Category: ព័ត៌មានជាតិ
-

អ៊ីរ៉ង់ផ្ញើសារទៅអាមេរិក ដោយភ្ជាប់ការព្រមានពីការឆ្លើយតបមិនធម្មតា ក្នុងករណីមានការវាយប្រហារថ្មីរបស់អ៊ីស្រាអែល
អ៊ីរ៉ង់ បានប្រាប់សហរដ្ឋអាមេរិកតាមរយៈអន្តរការីថា ការវាយប្រហារណាមួយរបស់អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ នឹងជួបប្រទះការវាយបកវិញនូវការឆ្លើយតបមិនធម្មតា ដែលរួមទាំងការផ្តោតលើហេដ្ឋារចនាសម្ព័ន្ធអ៊ីស្រាអែល។ នៅក្នុងការថ្លែងផ្តាច់មុខទៅកាន់សារព័ត៌មាន Al Jazeera មន្ត្រីអ៊ីរ៉ង់ម្នាក់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ប្រទេសរបស់លោកបានផ្ញើសារទៅកាន់សហរដ្ឋអាមេរិកតាមរយៈប្រទេសកាតា ដោយសង្កត់ធ្ងន់អំពីការកើនឡើងនៃភាពតានតឹងក្នុងតំបន់បន្ទាប់ពីការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ទៅលើអ៊ីស្រាអែល។ នៅក្នុងសារនោះ ទីក្រុងតេអេរ៉ង់ បានប្រាប់ទីក្រុងវ៉ាស៊ីនតោនថា“ដំណាក់កាលនៃការអត់ធ្មត់ជាឯកតោភាគីបានបញ្ចប់ហើយ” ដោយបន្ថែមថា “ការអត់ធ្មត់សម្រាប់ខ្លួនឯងពុំធានាបាននូវតម្រូវការសន្តិសុខជាតិរបស់យើងទេ”។ សារប្រយោលនេះ ក៏បានសង្កត់ធ្ងន់ផងដែរថា អ៊ីរ៉ង់មិនចង់មានសង្រ្គាមក្នុងតំបន់នោះទេ។ កាលពីថ្ងៃពុធសប្ដាហ៍នេះ អ៊ីស្រាអែលបានសន្យាឆ្លើយតបបន្ទាប់ពីកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) របស់អ៊ីរ៉ង់ បានវាយប្រហាររលកទី២ដោយការបាញ់មីស៊ីលបាលីស្ទីកលើគោលដៅយោធា និងសន្តិសុខក្នុងប្រទេសអ៊ីស្រាអែល៕
-

UN៖ មនុស្សជាង៥លាននាក់នៅអាហ្វ្រិកកណ្តាលនិងខាងលិច រងផលប៉ះពាល់ដោយទឹកជំនន់
ក្រុមអង្គការមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មនុស្សជាង ៥លាននាក់នៅក្នុងប្រទេសចំនួន១៦ នៅអាហ្វ្រិកខាងលិច និងកណ្តាល បានរងផលប៉ះពាល់ដោយទឹកជំនន់នៅក្នុងឆ្នាំនេះ ។ ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) បាននិយាយថា នៅអាហ្វ្រិកខាងលិច និងកណ្តាល ទឹកជំនន់បានហក់ឡើងដល់កម្រិតដ៏មហន្តរាយ ដោយប្រទេសឆាដ នីហ្សេ និងនីហ្សេរីយ៉ា ស្ថិតក្នុងចំណោមប្រទេសដែលរងគ្រោះខ្លាំងបំផុត ដែលប្រជាជនជាង៨០ ភាគរយ រងផលប៉ះពាល់។ ការិយាល័យបាននិយាយថា មនុស្សជាង ១.០០០នាក់បានស្លាប់ ហើយយ៉ាងហោចណាស់មនុស្ស ៧៤០.០០០នាក់ បានភៀសខ្លួនចេញ។ បន្ថែមលើនេះ លំនៅឋានរាប់សែនខ្នង សាលារៀនជាង១០០កន្លែង និងមណ្ឌលសុខភាពរាប់សិបកន្លែងត្រូវរងការខូចខាត ហើយដីស្រែចម្ការជាង២សែនហិចតា ក៏បានរងផលប៉ះពាល់។ អង្គការOCHA និយាយថា ដោយគ្មានជំនួយគ្រប់គ្រាន់ ទឹកជំនន់គំរាមកំហែងរារាំងដល់ការបើកសាលារៀនឡើងវិញ ដោយឆ្នាំសិក្សាថ្មីនឹងចាប់ផ្តើមនៅខែនេះ។ ទឹកជំនន់ ធ្វើឱ្យអសន្តិសុខស្បៀងដែលមានស្រាប់រួចទៅហើយនោះ កាន់តែធ្ងន់ធ្ងរឡើង ជាពិសេសនៅប្រទេសឆាដ និងប្រទេសនីហ្សេ។ អង្គការ OCHA បាននិយាយថា ស្ថានភាពរស់នៅមិនច្បាស់លាស់របស់ប្រជាជនដែលរងផលប៉ះពាល់ដោយទឹកជំនន់ ក៏បង្កើនហានិភ័យនៃជំងឺបង្កឡើងដោយទឹក ដូចជាជំងឺអាសន្នរោគដែលកំពុងរីករាលដាលនៅក្នុងតំបន់ជាច្រើននៅប្រទេសនីហ្សេ និងនីហ្សេរីយ៉ា។
-

រដ្ឋាភិបាលសហភាពអឺរ៉ុបប្រឈមនឹងការបោះឆ្នោតសំខាន់លើការដំឡើងពន្ធរថយន្តអគ្គិសនីរបស់ចិន
សមាជិកសហភាពអឺរ៉ុបប្រឈមនឹងការបោះឆ្នោតដ៏សំខាន់មួយនៅថ្ងៃសុក្រនេះ ថាតើត្រូវដំឡើងពន្ធរហូតដល់ ៤៥% លើការនាំចូលរថយន្តអគ្គិសនីផលិតដោយប្រទេសចិនឬយ៉ាងណា អំឡុងមានភាពតានតឹងផ្នែកពាណិជ្ជកម្មក្នុងប្លុកនេះ ដែលប្រឈមនឹងការសងសឹកពីទីក្រុងប៉េកាំង។ គណៈកម្មការអឺរ៉ុបដែលត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្មរបស់ប្លុកនេះ បានស្នើកាតព្វកិច្ចចុងក្រោយសម្រាប់រយៈពេល ៥ ឆ្នាំខាងមុខ ដើម្បីប្រឆាំងនឹងអ្វីដែលខ្លួនមើលឃើញថាជាការឧបត្ថម្ភធនរបស់ចិនមិនយុត្តិធម៌បន្ទាប់ពីការស៊ើបអង្កេតប្រឆាំងនឹងការឧបត្ថម្ភធនអស់រយៈពេលមួយឆ្នាំ។ នៅក្រោមច្បាប់របស់សហភាពអឺរ៉ុប គណៈកម្មការអាចដំឡើងពន្ធសម្រាប់រយៈពេល ៥ ឆ្នាំខាងមុខ លុះត្រាតែប្រទេសចំនួន ១៥ ក្នុងចំណោមសមាជិកសហភាពអឺរ៉ុបតំណាងឱ្យ ៦៥% នៃចំនួនប្រជាជនសហភាពអឺរ៉ុបបោះឆ្នោតប្រឆាំងនឹងផែនការនេះ។ ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃពុធថា ប្រទេសបារាំង ក្រិក អ៊ីតាលី និងប៉ូឡូញ នឹងបោះឆ្នោតគាំទ្រ ដែលគ្រប់គ្រាន់ក្នុងការបញ្ចៀសការរារាំងភាគច្រើនប្រឆាំងនឹងការដំឡើងពន្ធនេះ។ ក្នុងករណីពុំទទួលបានសំឡេងភាគច្រើនក៏ដោយ គណៈកម្មការប្រតិបត្តិសហភាពអឺរ៉ុបអាចអនុម័តការដំឡើងពន្ធនេះ ប៉ុន្តែក៏អាចដាក់សំណើដែលបានធ្វើវិសោធនកម្មរួចហើយ បានដែរ ប្រសិនបើចង់ទទួលបានការគាំទ្រកាន់តែទូលំទូកលាយ៕
-

