Category: ព័ត៌មានជាតិ
-
![[UPDATE ] លោកស្រី Harris និងលោក Trump ប៉ះទង្គិចគ្នាក្នុងការជជែកដេញដោលលើកដំបូងរវាងភាគីទាំងពីរ](http://165.232.167.198/wp-content/uploads/2024/09/photo_2024-09-11_09-30-52.jpg)
[UPDATE ] លោកស្រី Harris និងលោក Trump ប៉ះទង្គិចគ្នាក្នុងការជជែកដេញដោលលើកដំបូងរវាងភាគីទាំងពីរ
បេក្ខភាពរបស់គណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ (Donald Trump) និងអនុប្រធានាធិបតីបក្សប្រជាធិបតេយ្យ លោកស្រី កាម៉ាឡា ហារីស (Kamala Harris) បានប៉ះទង្គិចគ្នាជុំវិញបញ្ហាសេដ្ឋកិច្ចនៅក្នុងពេលបើកវេទិកានៃការជជែកដេញដោលបេក្ខភាពប្រធានាធិបតីលើកដំបូងរបស់ភាគីទាំងពីរក្នុងយប់ថ្ងៃអង្គារ (១០ កញ្ញា) ដែលជាពេលវេលាដ៏សំខាន់នៅក្នុងការបោះឆ្នោតអាមេរិកដ៏ប្រកួតប្រជែងយ៉ាងក្ដៅគគុក។ ដោយនៅសល់ពេលប្រាំបីសប្តាហ៍ទៀតមុនការបោះឆ្នោតថ្ងៃទី០៥ ខែវិច្ឆិកា ហើយនៅតែប៉ុន្មានថ្ងៃប៉ុណ្ណោះរហូតដល់ការបោះឆ្នោតដំបូងចាប់ផ្តើមនៅក្នុងរដ្ឋមួយចំនួន ការជជែកដេញដោល ដែលប្រហែលជាព្រឹត្តិការណ៍តែមួយគត់ដែលបានគ្រោងទុកនេះ បានបង្ហាញទាំងឱកាស និងហានិភ័យសម្រាប់បេក្ខជននីមួយៗនៅចំពោះមុខទស្សនិកជនតាមកញ្ចក់ទូរទស្សន៍ដែលមានអ្នកបោះឆ្នោតរាប់សិបលាននាក់។ ការជួបជជែកតស៊ូមតិនេះមានសារៈសំខាន់ជាពិសេសសម្រាប់លោកស្រី Harris ជាមួយនឹងការស្ទង់មតិបង្ហាញថា អ្នកបោះឆ្នោតច្រើនជាងមួយភាគបួនមានអារម្មណ៍ថាពួកគេមិនទាន់ស្គាល់លោកស្រីច្បាស់គ្រប់គ្រាន់។ លោកស្រី Harris បានចូលទៅក្នុងការប្រជែងតំណែងសេតវិមាននេះត្រឹមតែប្រាំពីរសប្តាហ៍មុនប៉ុណ្ណោះ បន្ទាប់ពីការដកខ្លួនចេញរបស់លោកប្រធានាធិបតី ចូ បៃដិន (Joe Biden)៕
-

អាមេរិក ថារុស្ស៊ីបានទទួលមីស៊ីលពីអ៊ីរ៉ង់ ខណៈមហាអំណាចលោកខាងលិចពួតដៃគ្នាដាក់ទណ្ឌកម្ម
សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអង្គារ (១០ កញ្ញា) ថា រុស្ស៊ីបានទទួលមីស៊ីលបាលិស្ទិកពីអ៊ីរ៉ង់ សម្រាប់សង្គ្រាមនៅអ៊ុយក្រែន ខណៈអាមេរិកបានដាក់ទណ្ឌកម្មថ្មីលើនាវា និងក្រុមហ៊ុនដែលខ្លួននិយាយថាពាក់ព័ន្ធនឹងការផ្គត់ផ្គង់អាវុធរបស់អ៊ីរ៉ង់ដល់ទីក្រុងមូស្គូ ហើយមហាអំណាចលោកខាងលិចបានប្រកាសដាក់ទណ្ឌកម្មថ្មីលើអ៊ីរ៉ង់ រួមទាំងសហភាពអឺរ៉ុបក៏បានប្តេជ្ញាឆ្លើយតបយ៉ាងខ្លាំងក្លាផងដែរ។ នៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងឡុងដ៍្រ មុនដំណើរទស្សនកិច្ចទៅកាន់ទីក្រុងគីវជាមួយរដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក ដេវីដ ឡាំមី (David Lammy) លោករដ្ឋមន្ត្រីការបរទេសអាមេរិក អង់តូនី ប្លីងខិន (Antony Blinken) បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនបានព្រមានអ៊ីរ៉ង់ដោយសម្ងាត់ថា ការផ្តល់មីស៊ីលបាលិស្ទិកដល់រុស្ស៊ីនឹងក្លាយជា «ការបង្កើនភាពតានតឹងកាន់តែខ្លាំង»។ លោក Blinken បាននិយាយដោយសម្អាងលើចារកម្មសម្ងាត់ដែលត្រូវបានចែករំលែកជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់អាមេរិកជុំវិញពិភពលោកថា «ឥឡូវនេះរុស្ស៊ីបានទទួលការដឹកជញ្ជូនមីស៊ីលបាលិស្ទិកទាំងនេះ ហើយទំនងជានឹងប្រើប្រាស់វាក្នុងពេលប៉ុន្មានសប្តាហ៍ទៀតប្រឆាំងនឹងអ៊ុយក្រែន»។ កន្លងមក អ៊ីរ៉ង់បានផ្គត់ផ្គង់យានដ្រូន សាហេដ (Shahed) ដែលរុស្ស៊ីប្រើក្នុងអ៊ុយក្រែន ប៉ុន្តែបដិសេធថាខ្លួនមិនបានផ្គត់ផ្គង់មីស៊ីលបាលិស្ទិកដល់រុស្ស៊ីទេ។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក ណាសឺ ខាណានី (Nasser Kanaani) កាលពីថ្ងៃអង្គារ បាននិយាយនៅលើបណ្ដាញសង្គម X ថា អ៊ីរ៉ង់ចាត់ទុករបាយការណ៍នេះថាជា «ការឃោសនាដ៏អាក្រក់» ដើម្បីលាក់បាំងការគាំទ្រផ្នែកយោធារបស់លោកខាងលិចចំពោះអ៊ីស្រាអែល។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី…
-

រុស្ស៊ី និងចិន ចាប់ផ្តើមសមយុទ្ធយោធារួមគ្នា ប្រជែងនឹងក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកនៅតំបន់អាស៊ី
ប្រទេសរុស្ស៊ីបាននិយាយថា ខ្លួនបានធ្វើសមយុទ្ធយោធាជើងទឹក និងអាកាសដ៏ធំសម្បើមកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ដែលលាតសន្ធឹងលើមហាសមុទ្រដ៏ធំ ហើយមាននាវាកងទ័ពជើងទឹកជាង ៤០០គ្រឿង យន្តហោះយោធា១២០ គ្រឿង និងទាហានជាង៩០.០០០នាក់។ យោងតាមក្រសួងការពារជាតិរុស្ស៊ី សមយុទ្ធយោធាទ្រង់ទ្រាយធំ ដែលមានឈ្មោះថា “Ocean-2024” រួមមានកងកម្លាំងមកពីប្រទេសចិន ហើយនឹងបន្តរហូតដល់ថ្ងៃទី ១៦ ខែកញ្ញាជាមួយនឹងប្រទេសយ៉ាងហោចណាស់១៥ ដែលត្រូវបានអញ្ជើញឱ្យចូលរួមសង្កេតការណ៍សមយុទ្ធនោះ ។ លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បាននិយាយថា រុស្ស៊ីយកចិត្តទុកដាក់ជាពិសេសក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយបណ្ដារដ្ឋជាមិត្ត ហើយបានព្រមានសហរដ្ឋអាមេរិកកុំឱ្យព្យាយាមប្រឆាំងទីក្រុងមូស្គូនៅអាស៊ី។ ក្នុងសុន្ទរកថាតាមទូរទស្សន៍មួយទៅកាន់មន្ត្រីយោធារុស្ស៊ីកាលពីថ្ងៃអង្គារ លោក Putin និយាយថា ក្រោមលេសចោទប្រកាន់ដែលមានស្រាប់ ថារុស្ស៊ី និងចិន ជាប្រភពនៃការគំរាមកំហែង សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត កំពុងបង្កើនវត្តមានយោធារបស់ពួកគេនៅជិតព្រំដែនខាងលិចរបស់ប្រទេសរុស្ស៊ី នៅតំបន់អាក់ទិក និងក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ លោកបាននិយាយថា ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តកំពុង ប្រកាសជាចំហអំពីផែនការរបស់ពួកគេក្នុងការដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យម និងខ្លី នៅក្នុងតំបន់ដែលហៅថាឆ្ពោះទៅមុខ។ ក្រុមអ្នកវិភាគនិយាយថា សមយុទ្ធទ័ពជើងទឹក និងផ្លូវអាកាសរួមគ្នា គឺជាកិច្ចខិតខំប្រឹងប្រែងរបស់រុស្ស៊ី និងចិន ក្នុងការធ្វើឱ្យទំនាក់ទំនងយោធាកាន់តែស៊ីជម្រៅ និងប្រឆាំងការបង្កើនការសម្របសម្រួលផ្នែកសន្តិសុខរវាងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក៕
-

-
![[BREAKING NEWS ] លោកស្រី Kamala Harris និងលោក Donald Trump បានចាប់ផ្ដើមការជែកពិភាក្សាទល់មុខគ្នាលើកដំបូងនៅយប់ថ្ងៃអង្គារ មុនការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកា ដែលជាឱកាសដ៏សំខាន់ដើម្បីបង្ហាញពីចក្ខុវិស័យខុសគ្នាស្រឡះរបស់បេក្ខជនប្រធានាធិបតីទាំងពីរសម្រាប់សហរដ្ឋអាមេរិក បន្ទាប់ពីយុទ្ធនាការបោះឆ្នោតរដូវក្តៅដ៏ក្ដៅគគុក៕](http://165.232.167.198/wp-content/uploads/2024/09/photo_2024-09-11_08-40-01.jpg)
-
![[UPDATE] អ្នកស្លាប់ដោយសាព្យុះនៅវៀតណាមកើនឡើងដល់ ៦៤នាក់ ខណៈស្ពានបាក់និងទឹកជំនន់ហូរកួចរថយន្តក្រុងមួយគ្រឿង](http://165.232.167.198/wp-content/uploads/2024/09/photo_2024-09-10_11-06-40.jpg)
[UPDATE] អ្នកស្លាប់ដោយសាព្យុះនៅវៀតណាមកើនឡើងដល់ ៦៤នាក់ ខណៈស្ពានបាក់និងទឹកជំនន់ហូរកួចរថយន្តក្រុងមួយគ្រឿង
