Category: ព័ត៌មានជាតិ
-

មេដឹកនាំអ៊ុយក្រែន ប្រាប់កិច្ចប្រជុំ UN ថា រុស្ស៊ីត្រូវតែបង្ខំឱ្យចូលរួមក្នុងកិច្ចចរចាសន្តិភាព
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារ (២៤ កញ្ញា) ថា សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន មិនអាចស្ងប់ស្ងាត់ដោយការពិភាក្សាតែម្ខាងនោះទេ ប៉ុន្តែថាទីក្រុងមូស្គូ ត្រូវតែបង្ខំឱ្យមកចូលរួមក្នុងកិច្ចចរចាសន្តិភាព។ លោក Zelenskiy បានស្វះស្វែងរកការគាំទ្រពីបណ្ដាមេដឹកនាំលោកខាងលិច សម្រាប់អ្វីដែលលោកហៅថា “ផែនការជ័យជម្នះ” ដើម្បីបញ្ចប់សង្រ្គាមដ៏អូសបន្លាយ ដែលកើតឡើងនៅពេលដែលរុស្ស៊ី ចាប់ផ្តើមប្រតិបត្តិការយោធាពិសេសនៅខែកុម្ភៈ ឆ្នាំ២០២២។ លោក Zelenskiy បាននិយាយថា សង្រ្គាមនឹងបញ្ចប់នៅថ្ងៃណាមួយ ប៉ុន្តែមិនមែនដោយសារតែ “នរណាម្នាក់ធុញទ្រាន់នឹងសង្រ្គាម” ឬតាមរយៈការដោះដូរជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) នោះទេ ដែលនេះជាសេចក្ដីយោងទៅលើសំណើដែលថាឱ្យអ៊ុយក្រែនប្រគល់ទឹកដីមួយចំនួនដែលកាន់កាប់ដោយរុស្ស៊ី ដើម្បីដោះស្រាយជម្លោះ។ លោក Zelenskiy លើកឡើងថា “សង្រ្គាមនេះមិនអាចស្ងប់ស្ងាត់ដោយត្រឹមតែការពិភាក្សាបានទេ ប៉ុន្តែសកម្មភាពជាក់ស្ដែងគឺចាំបាច់ណាស់” និងថ្លែងអំណរគុណដល់ប្រទេសនានាដែលបានផ្តល់ការគាំទ្រដល់អ៊ុយក្រែន។ មេដឹកនាំអ៊ុយក្រែនរូបនេះបន្តថា “លោក ពូទីន នឹងមិនបញ្ឈប់សកម្មភាពកម្រោលដោយខ្លួនឯងទេ មានតែត្រូវបង្ខំឱ្យរុស្ស៊ី មកចរចាសន្តិភាពប៉ុណ្ណោះ”។ អ៊ុយក្រែន ប្រឈមមុខនឹងអនាគតមិនច្បាស់លាស់។ ជ័យជម្នះរបស់អតីតប្រធានាធិបតីអាមេរិក លោក Donald…
-

លីបង់និយាយថា មានតែអាមេរិកទេ ដែលអាចបញ្ឈប់ការបាញ់ស្រោចរបស់អ៊ីស្រាអែល ខណៈអ្នកស្លាប់ជិត៥៧០នាក់
លីបង់បាននិយាយថា មានតែក្រុងវ៉ាស៊ីនតោនប៉ុណ្ណោះដែលអាចជួយបញ្ចប់ការបាញ់ផ្លោងដ៏ខ្លាំងក្លារបស់អ៊ីស្រាអែល និងការប្រយុទ្ធគ្នាបាន ខណៈការវាយកលុករបស់អ៊ីស្រាអែលចាប់តាំងពីព្រឹកថ្ងៃចន្ទដើមសប្ដាហ៍នេះ បានសម្លាប់មនុស្ស១៦៩នាក់ រួមទាំងកុមារ៥០ នាក់ និងមនុស្សចំនួន១.