានបញ្ជូនសាកសពចំណាប់ខ្មាំង៤នាក់ តាមរយៈកកាបាទក្រហមកាលពីយប់ថ្ងៃអង្គារសប្ដាហ៍នេះ និងបានមកដល់ទីក្រុង Tel Aviv ហើយ ។ ការអត្ថាធិប្បាយរបស់លោក Trump បានកើតឡើងមួយថ្ងៃបន្ទាប់ពីលោកបានធ្វើដំណើរទៅកាន់មជ្ឈិមបូព៌ាដើម្បីអបអរសាទរកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្កាហ្សា ដោយមានសំណួរជាច្រើនជុំវិញដំណាក់កាលបន្ទាប់នៃកិច្ចព្រមព្រៀងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។ លោក Trump បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅសេតវិមានអំពីក្រុមហាម៉ាស ប៉ុន្មានម៉ោងបន្ទាប់ពីត្រឡប់មកពីអ៊ីស្រាអែល និងអេហ្ស៊ីប វិញ ថា ពួកគេនឹងដកអាវុធ ព្រោះពួកគេនិយាយថាពួកគេនឹងដកអាវុធ។ ហើយប្រសិនបើពួកគេមិនដកអាវុធទេ នោះពួកលោកនឹងដកអាវុធជំនួសពួកគេ។ បញ្ហានេះនឹងកើតឡើងយ៉ាងឆាប់រហ័ស ហើយប្រហែលជាមានអំពើហិង្សា ប៉ុន្តែពួកគេនឹងដកហូតអាវុធ។ រហូតមកដល់ពេលនេះ ក្រុមហាម៉ាស បានបដិសេធមិនព្រមដកអាវុធ បើទោះបីជាវាជាផ្នែកសំខាន់នៃដំណាក់កាលបន្ទាប់នៃផែនការ២០ ចំណុចរបស់លោក Trump សម្រាប់បទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពរយៈពេលវែងនៅមជ្ឈិមបូព៌ាក៏ដោយ។ លោក Trump ពុំបានបញ្ជាក់លម្អិតថាតើនរណាដែលលោកចង់មានការពាក់ព័ន្ធនឹងការរំសាយអាវុធរបស់ក្រុមហាម៉ាស ឬថាតើវានឹងរួមបញ្ចូលកងកម្លាំងអាមេរិកដែរឬទេ ប៉ុន្តែលោកបានបន្ថែមថា អ្នកដឹងហើយថារូបលោកមិនលេងហ្គេមទេ៕
-
![[UPDATE] ចំនួនអ្នកស្លាប់ក្នុងហេតុការណ៍ឆេះរោងចក្រកាត់ដេរនៅបង់ក្លាដែស កើនឡើងជាង១០នាក់ ហើយចំនួនអាចកើនឡើងថែមទៀត](http://165.232.167.198/wp-content/uploads/2025/10/photo_2025-10-15_09-08-50.jpg)
[UPDATE] ចំនួនអ្នកស្លាប់ក្នុងហេតុការណ៍ឆេះរោងចក្រកាត់ដេរនៅបង់ក្លាដែស កើនឡើងជាង១០នាក់ ហើយចំនួនអាចកើនឡើងថែមទៀត
ក្រុមមន្ត្រីបាននិយាយថា អគ្គិភ័យមួយបានឆាបឆេះរោងចក្រកាត់ដេរមួយកន្លែង នៅក្នុងប្រទេសបង់ក្លាដែស និងឃ្លាំងស្តុកសារធាតុគីមីមួយនៅក្បែរនោះ កាលពីថ្ងៃអង្គារ១៤តុលា ដោយបានបណ្ដាលឲ្យអ្នកស្លាប់កើនឡើងដល់១៦នាក់ និងមួយចំនួនរងរបួស។ ពួកគេបានបន្ថែមថា ចំនួនអ្នកស្លាប់ត្រូវគេរំពឹងថានឹងកើនឡើង ខណៈកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនៅតែបន្ត។ នាយកដ្ឋានសេវាកម្មពន្លត់អគ្គិភ័យ និងការពារជនស៊ីវិល បាននិយាយថា អគ្គិភ័យ បានចាប់ផ្តើមនៅជាន់ទី៣ នៃរោងចក្រកម្ពស់ ៧ជាន់ក្នុងតំបន់ Mirpur របស់ទីក្រុង Dhaka មុនពេលរាលដាលដល់ឃ្លាំងផ្ទុកសារធាតុគីមី ដែលស្តុកម្សៅពណ៌ ប្លាស្ទិក និងអ៊ីដ្រូសែនប៉េរ៉ូស៊ីត ។ រថយន្តមកពីអង្គភាពពន្លត់អគ្គិភ័យចំនួន ៨ គ្រឿង បានគ្រប់គ្រងសា្ថនការណ៍នៃអគ្គិភ័យនៅរោងចក្រនោះ បន្ទាប់ពីឆាបឆេះរយៈពេលជិត ៣ ម៉ោង ទោះបីភ្លើងនៅតែបន្តឆេះនៅក្នុងឃ្លាំងនោះក៏ដោយ។ ស្តង់ដារសុវត្ថិភាពអគារ និងការទប់ស្កាត់អគ្គិភ័យ មិនល្អ នាំឱ្យគ្រោះមហន្តរាយបែបនេះរាប់សិបលើកកើតឡើងនៅក្នុងប្រទេសបង់ក្លាដែសជារៀងរាល់ឆ្នាំ ហើយគ្រោះថ្នាក់នាពេលកន្លងមកបានធ្វើឱ្យខូចគុណភាពផ្នែកវាយនភណ្ឌដ៏រឹងមាំ ដែលមានបុគ្គលិករាប់លាននាក់ និងបង្កើតបានច្រើនជាង១០% នៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន៕
