Category: ព័ត៌មានជាតិ
-

ជនជាតិរ៉ូហ៊ីងយ៉ា នៅមីយ៉ាន់ម៉ា រងការគំរាមកំហែង ខណៈការវាយប្រហារកាន់តែខ្លាំងក្លាក្នុងរដ្ឋរ៉ាឃីន
សហគមន៍ជនជាតិភាគតិចមូស្លីម រ៉ូហ៊ីងយ៉ា របស់សហភាពមីយ៉ាន់ម៉ា កំពុងតែស្ថិតក្រោមការគំរាមកំហែងនៃការវាយប្រហារ និងការផ្លាស់ទីលំនៅជាថ្មីម្តងទៀត ខណៈដែលការប្រយុទ្ធគ្នារវាងកងទ័ពជនជាតិភាគតិចដ៏មានឥទ្ធិពល និងរបបយោធាកំពុងកាន់អំណាចរបស់ប្រទេសនេះ កាន់តែកើនឡើងខ្លាំងនៅក្នុងរដ្ឋរ៉ាឃីន (Rakhine) ភាគខាងលិច នេះបើយោងតាមអង្គការសហប្រជាជាតិ និងទីភ្នាក់ងារជំនួយ។ ជនជាតិរ៉ូហ៊ីងយ៉ា រាប់ម៉ឺននាក់ ត្រូវបានគេប៉ាន់ស្មានថាបានភៀសខ្លួនដើម្បីសុវត្ថិភាពទៅកាន់ប្រទេសជិតខាងបង់ក្លាដែស ចាប់តាំងពីពាក់កណ្តាលខែឧសភា ដែលស្ទាក់ស្ទើរក្នុងការទទួលយកជនភៀសខ្លួនបន្ថែមទៀត ហើយអ្នកដែលនៅសល់ជាច្រើននាក់នៅក្នុងរដ្ឋរ៉ាឃីន កំពុងត្រូវការជំនួយមនុស្សធម៌យ៉ាងខ្លាំង។ កងទ័ពអារ៉ាកាន (AA) បានអះអាងកាន់កាប់ភូមិ ប៊ូធីឌួង (Buthidaung) កាលពីដើមខែឧសភា បន្ទាប់ពីមានការប្រយុទ្ធគ្នា ក្នុងអំឡុងពេលដែលកងទ័ពជនជាតិភាគតិចមួយនេះត្រូវបានចោទប្រកាន់ពីបទកំណត់គោលដៅលើសមាជិកសហគមន៍រ៉ូហ៊ីងយ៉ា ប៉ុន្តែខ្លួនបានបដិសេធ។ កងទ័ពអារ៉ាកាន ឥឡូវនេះ កំពុងទប់ទល់ការវាយប្រហារនៅតាមភូមិព្រំដែន មួងដាវ (Maungdaw) ជាកន្លែងរស់នៅរបស់ប្រជាជនរ៉ូហ៊ីងយ៉ា យ៉ាងច្រើន ដែលរបបយោធាមីយ៉ាន់ម៉ា ទំនងជានឹងព្យាយាមកាន់កាប់ ដោយបង្កើនទិដ្ឋភាពនៃអំពើហិង្សាកាន់តែធ្ងន់ធ្ងរ។ ជនជាតិរ៉ូហ៊ីងយ៉ា បានប្រឈមមុខនឹងការធ្វើទុក្ខបុកម្នេញជាច្រើនទសវត្សរ៍ ហើយបន្ទាប់ពីការបង្រ្កាបដោយយោធាឆ្នាំ២០១៧ ជនជាតិនេះជិតមួយលាននាក់បានភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដែស ដែលឥឡូវនេះមនុស្សជាច្រើនរស់នៅក្នុងជំរំជនភៀសខ្លួន៕
-