៨៣៥នាក់ រងរបួសក្នុងប្រទេសលីបង់។ រដ្ឋមន្ត្រីការបរទេសលីបង់ លោក Abdallah Bou Habib បានរិះគន់សុន្ទរកថារបស់លោក Biden ថា គ្មានភាពរឹងមាំ និងគ្មានការសន្យា ហើយបាននិយាយថា សហរដ្ឋអាមេរិកគឺជាប្រទេសតែមួយគត់ដែលពិតជាអាចធ្វើឱ្យមានការផ្លាស់ប្តូរស្ថានការណ៍នៅមជ្ឈិមបូព៌ា ក៏ដូចជាទាក់ទងនឹងប្រទេសលីបង់។ ទីក្រុងវ៉ាស៊ីនតោន គឺជាសម្ព័ន្ធមិត្តដ៏យូរលង់របស់អ៊ីស្រាអែល និងជាអ្នកផ្គត់ផ្គង់អាវុធធំបំផុត។ ការវាយលុកថ្មីប្រឆាំងនឹងក្រុមហេសបូឡា បានធ្វើឱ្យមានក្ដីបារម្ភយ៉ាងខ្លាំងថា ជម្លោះជិតមួយឆ្នាំរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស នៅតំបន់ហ្កាហ្សាកំពុងរីកមាឌ និងអាចបង្កអស្ថិរភាពនៅមជ្ឈិមបូព៌ា។ ចក្រភពអង់គ្លេសបានជំរុញឱ្យប្រជាពលរដ្ឋរបស់ខ្លួនចាកចេញពីប្រទេសលីបង់ ហើយបាននិយាយថា ខ្លួនកំពុងបញ្ជូនកងទ័ពចំនួន៧០០ នាក់ទៅកាន់ប្រទេសកោះហ្ស៊ីប ដើម្បីជួយពលរដ្ឋរបស់ខ្លួនក្នុងការជម្លៀសចេញ។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបាននិយាយថា ខ្លួននឹងជួបប្រជុំគ្នានៅថ្ងៃពុធសប្ដាហ៍នេះ ដើម្បីពិភាក្សាអំពីជម្លោះនេះ៕
-

-

ប្រភព៖ អ៊ីរ៉ង់ កំពុងសម្របសម្រួលកិច្ចចរចាដើម្បីបញ្ជូនមីស៊ីលទំនើបរបស់រុស្ស៊ី ទៅឱ្យក្រុមហ៊ូទី
ប្រភពពីលោកខាងលិច និងក្នុងតំបន់បាននិយាយថា អ៊ីរ៉ង់បាននឹងកំពុងសម្របសម្រួលកិច្ចចរចាសម្ងាត់ដែលកំពុងបន្តរវាងរុស្ស៊ី និងក្រុមឧទ្ទាម ហ៊ូទី របស់យេម៉ែន ដើម្បីផ្ទេរមីស៊ីលប្រឆាំងនាវាទៅកាន់ក្រុមសកម្មប្រយុទ្ធមួយនេះ ដែលជាសញ្ញាបង្ហាញពីទំនាក់ទំនងកាន់តែស៊ីជម្រៅរវាងទីក្រុងតេអេរ៉ង់ និងទីក្រុងមូស្គូ។ ប្រភពចំនួនប្រាំពីរនិយាយថា រុស្ស៊ីមិនទាន់សម្រេចចិត្តផ្ទេរមីស៊ីល យ៉ាកខុន (Yakhont) ឬត្រូវបានគេស្គាល់ថា ភី-៨០០ អូនីក (P-800 Oniks) នៅឡើយទេ ដែលអ្នកជំនាញនិយាយថានឹងអនុញ្ញាតឱ្យក្រុមសកម្មប្រយុទ្ធនេះវាយប្រហារបានជាក់លាក់ជាងមុនលើនាវាពាណិជ្ជកម្មនៅសមុទ្រក្រហម និងបង្កើនការគំរាមកំហែងដល់នាវាចម្បាំងអាមេរិក និងអឺរ៉ុប ដែលការពារនៅទីនោះ។ សារព័ត៌មាន វ៉លស្រ្ទីតជើណល (Wall Street Journal) បានរាយការណ៍កាលពីខែកក្កដាថា រុស្ស៊ីកំពុងពិចារណាបញ្ជូនមីស៊ីលទាំងនោះ ខណៈតួនាទីរបស់អ៊ីរ៉ង់ ជាអន្តរការីនេះមិនត្រូវបានគេរាយការណ៍ពីមុនទេ។ ក្រុមហ៊ូទី បានចាប់ផ្តើមការវាយប្រហារដោយយានដ្រូន