ស្ពានមួយបានបាក់ ហើយរថយន្តក្រុងមួយគ្រឿងត្រូវបានហូរកួចតាមទឹកជំនន់ក្នុងប្រទេសវៀតណាមកាលពីថ្ងៃចន្ទ ដោយបានបង្កើនចំនួនអ្នកស្លាប់នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះដល់៦៤នាក់ដោយសារព្យុះទីហ្វុង និងភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ ដោយបានបំផ្លាញរោងចក្រមួយចំនួននៅក្នុងមជ្ឈមណ្ឌលឧស្សាហកម្មភាគខាងជើងដែលផ្តោតលើការនាំចេញផងដែរ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ VN Express បានរាយការណ៍ថា មនុស្ស ៩ នាក់បានស្លាប់កាលពីថ្ងៃសៅរ៍ បន្ទាប់ពីព្យុះទីហ្វុង Yagi បានវាយប្រហារប្រទេសវៀតណាម មុនពេលចុះខ្សោយកម្លាំងទៅជាព្យុះត្រូពិក។ អ្នកស្លាប់ផ្សេងទៀត គឺនៅក្នុងគ្រោះទឹកជំនន់ និងបំណាក់ដីដែលបានកើតឡើងកាលពីថ្ងៃអាទិត្យ និងថ្ងៃចន្ទសប្ដាហ៍នេះ។ កម្រិតទឹកក្នុងទន្លេជាច្រើននៅភាគខាងជើងប្រទេសវៀតណាម នៅតែខ្ពស់ប្រកបដោយគ្រោះថ្នាក់ខ្លាំង។ រថយន្តក្រុងមួយគ្រឿងដឹកមនុស្ស២០នាក់ ត្រូវបានទឹកហូរកួចចូលក្នុងទន្លេដោយសារបំណាក់ដីក្នុងខេត្ត កាវ បាំង (Cao Bang) កាលពីព្រឹកថ្ងៃចន្ទដើមសប្ដាហ៍នេះ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា សាកសពបួននាក់ត្រូវបានស្រង់ចេញពីរថយន្តក្រុង ហើយអ្នកនៅរស់រានមានជីវិតម្នាក់ត្រូវបានជួយសង្គ្រោះ ខណៈអ្នកផ្សេងទៀតនៅតែបាត់ខ្លួននៅឡើយ៕
-

ចិន គ្រោងនឹងធ្វើសមយុទ្ធយោធារួមគ្នាជាមួយរុស្ស៊ី នៅក្នុងខែកញ្ញានេះ
រទេសចិន បាននិយាយកាលពីថ្ងៃចន្ទ (០៩ កញ្ញា) ថាខ្លួននឹងធ្វើសមយុទ្ធយោធារួមគ្នាជាមួយរុស្ស៊ី ក្នុងខែកញ្ញានេះ ខណៈសម្ព័ន្ធមិត្តទាំងពីរពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅ ដែលនាំឱ្យអង្គការ ណាតូ (NATO) ហៅទីក្រុងប៉េកាំង ថាជា «អ្នកបើកដៃ» ឱ្យសង្គ្រាមរបស់ទីក្រុងមូស្គូ នៅអ៊ុយក្រែន។ ក្រសួងការពារជាតិចិន និយាយថា កងទ័ពជើងទឹក និងអាកាស នឹងចូលរួមក្នុងសមយុទ្ធ ខាជើងរួម-២០២៤ (North-Joint 2024) នៅលើតំបន់អាកាស និងជុំវិញសមុទ្រជប៉ុន និងសមុទ្រ អូខុតស្ក៍ (Okhotsk) ក្បែរឆ្នេរសមុទ្ររុស្ស៊ី។ ក្រសួងបន្តថា «សមយុទ្ធនេះមានគោលបំណងធ្វើឱ្យស៊ីជម្រៅនូវកម្រិតកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងយោធាចិន និងរុស្ស៊ី និងបង្កើនសមត្ថភាពរបស់ពួកគេក្នុងការរួមគ្នាដោះស្រាយការគំរាមកំហែងផ្នែកសន្តិសុខ»។ ភាគីទាំងពីរនឹងបញ្ជូនកងនាវាចរទៅកាន់ «តំបន់សមុទ្រដែលពាក់ព័ន្ធនៃមហាសមុទ្រប៉ាស៊ីហ្វិក» សម្រាប់ការល្បាតដែនសមុទ្ររួមគ្នា ហើយចិន ក៏នឹងចូលរួមក្នុងសមយុទ្ធយុទ្ធសាស្ត្រ មហាសមុទ្រឆ្នាំ២០២៤ (Ocean-2024) របស់រុស្ស៊ីផងដែរ។ ក្រសួងមិនបានផ្តល់កាលបរិច្ឆេទជាក់លាក់ថាតើសមយុទ្ធនឹងធ្វើឡើងនៅពេលណានោះទេ។ កាលពីខែកក្កដា ប្រទេសទាំងពីរបានធ្វើសមយុទ្ធរួមគ្នានៅក្នុងដែនទឹក និងដែនអាកាសជុំវិញទីក្រុង ចានជាំង (Zhanjiang) ដែលជាទីក្រុងមួយនៅក្នុងខេត្តក្វាងតុង (Guangdong) ភាគខាងត្បូងប្រទេសចិន។ សមយុទ្ធទាំងនោះបានកើតឡើងនៅសប្តាហ៍ដូចគ្នាដែលបណ្ដាមេដឹកនាំណាតូព្រមានចិន ថាបាន «ក្លាយជាអ្នកបើកដៃ» នៃប្រតិបត្តិការយោធារបស់រុស្ស៊ីលើអ៊ុយក្រែន ដែលជំរុញឱ្យទីក្រុងប៉េកាំង…
-

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ «កិច្ចការវិនិយោគ និងពាណិជ្ជកម្មជាក្បាលម៉ាស៊ីនជំរុញឱ្យមានការបង្កើតបច្ចេកវិទ្យា ការងារ និងសសរស្តម្ភនៃស្ថិរភាពសេដ្ឋកិច្ច»
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងពិធិបើក “ពិព័រណ៍អន្តរជាតិចិន លើកទី២៤ សម្រាប់ការវិនិយោគ និងពាណិជ្ជកម្ម” (The 24th China International Fair for Investment and Trade) ឬ (CIFIT លើកទី២៤) ដែលរៀបចំឡើងនៅទីក្រុងសៀមិន ខេត្តហ្វូជៀន សាធារណរដ្ឋប្រជាមានិតចិន។ ពិធីបើកពិព័រណ៍នាឱកាសនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពឯកឧត្តម He Lifeng ឧបនាយករដ្ឋមន្ត្រី និងជាសមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ព្រមទាំងមានការចូលរួមយ៉ាងកុះករពីថ្នាក់ដឹកនាំធំៗរបស់សាធារណរដ្ឋប្រជាមានិតចិន ឥស្សរជនជាន់ខ្ពស់នៃអេមីរ៉ាតអារ៉ាប់រួម ទីភ្នាក់ងារជំរុញការវិនិយោគបរទេស អង្គការអន្តរជាតិ សហគ្រាស និងតំណាងធុរកិច្ច មកពីប្រមាណ ៣០ប្រទស ជុំវិញពិភពលោក។ ព្រឹត្តិការណ៍ព័រណ៍អន្តរជាតិចិនសម្រាប់ការវិនិយោគ និងពាណិជ្ជកម្មនេះ មិនត្រឹមតែបង្ហាញអំពីសារៈសំខាន់នៃកម្លាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក តាមរយៈការលើកកម្ពស់ឱកាសវិនិយោគ និងពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគូសបញ្ជាក់អំពីតួនាទីយ៉ាងសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការជំរុញកំណើនប្រកបដោយចីរភាព។ កិច្ចការងារវិនិយោគ និងពាណិជ្ជកម្ម គឺជាក្បាលម៉ាស៊ីនដែលជំរុញឱ្យមានការបង្កើតបច្ចេកវិទ្យា ការងារ…