ហ្វីលីពីន តវ៉ាប្រឆាំងនឹងបម្រាមលើការនេសាទប្រចាំឆ្នាំនៅសមុទ្រចិនខាងត្បូងរបស់ចិន
ក្រសួងការបរទេសហ្វីលីពីន បាននិយាយកាលពីថ្ងៃចន្ទ (២៧ ឧសភា) ថា ប្រទេសហ្វីលីពីន បានតវ៉ាចំពោះការដាក់បម្រាមជាឯកតោភាគីរបស់ប្រទេសចិន លើការនេសាទប្រចាំឆ្នាំ រយៈពេលបួនខែនៅក្នុងសមុទ្រចិនខាងត្បូង។ ក្រសួងការបរទេសបាននិយាយថា ការដាក់បម្រាមនេសាទប្រចាំឆ្នាំនេះបង្កើនភាពតានតឹងនៅសមុទ្រចិនខាងត្បូង ដោយអំពាវនាវឱ្យទីក្រុងប៉េកាំង «បញ្ឈប់» ការធ្វើ «សកម្មភាពខុសច្បាប់» ដែលរំលោភលើអធិបតេយ្យភាព និងសិទ្ធិអធិបតេយ្យភាពរបស់ហ្វីលីពីន។ ប្រទេសចិន ដាក់បម្រាមនេសាទប្រចាំឆ្នាំលើដែនទឹកសមុទ្រចិនខាងត្បូង ហើយហ្វីលីពីនតែងតែប្រឆាំង។ ការហាមប្រាមនៅឆ្នាំនេះត្រូវបានគេរំពឹងថានឹងមានរយៈពេលរហូតដល់ខែកញ្ញា។ ក្រសួងកិច្ចការបរទេសរបស់ហ្វីលីពីន (DFA) បានតវ៉ាចំពោះការហាមឃាត់នេះ តាមរយៈកំណត់ទូត ដោយនិយាយថា បម្រាមនេសាទនេះគ្របដណ្តប់លើដែនទឹកនៅក្នុងតំបន់ដែនសមុទ្ររបស់ខ្លួន។ រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក ហ្គីលប៊ឺតតូ តេអូដូរ៉ូ (Gilberto Teodoro) កាលពីសប្តាហ៍មុនបាននិយាយថា ច្បាប់ថ្មីរបស់ចិនអំពីមធ្យោបាយដែលឆ្មាំល្បាតឆ្នេររបស់ខ្លួនអាចប្រតិបត្តិការនៅភាគខាងត្បូងប្រទេសចិន គឺជា «ការបង្កហេតុ»។ ប្រទេសចិន ទាមទារស្ទើរតែទាំងស្រុងនូវសមុទ្រចិនខាងត្បូង ដែលជាច្រកសម្រាប់ពាណិជ្ជកម្មកប៉ាល់ប្រចាំឆ្នាំជាង ៣ សែនកោដិ៍ដុល្លារ។ ការទាមទារទឹកដីរបស់ចិននេះត្រួតលើគ្នាជាមួយដែនទឹកដែលទាមទារដោយហ្វីលីពីន វៀតណាម ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងប្រ៊ុយណេ៕
-

អគ្គិភ័យឆេះរាលដាលក្នុងទីក្រុង Rafah បន្ទាប់ពីអ៊ីស្រាអែលវាយប្រហារលើតំបន់ជនភៀសខ្លួនប៉ាឡេស្ទីន
អគ្គិភ័យបានឆាបឆេះរាលដាល បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់មួយដែលត្រូវបានគេរៀបចំសម្រាប់ប្រជាជនប៉ាឡេស្ទីនភៀសខ្លួន ក្នុងទីក្រុង Rafah តំបន់ហ្កាហ្សា កាលពីយប់ថ្ងៃអាទិត្យ។ រូបភាពទទួលបានដោយសារព័ត៌មាន Reuters បង្ហាញពីមនុស្សបានប្រមូលផ្តុំនៅជិតអគ្គិភ័យដ៏ធំ។ យោធាអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានវាយប្រហារស៊ីបគោលដៅទៅលើបរិវេណក្រុមហាម៉ាសនៅភាគខាងត្បូងទីក្រុងរ៉ាហ្វា តំបន់ហ្កាហ្សា ប៉ុន្តែកំពុងពិនិត្យមើលឧបទ្ទវហេតុនេះបន្ទាប់ពីមានសេចក្តីរាយការណ៍ថាការវាយប្រហារ បានបណ្តាលឱ្យមានអគ្គិភ័យ និងបណ្តាលឲ្យជនស៊ីវិលស្លាប់ និងរងរបួស។ យន្តហោះរបស់កងកម្លាំងការពារជាតិអ៊ីស្រាអែលមួយគ្រឿង បានវាយប្រហារទៅលើបរិវេណក្រុមហាម៉ាសក្នុងទីក្រុង Rafah ជាកន្លែងដែលក្រុមភេរវករហាម៉ាស កំពុងធ្វើប្រតិបត្តិការ។ ការវាយប្រហារនេះ ត្រូវបានធ្វើឡើងទៅលើគោលដៅស្របច្បាប់ក្រោមច្បាប់អន្តរជាតិ ដោយប្រើអាវុធស៊ីបគោលដៅ និងផ្អែកលើការស៊ើបការណ៍ច្បាស់លាស់ ដែលបង្ហាញពីការប្រើប្រាស់តំបន់នេះរបស់ហាម៉ាស។ មន្ត្រីសុខាភិបាលប៉ាឡេស្ទីន និងអង្គភាពសេវាសង្គ្រោះបន្ទាន់ស៊ីវិល បាននិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានសម្លាប់ប្រជាជនប៉ាឡេស្ទីនយ៉ាងហោចណាស់៤០នាក់ និងរងរបួសរាប់សិបនាក់នៅក្នុងតំបន់មួយនៅភាគខាងត្បូងទីក្រុង Rafah តំបន់ហ្កាហ្សា ជាកន្លែងត្រូវបានរៀបចំ សម្រាប់ជនភៀសខ្លួន។ ការវាយប្រហារ បានកើតឡើងនៅក្នុងសង្កាត់ Tel Al-Sultan នៅភាគខាងលិចទីក្រុង ជាកន្លែងដែលមនុស្សរាប់ពាន់នាក់កំពុងជ្រកកោន បន្ទាប់ពីមនុស្សជាច្រើនបានភៀសខ្លួនចេញពីតំបន់ភាគខាងកើត ទីក្រុង ដែលកងកម្លាំងអ៊ីស្រាអែល បានចាប់ផ្តើមការវាយលុកតាមជើងគោក កាលពី២សប្តាហ៍មុន។
-