និងមីស៊ីលម្តងហើយម្តងទៀតលើនាវានៅក្នុងបណ្តាញដឹកជញ្ជូនសមុទ្រក្រហមដ៏សំខាន់ចាប់តាំងពីខែវិច្ឆិកាមក ដើម្បីបង្ហាញការគាំទ្រដល់ប៉ាឡេស្ទីនក្នុងសង្រ្គាមហ្កាហ្សា ជាមួយអ៊ីស្រាអែល។ មន្ត្រីក្នុងតំបន់ពីររូបដែលដឹងពីកិច្ចចរចានោះបាននិយាយថា ក្រុមហ៊ូទី និងរុស្ស៊ី បានជួបគ្នាក្នុងទីក្រុងតេអេរ៉ង់ យ៉ាងហោចណាស់ពីរដងក្នុងឆ្នាំនេះ ហើយថាការពិភាក្សាដើម្បីផ្តល់មីស៊ីលរាប់សិបគ្រាប់ដែលមានរយៈចម្ងាយប្រហែល ៣០០គីឡូម៉ែត្រ នោះកំពុងបន្តជាមួយកិច្ចប្រជុំនៅទីក្រុងតេអេរ៉ង់បន្ថែមទៀត ដែលរំពឹងទុកនៅប៉ុន្មានសប្តាហ៍ខាងមុខ៕
-

លោកBiden៖ ឥឡូវដល់ពេលដែលត្រូវចុះកិច្ចព្រមព្រៀងហ្កាហ្សានិងបញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ាហើយ
លោកប្រធានាធិបតីអាមេរិក Joe Biden កាលពីថ្ងៃអង្គារសប្ដាហ៍នេះបានព្រមានប្រឆាំងនឹងសង្គ្រាមពេញបន្ទុកនៅមជ្ឈិមបូព៌ា ដោយជំរុញឱ្យបណ្ដាមេដឹកនាំស្វែងរកដំណោះស្រាយការទូតទាំង នៅលីបង់ និងហ្កាហ្សា។ លោក Biden បានប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិ បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលចូលក្នុងប្រទេសលីបង់ដាក់គោលដៅទៅលើក្រុម ហេស្បូឡាបានសម្លាប់មនុស្សជាង ៥០០នាក់ថាសង្គ្រាមពេញបន្ទុកមិនស្ថិតនៅក្នុងផលប្រយោជន៍របស់នរណាម្នាក់ឡើយ ។លោកបន្តថា ទោះបីស្ថានការណ៍កាន់តែយ៉ាប់យ៉ឺនខ្លាំងក៏ដោយ ក៏ដំណោះស្រាយការទូតនៅតែអាចធ្វើទៅបាន។ ដោយនិយាយអំពីជម្លោះដែលកំពុងកើនឡើងនៅលីបង់ ប្រធានាធិបតីអាមេរិករូបនេះបាននិយាយថាតាមពិតទៅ វានៅតែជាផ្លូវតែមួយគត់ឆ្ពោះទៅរកសន្តិសុខយូរអង្វែង ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋមកពីប្រទេសទាំងពីរ ត្រឡប់ទៅផ្ទះរបស់ពួកគេវិញតាមព្រំដែនដោយសុវត្ថិភាព។ហើយនោះជាអ្វីដែលយើងកំពុងធ្វើដោយមិនខ្លាចនឿយហត់ដើម្បីសម្រេចបានកិច្ចព្រមព្រៀងនេះ។ ការបង្ហូរឈាមនៅក្នុងប្រទេសលីបង់បានកើតមានឡើងបន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងជាច្រើនខែរបស់សហរដ្ឋអាមេរិកក្នុងការស្វែងរកបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនៅក្នុងដែនដី ហ្កាហ្សាប៉ាឡេស្ទីន បានបរាជ័យ។ លោក Biden បាននិយាយថាលោកនៅតែជំរុញឱ្យមានបទឈប់បាញ់ក្នុងសង្គ្រាមជិតមួយឆ្នាំនៅហ្កាហ្សា។ លោកថាខ្ញុំបានដើរទៅមុខជាមួយកាតា និងអេហ្ស៊ីប ដើម្បីសម្រេចឲ្យបានកិច្ចព្រមព្រៀងបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំង ហើយកិច្ចព្រមព្រៀងនេះត្រូវបានគាំទ្រដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ឥឡូវនេះដល់ពេលវេលាសម្រាប់ភាគីទាំងអស់បញ្ចប់លក្ខខណ្ឌរបស់ខ្លួនហើយ៕
-

អ៊ីស្រាអែលសម្លាប់មេបញ្ជាការក្រុមហេសបូឡានៅលីបង់ ខណៈប្តេជ្ញាវាយប្រហារតាមអាកាសបន្ថែមទៀត
ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើទីក្រុងបេរូត(Beirut)ប្រទេសលីបង់ បានសម្លាប់មេបញ្ជាការជាន់ខ្ពស់របស់ក្រុមហេសបូឡាមួយរូប កាលពីថ្ងៃអង្គារ២៤ កញ្ញា ខណៈការវាយប្រហារដោយគ្រាប់រ៉ូកែតឆ្លងព្រំដែនដោយភាគីទាំងពីរបានបង្កើនក្ដីបារម្ភថា អាចផ្ទុះសង្រ្គាមពេញបន្ទុកនៅមជ្ឈិមបូព៌ា។ យោធាអ៊ីស្រាអែល បាននិយាយថា ការវាយប្រហារតាមអាកាសលើរដ្ឋធានីលីបង់បានសម្លាប់លោក អ៊ីប្រាហ៊ីម គូបៃស៊ី (Ibrahim Qubaisi) ដែលខ្លួនបាននិយាយថាជាមេបញ្ជាការកងកម្លាំងមីស៊ីល និងរ៉ូកែតរបស់ក្រុមប្រដាប់អាវុធហេសបូឡា។ ប្រភពសន្តិសុខពីរនៅក្នុងប្រទេសលីបង់បានហៅលោកថាជាឥស្សរជនឈានមុខគេនៅក្នុងផ្នែករ៉ូកែតរបស់ក្រុមគាំទ្រដោយអ៊ីរ៉ង់មួយនេះ។ ក្រោយមកយោធាអ៊ីស្រាអែល បាននិយាយថា កងកម្លាំងអាកាសក៏បានបើកការវាយប្រហារយ៉ាងសន្ធាប់លើគោលដៅរបស់ក្រុមហេសបូឡា នៅទូទាំងភាគខាងត្បូងប្រទេសលីបង់ផងដែរ រួមទាំងឃ្លាំងស្តុកផ្ទុកអាវុធ និងជើងទម្របាញ់អាវុធរាប់សិបគ្រឿង ដែលមានគោលដៅលើទឹកដីអ៊ីស្រាអែល។ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បាននិយាយថា ក្រុមហេសបូឡានៅថ្ងៃនេះមិនដូចក្រុមហេសបូឡាដែលយើងបានស្គាល់កាលពីមួយសប្តាហ៍មុននោះទេ ដោយលោកបានបន្ថែមថា អ៊ីស្រាអែល ប្ដេជ្ញាបើកការវាយប្រហារតាមអាកាសបន្ថែមទៀតលើក្រុមនេះ៕
-

សកម្មជន តវ៉ាប្រឆាំងការគាំទ្ររបស់អាមេរិក ដល់អ៊ីស្រាអែល ខណៈក្ដីបារម្ភនៃសង្រ្គាមមជ្ឈិមបូព៌ាកាន់តែធំ