-

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានដឹកនាំប្រតិភូក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អញ្ជើញចូលរួមថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ “ព្រះបរមរតនកោដ្ឋ”
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំប្រតិភូក្រសួងអញ្ជើញចូលរួមថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” គម្រប់ខួប ១៣ ឆ្នាំ នាព្រះមណ្ឌបសួនច្បារខាងកើតវិមានឯករាជ្យ រាជធានីភ្នំពេញ។ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះ “ព្រះបរមរតនកោដ្ឋ” ដែលព្រះអង្គបានលះបង់និងបូជាព្រះកាយពលដ៏ធំធេងបំផុតចំពោះជាតិមាតុភូមិកម្ពុជា។ សូមថ្វាយព្រះរាជកុសលថ្វាយព្រះវិញ្ញាណក្ខន្ឋ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ សូមស្តេចយាងបដិសន្ឋិក្នុងព្រះបរមសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
-

អាមេរិកជំរុញឱ្យម៉ាដាហ្គាស្ការស្វែងរកសន្តិភាព បន្ទាប់ពីយោធាដណ្តើមអំណាចប្រធានាធិបតី
វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ បានចេញមុខលូកដៃជួយជំរុញឱ្យគ្រប់ភាគីនៅក្នុងប្រទេសម៉ាដាហ្គាស្ការ ស្វែងរកដំណោះស្រាយសន្តិភាព ដោយគោរពតាមសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញ ចំពេលដែលយោធាបានឡើងកាន់អំណាច ក្រោយប្រធានាធិបតីរត់ចោលប្រទេស។ ការអំពាវនាវរបស់អាមេរិក កើតឡើងបន្ទាប់ពីយោធាម៉ាដាហ្គាស្ការ នៅថ្ងៃអង្គារនេះ បានប្រកាសដណ្តើមអំណាចគ្រប់គ្រងប្រទេស បន្ទាប់ពីប្រធានាធិបតី លោក អង់ឌ្រី រ៉ាចូចេលីណា បានភៀសខ្លួនចេញពីប្រទេស ចំពេលមានការប្រឈមមុខដាក់គ្នា ជាមួយក្រុមបាតុករដែលដឹកនាំដោយយុវជន និងកងកម្លាំងសន្តិសុខ។ បើទោះបីលោកប្រធានាធិបតី រ៉ាចូចេលីណា បានភៀសខ្លួនចេញពីប្រទេសដោយយន្តហោះយោធាបារាំង កាលពីថ្ងៃអាទិត្យក៏ដោយ ក៏លោកនៅតែបដិសេធមិនព្រមចុះចេញពីតំណែង។ យ៉ាងណាមិញ វរសេនីយ៍ឯក មីកែល រ៉ង់ឌ្រីយ៉ានីរីណា ដែលបានដឹកនាំការបះបោររបស់ទាហាន បានប្រកាសតាមវិទ្យុជាតិថា យើងបានដណ្តើមអំណាចហើយ ហើយថា យោធានឹងរំលាយស្ថាប័នទាំងអស់ រួមទាំងរដ្ឋធម្មនុញ្ញក៏ត្រូវបានព្យួរ លើកលែងតែរដ្ឋសភាជាតិប៉ុណ្ណោះ។ គួរបញ្ជាក់ថា ភ្លើងវិបត្តិនយោបាយនៅម៉ាដាហ្គាស្ការ បានឆាបឆេះឡើងបន្ទាប់ពីមានការតវ៉ាដែលដឹកនាំដោយយុវជនអស់ជាច្រើនសប្តាហ៍ ប្រឆាំងនឹងអំពើពុករលួយ និងអភិបាលកិច្ចមិនល្អ ហើយស្ថានការណ៍បានឈានដល់ចំណុចកំពូល នៅពេលដែលអង្គភាពយោធាពិសេសបានងាកមកគាំទ្រក្រុមបាតុករ៕ ប្រភព ៖ AFP និង Reuters