-

-

WHO៖ បុគ្គលិកសុខាភិបាលរាប់សិបនាក់ ត្រូវបានសម្លាប់នៅលីបង់រយៈពេល២៤ម៉ោងកន្លងទៅនេះ
ប្រមុខអង្គការសុខភាពពិភពលោក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី៣ ខែតុលា ថា យ៉ាងហោចណាស់គ្រូពេទ្យសង្គ្រោះបឋមប្រចាំការចំនួន២៨នាក់ត្រូវបានសម្លាប់ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ នៅក្នុងប្រទេសលីបង់ ជាកន្លែងដែលអ៊ីស្រាអែលបានបើកការវាយលុកតាមអាកាស និងបានបញ្ជូនកងទ័ពទៅប្រយុទ្ធជាមួយក្រុមហេសបូឡា នៅក្នុងជម្លោះដែលកំពុងតែកើនឡើង។ អគ្គនាយក លោក Tedros Adhanom Ghebreyesus បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានតាមអ៊ីនធឺណិតថា «បុគ្គលិកសុខាភិបាលជាច្រើនអ្នកផ្សេងទៀត ពុំបានរាយការណ៍អំពីកាតព្វកិច្ច ហើយបានភៀសខ្លួនចេញពីតំបន់ដែលពួកគេត្រូវធ្វើការ ដោយសារតែការបាញ់ផ្លោង ។ លោកនិយាយថា ទីភ្នាក់ងារសុខភាពសកលនឹងមិនអាចដឹកជញ្ជូនការផ្គត់ផ្គង់វេជ្ជសាស្រ្តតាមផែនការទៅកាន់ប្រទេសលីបង់បានទេនៅថ្ងៃសុក្រនេះ ដោយសារតែការរឹតត្បិតជើងហោះហើរ។ តំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសលីបង់ លោកវេជ្ជបណ្ឌិត Abdinasir Abubakar បាននិយាយក្នុងសន្និសីទសារព័ត៌មានថា បុគ្គលិកថែទាំសុខភាពទាំងអស់ដែលបានស្លាប់ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ បានបំពេញកាតព្វកិច្ច ដោយបានជួយអ្នករងរបួសជាច្រើន។ ក្រសួងសុខាភិបាលរបស់ប្រទេស បាននិយាយថា មនុស្សសរុបជិត ២.០០០នាក់ត្រូវបានសម្លាប់ក្នុងនោះមានកុមារ១២៧នាក់ និង៩.៣៨៨៤នាក់បានរងរបួស ចាប់តាំងពីការចាប់ផ្តើមការវាយលុករបស់អ៊ីស្រាអែលលើប្រទេសលីបង់ ចាប់តាំងពីឆ្នាំមុន។ លោក Abubakar បាននិយាយថា មន្ទីរពេទ្យ បានជម្លៀសមនុស្ស ជាច្រើន។ លោកគិតថា អ្វីដែលលោកអាចនិយាយបាននៅពេលនេះ គឺសមត្ថភាពសម្រាប់ការគ្រប់គ្រងអ្នករងរបួសដ៏ច្រើន។
-

