Category: ព័ត៌មានជាតិ
-

-

ក្រុមប្រឹក្សាសន្តិសុខ UN គាំទ្រកងរក្សាសន្តិភាពលីបង់ បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទ (១៤ តុលា) បានសម្តែងការគាំទ្រ រួមទាំងក្ដីបារម្ភយ៉ាងខ្លាំង បន្ទាប់ពីទីតាំងកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិជាច្រើននៅភាគខាងត្បូងប្រទេសលីបង់ បានទទួលរងការបាញ់ប្រហារ ស្របពេលមានការប៉ះទង្គិចរវាងយោធាអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធ ហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់។ នៅក្នុងសេចក្តីថ្លែងការណ៍ដែលត្រូវបានអនុម័តជាឯកច្ឆន្ទ ក្រុមប្រឹក្សាដែលមានសមាជិក ១៥រូបនោះក៏បានជំរុញឱ្យភាគីទាំងអស់ – ដោយមិនបញ្ចេញឈ្មោះ – ឱ្យគោរពសុវត្ថិភាព និងសន្តិសុខរបស់បុគ្គលិកនិងបរិវេណនៃបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដែលត្រូវបានគេស្គាល់ថា UNIFIL ។ ក្រុមប្រឹក្សាបាននិយាយថា “កងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងបរិវេណរបស់អង្គការសហប្រជាជាតិ មិនត្រូវជាគោលដៅនៃការវាយប្រហារនោះទេ” ដោយបញ្ជាក់ឡើងវិញនូវការគាំទ្ររបស់ខ្លួនចំពោះ UNIFIL និងសារៈសំខាន់នៃប្រតិបត្តិការសម្រាប់ស្ថិរភាពក្នុងតំបន់។ ក្រុមប្រឹក្សាសន្តិសុខក៏បានអំពាវនាវឱ្យមានការអនុវត្តពេញលេញនៃសេចក្ដីសម្រេច ១៧០១ របស់ខ្លួន ដែលត្រូវបានអនុម័តក្នុងឆ្នាំ២០០៦ ក្នុងគោលបំណងរក្សាសន្តិភាពនៅតាមព្រំដែនរវាងលីបង់ និងអ៊ីស្រាអែល។ អង្គការសហប្រជាជាតិបាននិយាយថា ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការជើងគោករបស់អ៊ីស្រាអែល នៅលីបង់ កាលពីថ្ងៃទី០១ ខែតុលា មក ទីតាំង UNIFIL ត្រូវបានរងផលប៉ះពាល់ចំនួន ២០ដង រួមទាំងការបាញ់ប្រហារដោយផ្ទាល់ និងឧប្បត្តិហេតុមួយកាលពីថ្ងៃអាទិត្យ នៅពេលដែលរថក្រោះអ៊ីស្រាអែល ២គ្រឿងបានសម្រុកចូលតាមច្រកទ្វារនៃមូលដ្ឋាន UNIFIL៕
-

បាតុករគាំទ្រប៉ាឡេស្ទីនជាង ២០០នាក់ ត្រូវបានចាប់ខ្លួននៅខាងក្រៅផ្សារហ៊ុនញូវយ៉ក របស់អាមេរិក