ក្រុមអ្នកតវ៉ានៅក្នុងទីក្រុងមួយចំនួនរបស់សហរដ្ឋអាមេរិក បានធ្វើបាតុកម្មកាលពីថ្ងៃអង្គារ (២៤ កញ្ញា) ប្រឆាំងនឹងការគាំទ្រផ្នែកយោធារបស់អាមេរិក សម្រាប់អ៊ីស្រាអែល ខណៈហានិភ័យបានកើនឡើងកាន់តែខ្លាំងនៃជម្លោះពេញបន្ទុកនៅមជ្ឈិមបូព៌ា ជាមួយនឹងសកម្មជនប្រឆាំងសង្រ្គាមទាមទារឱ្យមានការហាមឃាត់អាវុធប្រឆាំងនឹងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកមួយនេះ។ ក្រុមបាតុកររាប់សិបនាក់បានប្រមូលផ្តុំគ្នានៅទីលានចតុរង្គ ហើរ៉ល (Herald) ក្នុងទីក្រុងញូវយ៉ក កាលពីល្ងាចថ្ងៃអង្គារ ហើយបានកាន់បដាដែលសរសេរថា “ដកដៃចេញពីលីបង់ឥឡូវនេះ” និង “កុំយកសង្រ្គាមអាមេរិក-អ៊ីស្រាអែលដាក់លើលីបង់” នេះបើយោងតាមក្រុមចម្រុះ អាន់សឺ (ANSWER) ដែលតំណាងឱ្យ “ធ្វើសកម្មភាពឥឡូវនេះដើម្បី បញ្ឈប់សង្គ្រាម និងបញ្ចប់ការរើសអើងជាតិសាសន៍»។ បាតុកម្មទ្រង់ទ្រាយតូចមួយផ្សេងទៀតដែលមានពាក្យតវ៉ា និងបដាស្រដៀងគ្នានេះត្រូវបានគេឃើញផងដែរនៅជិតសេតវិមាន ក្នុងទីក្រុងវ៉ាស៊ីនតោន នៅល្ងាចថ្ងៃអង្គារ អំឡុងពេលមានភ្លៀងធ្លាក់ខ្លាំង។ ក្រុមចម្រុះ ANSWER បាននិយាយថា “ការវាយប្រហាររបស់អ៊ីស្រាអែល នៅលីបង់ និងការឡោមព័ទ្ធដែលកំពុងបន្ត និងការប្រល័យពូជសាសន៍នៅតំបន់ហ្កាហ្សា គឺអាចធ្វើទៅបានដោយសារគ្រាប់បែក មីស៊ីល និងយន្តហោះចម្បាំងដ៏ច្រើនដែលផ្តល់ដោយរដ្ឋាភិបាលអាមេរិក”។ ក្រុមសកម្មជននេះនិយាយថា ការតវ៉ាក៏ត្រូវបានរៀបចំផងដែរកាលពីថ្ងៃអង្គារ នៅក្នុងទីក្រុងផ្សេងទៀតដូចជា សាន់ហ្វ្រាន់ស៊ីស្កូ (San Francisco), ស៊ីអាថល (Seattle), សាន អង់តូនីញ៉ូ (San Antonio) និង ហ្វីនិច (Phoenix) ជាដើម។…
-

ខេត្តសៀមរាបនឹងរៀបចំក្បួនហែ អបអរសាទរ ទិវាទេសចរណ៍ ពិភពលោក ២០២៤
អង្គការទេសចរណ៍ ពិភពលោករបស់អង្គការសហប្រជាជាតិបានសហការជាមួយរដ្ឋបាលខេត្តនឹងរៀបចំក្បួនហែ អបអរសាទរ ទិវាទេសចរណ៍ ពិភពលោក ២០២៤ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៥:០០នាទីតទៅ ដោយចាប់ផ្តេីមហែចេញមុខមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប។ សូមបញ្ជាក់ថា ការចូលរួមអបអរសាទរទិវាទេសចរណ៍ពិភពលោក តែងតែរៀបចំជារៀងរាល់ឆ្នាំនាថ្ងៃទី២៧ ខែកញ្ញា ដោយអង្គការទេសចរណ៍ ពិភពលោករបស់អង្គការសហប្រជាជាតិ និង លើកកំពស់ផ្សព្វផ្សាយគោលដៅទេសចរណ៍ខេត្តសៀមរាបប្រកបដោយការច្នៃប្រឌិត ដេីម្បីបង្កើតបរិយាកាស ចូលរួមទាំងអស់គ្នាគ្រប់ភាគីពាក់ព័ន្ធ រដ្ឋ ឯកជន តាមទិសស្លោក “ទាំងអស់គ្នាដើម្បីទេចរណ៍ និងទេសចរណ៍ ដើម្បីទាំងអស់គ្នា”។ ចំពោះការក្បួនហែចេញមុខមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប ដោយឆ្លងកាត់ផ្លូវសំខាន់ៗមួយចំនួនក្នុងក្រុង ដូចមានក្នុងផែនទីភ្ជាប់មកជាមួយខាងក្រោម។ សូមអញ្ជេីញបងប្អូនចូលរួមឱ្យច្រេីនកុះករ។