-

-

ភាគអាគ្នេយ៍សហរដ្ឋអាមេរិករងគ្រោះការវាយប្រហារពីព្យុះហេលេន ខណៈអ្នកស្លាប់កើនឡើងដល់ជាង២០០នាក់
មន្ត្រីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី៣ ខែតុលាសប្ដាហ៍នេះ ថាមនុស្សជាង២១០នាក់ ត្រូវបានបញ្ជាក់ថាបានស្លាប់បន្ទាប់ពីព្យុះសង្ឃរា ហេលេន (Helene) បានបំផ្លិចបំផ្លាញផ្លូវរបស់វានៅរដ្ឋមួយចំនួនរបស់សហរដ្ឋអាមេរិក ក្លាយជាព្យុះធ្ងន់ធ្ងរបំផុតទីពីរដែលបានវាយប្រហារដីគោករបស់សហរដ្ឋអាមេរិកក្នុងរយៈពេលជាងកន្លះសតវត្សមកនេះ។ លោកប្រធានាធិបតីអាមេរិក Joe Biden បានចុះត្រួតពិត្យស្ថានភាពជាលើកទីពីរជាប់ៗគ្នារបស់លោកទៅកាន់ភាគអាគ្នេយ៍របស់ប្រទេសនេះ ដើម្បីចូលរួមរំលែកទុក្ខជាមួយប្រជាពលរដ្ឋក្នុងតំបន់ដែលរងគ្រោះមហន្តរាយ ដោយបានបង្កការប៉ះពាល់ខ្លាំងដល់ជីវិតមនុស្សរាប់លាននាក់។ ព្យុះនេះ បាននាំមកនូវទឹកភ្លៀងខ្លាំង ជន់លិចទីក្រុងតូចធំជាច្រើន ធ្វើឱ្យផ្លូវរាប់មិនអស់មិនអាចឆ្លងកាត់បាន កាត់ផ្តាច់ចរន្តអគ្គិសនី និងប្រព័ន្ធសេវាទឹកស្អាត ហើយបានធ្វើឱ្យសហគមន៍នានាមានការតក់ស្លុតយ៉ាងខ្លាំង ។ ការកត់ត្រាតួលេខផ្លូវការដោយសារព័ត៌មាន AFP បញ្ជាក់ពីអ្នកស្លាប់ចំនួន ២១២ នាក់គិតត្រឹមថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ នៅទូទាំងរដ្ឋ North និង South Carolina រដ្ឋ Georgia រដ្ឋ Florida រដ្ឋ Tennessee និង រដ្ឋVirginia ។ គួររម្លឹកថាព្យុះ ហេលេន គឺជាព្យុះសង្ឃរាដ៏មានឥទ្ធិពលបំផុតទី២ ដែលបានវាយប្រហារដីគោកសហរដ្ឋអាមេរិក ចាប់តាំងពីការវាយប្រហាររបស់ព្យុះ Katrina ឆ្នាំ២០០៥ ដែលបានសម្លាប់មនុស្សចំនួន ១.៣៩២នាក់៕
-

អត្រាប្ដូរប្រាក់ផ្លូវការ ១ដុល្លារអាមេរិក ស្មើ៤,០៥៩ រៀល សម្រាប់ថ្ងៃទី០៤ ខែតុលានេះ
អត្រាប្តូរប្រាក់គោល រវាងរូបិយបណ្ណផ្សេងៗជាមួយប្រាក់រៀល ប្រចាំថ្ងៃទី០៤ ខែតុលានេះ អត្រាផ្លូវការ ១ដុល្លារអាមេរិក ស្មើ៤,០៥៩រៀល។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤នេះ។ សូមបញ្ជាក់ថា អត្រាប្តូរប្រាក់អាមេរិកធៀបជាមួយប្រាក់រៀលខ្មែរ មិនមានការប្រែប្រួលច្រើននោះទេ មួយរយៈពេលកន្លងមកនេះ៕ដោយ៖ ធូ កុសល MoINFO APP