ក្រុមអាជ្ញាធរនិយាយថា នគរបាលបានចាប់ខ្លួនបាតុករគាំទ្រប៉ាឡេស្ទីនជាង ២០០នាក់ ដែលបានធ្វើបាតុកម្មនៅខាងក្រៅផ្សារហ៊ុនញូវយ៉ក (New York Stock Exchange) សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ (១៤ តុលា) ដើម្បីទាមទារឱ្យបញ្ចប់ការគាំទ្ររបស់អាមេរិក សម្រាប់សង្គ្រាមអ៊ីស្រាអែល នៅតំបន់ហ្កាហ្សា។ ក្រុមបាតុករដែលភាគច្រើនមកពីក្រុមសកម្មជនដូចជា ក្រុមសំឡេងជ្វីហ្វដើម្បីសន្តិភាព (JVP) បានស្រែកពាក្យតវ៉ាថា “អនុញ្ញាតឱ្យហ្កាហ្សារស់រានផង” និង “បញ្ឈប់ការផ្តល់មូលនិធិដល់អំពើប្រល័យពូជសាសន៍” នៅមុខអគារដ៏ធំនៃផ្សារភាគហ៊ុននៅជិតផ្លូវ វ៉ល ស្រ្ទីត (Wall Street) ក្នុងទីក្រុង មែនហាតថាន់ (Manhattan)។ ពុំមានបាតុករណាម្នាក់បានចូលទៅដល់ខាងក្នុងផ្សារហ៊ុននោះទេ ប៉ុន្តែមនុស្សរាប់សិបនាក់បានឆ្លងកាត់របងសន្តិសុខរបស់នគរបាលដែលបង្កើតឡើងនៅខាងក្រៅអគារនោះនៅលើផ្លូវ ប្រដ ស្ទ្រីត (Broad Street)។ អ្នកនាំពាក្យនគរបាលបាននិយាយថា ការចាប់ខ្លួនចំនួន ២០៦នាក់ត្រូវបានធ្វើឡើង ដោយមិនបានផ្តល់ព័ត៌មានលម្អិតឡើយ។ ក្រុមជនជាតិជ្វីហ្វ ដែលពាក់ព័ន្ធនឹងបាតុកម្មបាននិយាយថា បាតុករប្រហែល ៥០០នាក់បានចូលរួមក្នុងការតវ៉ានោះ។ បាតុករបានជះកំហឹងទៅលើក្រុមហ៊ុនម៉ៅការវិស័យការពារជាតិអាមេរិក និងក្រុមហ៊ុនផលិតសព្វាវុធ។ អ្នកផ្សេងទៀតបានស្រែកពាក្យតវ៉ាប្រឆាំងនឹងការវាយប្រហាររបស់អ៊ីស្រាអែលនៅលីបង់ ជាទីដែលអ៊ីស្រាអែលនិយាយថាខ្លួនកំពុងធ្វើសង្រ្គាមប្រឆាំងនឹងពួកសកម្មប្រយុទ្ធ ហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់៕
-

-

ចិនទទូចថាខ្លួននឹងមិនបោះបង់ការប្រើកម្លាំងក្រសោបយកកោះតៃវ៉ាន់ឡើយ ខណៈបញ្ចប់សមយុទ្ធ
ប្រទេសចិនបានទទូចកាលពីថ្ងៃចន្ទ១៤តុលាថាខ្លួននឹងមិនបោះបង់ចោលការប្រើប្រាស់កម្លាំង ក្រសោបយកកោះតៃវ៉ាន់នោះទេ ក្រោយបញ្ចប់សមយុទ្ធយោធាមានឈ្មោះថា”Joint Sword-2024B” មានរយៈពេលមួយថ្ងៃជុំវិញកោះស្វ័យគ្រប់គ្រង ដែលទីក្រុងប៉េកាំងបាននិយាយថា ជាការព្រមានយ៉ាងម៉ឺងម៉ាត់ចំពោះកងកម្លាំងផ្ដាច់ខ្លួន។ ទីក្រុងប៉េកាំងដែលអះអាងថាកោះតៃវ៉ាន់ជាផ្នែកនៃដែនដីរបស់ខ្លួន បានដាក់ពង្រាយយន្តហោះចម្បាំង យានដ្រូន នាវាចម្បាំង និងនាវាឆ្មាំល្បាតឆ្នេរ ដើម្បីឡោមព័ទ្ធកោះនេះនៅក្នុងល្បែងសង្គ្រាមទ្រង់ទ្រាយធំជុំទីបួនក្នុងរយៈពេលត្រឹមតែជាង ២ ឆ្នាំប៉ុណ្ណោះ។ សហរដ្ឋអាមេរិកបាននិយាយថាសកម្មភាពរបស់ប្រទេសចិនគឺមិនមានការធានា ហើយបានប្រឈមនឹងការកើនឡើង ខណៈខ្លួនបានអំពាវនាវឱ្យក្រុងប៉េកាំងចាត់វិធានការដោយមានការអត់ធ្មត់។ ប្រទេសចិនបានប្រកាសថា សមយុទ្ធនេះបានបញ្ចប់នៅម៉ោងប្រហែល ៦ ល្ងាចថ្ងៃចន្ទម៉ោងក្នុងស្រុក ប្រហែល១៣ ម៉ោងក្រោយចាប់ផ្តើម។ អ្នកនាំពាក្យក្រសួងការពារជាតិ លោក វូ ជៀន (Wu Qian)បាននិយាយភ្លាមៗថា យើងខិតខំដោយស្មោះស្ម័គ្រសម្រាប់អនាគតនៃការបង្រួបបង្រួមដោយសន្តិវិធី ប៉ុន្តែយើងនឹងមិនសន្យាថានឹងបោះបង់ចោលការប្រើប្រាស់កម្លាំង ហើយនឹងមិនទុកកន្លែងណាមួយសម្រាប់ឯករាជ្យភាពតៃវ៉ាន់ឡើយ ។ កោះតៃវ៉ាន់បានមើលឃើញយន្តហោះចិនចំនួន១២៥ គ្រឿង រួមទាំងយន្តហោះចម្បាំងនិងយានដ្រូន ចាប់ពីព្រឹកព្រលឹមដល់រសៀល ដោយហៅថាជាចំនួនច្រើនបំផុតក្នុងពេលមួយថ្ងៃ។ នាវាចម្បាំងចំនួន ១៧ គ្រឿងក៏ត្រូវបានគេប្រទះឃើញផងដែរ៕
-

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលប្តេជ្ញាថា នឹងមិនអត់ឱនបានឡើយបន្ទាប់ពីការវាយប្រហារដោយយានដ្រូន របស់ក្រុមហេសបូឡាដ៏បង្ហូរឈាម
លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu កាលពីថ្ងៃចន្ទ ទី១៤ ខែតុលា បានប្តេជ្ញាវាយប្រហារក្រុមហេសបូឡាដោយគ្មានប្រណី មួយថ្ងៃបន្ទាប់ពីការវាយប្រហារដ៏បង្ហូរឈាមបំផុតរបស់ក្រុមប្រដាប់អាវុធលីបង់គាំទ្រដោយអ៊ីរ៉ង់លើអ៊ីស្រាអែល ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមកាលពីចុងខែកញ្ញាឆ្នាំនេះ។ អ៊ីស្រាអែលបានពង្រីកគោលដៅក្នុងសង្រ្គាមជាមួយក្រុមសកម្មប្រយុទ្ធហេសបូឡា កាលពីថ្ងៃចន្ទដោយបានសម្លាប់មនុស្ស២១នាក់ក្នុងការវាយប្រហារតាមអាកាសនៅភាគខាងជើង ខណៈប្រជាជនអ៊ីស្រាអែលរាប់លាននាក់រត់ទៅកាន់តាមជម្រកបណ្ដោះគេចចេញពីអាវុធដែលបានបាញ់ឆ្លងព្រំដែនរវាងភាគីជម្លោះទាំង២។ ការវាយប្រហារដោយយានដ្រូនរបស់ក្រុមចលនាហេសបូឡា លើមូលដ្ឋានអ៊ីស្រាអែលបានសម្លាប់ទាហាន ៤ នាក់កាលពីថ្ងៃអាទិត្យ ខណៈក្រុមអ្នកជួយសង្គ្រោះស្ម័គ្រចិត្តបាននិយាយថាមនុស្ស៦០នាក់ផ្សេងទៀតបានរងរបួស។ លោក Netanyahu បាននិយាយអំឡុងទៅកាន់មូលដ្ឋានយោធានៅជិតទីក្រុង ប៊ីនីយ៉ាមីណា (Binyamina) ភាគខាងត្បូងទីក្រុងហៃហ្វា (Haifa) ថាយើងនឹងបន្តវាយប្រហារដោយឥតមេត្តាចំពោះក្រុមហេសបូឡា នៅគ្រប់ផ្នែកទាំងអស់នៃប្រទេសលីបង់ រួមទាំងរដ្ឋធានីបេរូត(Beirut)ផងដែរ។ ការវាយប្រហារដោយយានដ្រូនគឺដើម្បីឆ្លើយតបការវាយប្រហាររបស់អ៊ីស្រាអែល រួមទាំងការវាយប្រហារមួយកាលពីសប្តាហ៍មុន ដែលក្រសួងសុខាភិបាលរបស់ប្រទេសលីបង់បាននិយាយថា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២២ នាក់នៅកណ្តាលរដ្ឋធានីបេរូត ៕
-

-
![[UPDATE] បុរសប្រដាប់ដោយកាំភ្លើងម្នាក់ ត្រូវចាប់ខ្លួននៅជិតព្រឹត្តិការណ៍ជួបជុំរបស់លោក Trump ក្នុងរដ្ឋ California](http://165.232.167.198/wp-content/uploads/2024/10/photo_2024-10-13_22-38-21.jpg)
[UPDATE] បុរសប្រដាប់ដោយកាំភ្លើងម្នាក់ ត្រូវចាប់ខ្លួននៅជិតព្រឹត្តិការណ៍ជួបជុំរបស់លោក Trump ក្នុងរដ្ឋ California
នគរបាលក្នុងតំបន់បាននិយាយកាលពីថ្ងៃអាទិត្យ (១៣ តុលា) ថា បុរសម្នាក់ប្រដាប់ដោយកាំភ្លើង ត្រូវបានចាប់ខ្លួននៅប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខមួយនៅជិតព្រឹត្តិការណ៍ជួបជុំយុទ្ធនាការរបស់បេក្ខជនប្រធានាធិបតីបក្សសាធារណរដ្ឋ លោក Donald Trump នៅរដ្ឋកាលីហ្វ័រនីញ៉ា (California) កាលពីថ្ងៃសៅរ៍ ហើយប្រឈមមុខនឹងការចោទប្រកាន់ពីបទប្រើប្រាស់កាំភ្លើងខុសច្បាប់ បន្ទាប់ពីត្រូវបានរកឃើញថាមានកាំភ្លើងដាក់គ្រាប់រួចជាច្រើនដើម លិខិតឆ្លងដែនជាច្រើនច្បាប់ ផ្លាកលេខរថយន្ត និងកាតអ្នកសារព័ត៌មានក្លែងក្លាយ ព្រមទាំងមានបណ្ណ VIP ផងដែរ។ លោក ឆាដ ប៊ីយ៉ង់ខូ (Chad Bianco) ស្នងការតំបន់ រីវើសាយ (Riverside) បាននិយាយថា លោកជឿថាទីភ្នាក់ងាររបស់លោកបានបញ្ឈប់ការប៉ុនប៉ងធ្វើឃាតមួយ ខណៈក៏និយាយថានោះជា “ការសង្ស័យ” ប៉ុណ្ណោះ។ កំណត់ត្រាក្នុងពន្ធនាគារបង្ហាញថា ជនសង្ស័យត្រូវបានដោះលែងឱ្យនៅក្រៅឃុំកាលពីថ្ងៃសៅរ៍ ហើយការស៊ើបអង្កេតសហព័ន្ធកំពុងដំណើរការ។ បុរសវ័យ ៤៩ឆ្នាំ ដែលត្រូវបានកំណត់អត្តសញ្ញាណថាជាអ្នករស់នៅក្នុងទីក្រុង ឡាស វេហ្គាស (Las Vegas) ឈ្មោះ វេម មីលឡឺ (Vem Miller) ត្រូវបានឃាត់ខ្លួននៅក្នុងរថយន្ត SUV ពណ៌ខ្មៅ នៅម៉ោងប្រហែល ៥ល្ងាច ម៉ោងក្នុងស្រុកកាលពីថ្ងៃសៅរ៍ ហើយមិនមានឧបទ្ទវហេតុអ្វីកើតឡើងឡើយ…