មនុស្ស ៤ នាក់របួស និងជាងពីរពាន់នាក់រងផលប៉ះពាល់នៅហ្វីលីពីន ដោយសារព្យុះស៊ីក្លូនត្រូពិច
រដ្ឋាភិបាលបាននិយាយកាលពីថ្ងៃអាទិត្យ (២៦ ឧសភា) ថា ព្យុះស៊ីក្លូនត្រូពិច អេវីនែរ (Ewiniar) បានបង្កឱ្យមានទឹកជំនន់ និងបំណាក់ដីនៅតំបន់មួយចំនួននៃប្រទេសហ្វីលីពីន ដោយបានធ្វើឱ្យមនុស្ស ៤ នាក់រងរបួស និងបង្កផលប៉ះពាល់ដល់មនុស្សប្រមាណ ២.៧៣៤ នាក់។ នៅក្នុងរបាយការណ៍មួយ ក្រុមប្រឹក្សាកាត់បន្ថយ និងគ្រប់គ្រងគ្រោះមហន្តរាយជាតិ (NDRRMC) របស់ហ្វីលីពីនបាននិយាយថា អ្នករងរបួសទាំង ៤ នាក់នោះមកពីតំបន់ ប៊ីខូល (Bicol) ភាគអាគ្នេយ៍នៃរដ្ឋធានីម៉ានីល ហើយរហូតមកដល់ពេលនេះមិនមានអ្នកស្លាប់ត្រូវបានរាយការណ៍ទេ។ ឆ្មាំល្បាតឆ្នេរហ្វីលីពីនបាននិយាយថា ទន្ទឹមនឹងនោះ អ្នកដំណើរជាង ៦.០០០ នាក់ អ្នកបើកបររថយន្តដឹកទំនិញ និងរថយន្តសណ្ដោងដឹកទំនិញត្រូវបានជាប់គាំងនៅក្នុងកំពង់ផែទាំងអស់ទូទាំងប្រទេសកាលពីព្រឹកថ្ងៃអាទិត្យ ដោយសារតែលក្ខខណ្ឌអាកាសធាតុមិនអំណោយផល។ ព្យុះ អេវីនែរ ដែលជាព្យុះស៊ីក្លូនដំបូងគេដែលបានវាយប្រហារហ្វីលីពីនក្នុងឆ្នាំនេះ បានជះឥទ្ធិពលដល់តំបន់ ប៊ីខូល នៅលើកោះ លូហ្ស៊ូន (Luzon) ដ៏សំខាន់ និងតំបន់ វីសាយ៉ាស (Visayas) ភាគខាងកើតនៅកណ្តាលប្រទេសហ្វីលីពីន។ ការិយាល័យអាកាសធាតុរបស់រដ្ឋបាននិយាយថា ព្យុះនេះនឹងបន្តឱ្យមានភ្លៀងធ្លាក់ខ្លាំងនៅក្នុងតំបន់ជាច្រើន រួមទាំងទីក្រុងរណបម៉ានីល ដោយព្រមានអំពីលទ្ធភាពទឹកជំនន់ និងបំណាក់ដីដ៏ធ្ងន់ធ្ងរ៕
-

-

-

-

-

-