-

-

មន្ត្រីជលផលកំពង់ចាម បន្តចុះបង្ក្រាបឧបករណ៍នេសាទខុសច្បាប់នៅភូមិសាស្ត្រស្រុកកងមាសនិងស្រុកព្រៃឈរ
កំពង់ចាម៖ ដេីម្បីចូលរួមទប់ស្កាត់ និងបង្ក្រាបបទល្មេីសនេសាទខុសច្បាប់នៅតាមព្រែក បឹង និងទន្លេ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម មន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានបន្តចុះបង្ក្រាបឧបករណ៍នេសាទខុសច្បាប់នៅភូមិសាស្ត្រស្រុកកងមាស និងស្រុកព្រៃឈរ។ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤នេះ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអាជ្ញាធរស្រុកជើងព្រៃនឹងស្រុកព្រៃឈរ ដោយមានការសម្របសម្រួលពីឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល បានមួយករណី ក្នុងនោះនៅក្នុងស្រុកកងមាសនិងស្រុកព្រៃឈរដោយកសាងសំណុំរឿងតាមនិតិវិធីច្បាប់ស្តីពីជលផល និងរុះរើកាប់បំផ្លាញចោលវត្ថុតាងនៃបទល្មើសជលផលនៅនឹងកន្លែង។ លោក លី ស្រ៊ី នាយខណ្ឌស្តីទីជលផលកំពង់ចាម បានឲ្យដឹងថា ជាលទ្ធផល ប្រតិបត្តិការចុះបង្រ្កាបបទល្មើសជលផលនេះដែរ ក្រុមការងារបានរុះរើកាប់បំផ្លាញចោលវត្ថុតាងនៅចំណុចទំនប់តំបន់បាទី ឃុំព្រៃចារ ស្រុកជើងព្រៃ ឧបករណ៍ដែលបំផ្លាញចោលរួមមាន៖ឧបករណ៍លូស្បៃមុងសរុប២៥មាត់, របាំងស្បៃមុងប្រវែង ៧៦០ម៉ែត្រ, បង្គោលចម្រឹងចំនួន៣៩០ដើម, ចាក់លែងកូនត្រីចម្រុះទម្ងន់សរុប ១៧០គីឡូក្រាម ចូលក្នុងបឹងធម្មវិញ។ ទន្ទឹមនឹងនេះដែរ លោក នាយខណ្ឌស្តីទីជលផលកំពង់ចាម ដែលដឹកនាំផ្ទាល់ បានបន្តចុះអប់រំផ្សព្វផ្សាយដល់ប្រជានេសាទឈប់នេសាទនៅតំបន់ កុំប្រើប្រាស់ឧបករណ៍ល្មើសច្បាប់ និងស្នើសុំឲ្យអាជ្ញាធរមូលដ្ឋានចូលរួមសហការរាយការណ៍និងបង្ក្រាប អ្វីដែលមន្ត្រីជំនាញស្នើសុំទៀតនោះ គឺសូមឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមសហការទប់ស្កាត់ការនេសាទខុសច្បាប់ ដើម្បីរក្សាពូជត្រីបានច្រើន៕