-

អាស៊ានជំរុញការចរចាក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង និងបញ្ចប់ហិង្សានៅមីយ៉ាន់ម៉ា
បណ្ដាដឹកនាំអាស៊ីអាគ្នេយ៍បានអំពាវនាវកាលពីថ្ងៃអាទិត្យសម្រាប់កិច្ចព្រមព្រៀងយ៉ាងឆាប់រហ័សស្តីពីការចរចាក្រមប្រតិបត្តិសម្រាប់សមុទ្រចិនខាងត្បូងដោយផ្អែកលើច្បាប់អន្តរជាតិ ស្របពេលទាមទារឱ្យបញ្ឈប់ជាបន្ទាន់ចំពោះការប្រយុទ្ធគ្នានៅសហភាពមីយ៉ាន់ម៉ា និងការចរចាសន្តិភាព ដើម្បីបញ្ចប់សង្គ្រាមស៊ីវិលរបស់ខ្លួន។ សេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ានតំណាងឱ្យស្មារតីឯកភាពពីកិច្ចប្រជុំដែលបានបញ្ចប់កាលពីថ្ងៃសុក្រនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍មានសមាជិកចំនួន១០ប្រទេសនៅក្នុងប្រទេសឡាវ រួមមានអ្នកការទូតមកពីសហរដ្ឋអាមេរិក រុស្ស៊ី ចិន ជប៉ុន ឥណ្ឌា និងកូរ៉េខាងត្បូង។ ការប្រឈមដាក់គ្នាបានកើនឡើងនៅក្នុងដែនទឹកជម្លោះនៃសមុទ្រចិនខាងត្បូងរវាងប្រទេសចិនដែលទាមទារអធិបតេយ្យភាពលើផ្លូវទឹកសំខាន់ៗស្ទើរតែទាំងស្រុង និងសមាជិកអាស៊ាន រួមទាំងហ្វីលីពីន និងវៀតណាមនាពេលថ្មីៗនេះ។ ជម្លោះបានបង្កើនហានិភ័យនៃការរីកធំនៃភាពតានតឹងដែលនៅទីបំផុតអាចពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក ដែលត្រូវបានចងដោយសន្ធិសញ្ញាដើម្បីការពារហ្វីលីពីន ប្រសិនបើត្រូវបានវាយប្រហារ។ សេចក្តីថ្លែងការណ៍អាស៊ានបានអំពាវនាវឱ្យមានវិធានការកសាងទំនុកចិត្តដែលអាចកាត់បន្ថយភាពតានតឹង និងហានិភ័យនៃឧបទ្ទវហេតុផ្សេងៗ ការយល់ច្រឡំ និងការគណនាខុស នៅសមុទ្រចិនខាងត្បូង។ និយាយពីសង្រ្គាមស៊ីវិលរបស់សហភាពមីយ៉ាន់ម៉ាវិញ អាស៊ាន បានអំពាវនាវឲ្យមានការបញ្ឈប់ជាបន្ទាន់នៃអំពើហិង្សានិងការបង្កើតបរិយាកាសប្រកបដោយស្ថាបនាសម្រាប់ផ្ដល់ជំនួយមនុស្សធម៌និងការសន្ទនាកម្រិតថ្នាក់ជាតិគ្រប់ភាគី ដែលដឹកនាំដោយសហភាពមីយ៉ាន់ម៉ាផ្ទាល់៕
-