-

មនុស្ស ៦នាក់ ស្លាប់ ស្របពេលដែលអំពើហិង្សាកុលសម្ព័ន្ធកើនឡើងនៅរដ្ឋភាគឦសាន Manipur ប្រទេសឥណ្ឌា
ក្រុមអាជ្ញាធរ និយាយថា មនុស្ស ៦នាក់ រួមទាំងជនស៊ីវិលម្នាក់ ត្រូវបានសម្លាប់នៅក្នុងអំពើហិង្សាថ្មី ដែលបានផ្ទុះឡើងរវាងសហគមន៍កុលសម្ព័ន្ធបង្កជម្លោះទាំង ២ នៅរដ្ឋភាគឦសាន Manipur ប្រទេសឥណ្ឌា ។ កុលសម្ព័ន្ធ Meitei និងកុលសម្ព័ន្ធ Kuki បានប៉ះទង្គិចគ្នាជាបន្តបន្ទាប់ ចាប់តាំងពីឆ្នាំមុនមកម្ល៉េះ ក្រោយតុលាការបញ្ជារដ្ឋាភិបាលរដ្ឋ Manipur ឲ្យគិតគូរពីការផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចពិសេស និងច្បាប់ហត្ថពលកម្ម(កូតា) នៅក្នុងការងាររដ្ឋាភិបាល និងការអប់រំរបស់កុលសម្ព័ន្ធ Kuki ដល់កុលសម្ព័ន្ធ Meiteis ។ ជម្លោះនេះដែរ បានសម្លាប់មនុស្សជាង ២២៥នាក់ និងមនុស្ស ៦ម៉ឺននាក់ផ្សេងទៀត បានជម្លៀសខ្លួន ។ ឧបទ្ទេវហេតុផ្ទុះអាវុធកាលពីថ្ងៃសៅរ៍ តំណាងឲ្យចំនួនគ្រោះថ្នាក់ច្រើនបំផុតក្នុងរយៈពេល ១ថ្ងៃ នៅក្នុងអំពើហិង្សាក្រោយដែលបានចាប់ផ្តើមកាលពីរយៈពេល ១សប្តាហ៍មុន ។ ការវាយប្រហារកាលពីដើមសប្តាហ៍នេះ ត្រូវបានគេមើលឃើញការប្រើប្រាស់យានដ្រូនទម្លាក់គ្រឿងផ្ទុះ ។ ក្រុមនគរបាលនិយាយថា ពួកគេសង្ស័យថា យានដ្រូនទាំងនេះ ត្រូវបានប្រើប្រាស់ដោយក្រុមជីវពល Kuki គឺជាអំណះអំណាងមួយត្រូវបានច្រានចោលដោយក្រុមមួយនេះ ។ ក្រុមនគរបាល បានដាក់ពង្រាយកងកម្លាំងសន្តិសុខបន្ថែមទៀតដោយមានប្រព័ន្ធប្រឆាំងយានដ្រូន ដើម្បីដោះស្រាយស្ថានការជាក់ស្តែង ៕
-

តំណាងក្រុមឧទ្ទាម ៖ក្រុមហ៊ួទី បានបាញ់ទម្លាក់យានដ្រូន MQ-9 Reaper របស់អាមេរិក
អ្នកនាំពាក្យយោធានៃចលនានេះ លោក យ៉ាយ៉ា សារី ( Yahya Saree) បាននិយាយថា កងកម្លាំងការពារដែនអាកាសនៃចលនាហ៊ួទីអានសា អាល់អាឡា ( Ansar Allah) នៅប្រទេសយេម៉ែន បានបាញ់ទម្លាក់យានដ្រូនវាយប្រហារ MQ-9 Reaper របស់សហរដ្ឋអាមេរិក។ លោកបាននិយាយនៅលើប៉ុស្តិ៍ទូរទស្សន៍ Al Masirah ដែលគ្រប់គ្រងដោយហ៊ួទី៖«កងកម្លាំង ការពារដែនអាកាសរបស់ប្រទេសយេម៉ែន បានព្យាយាមបាញ់ទម្លាក់យានដ្រូន MQ-9 របស់សហរដ្ឋអាមេរិក នៅពេលដែលយានដ្រូននេះ កំពុងធ្វើសកម្មភាពអរិភាពលើដែនអាកាសនៃខេត្ត Marib»។ លោក សារី បានបញ្ជាក់ថា នេះ គឺជាយានដ្រូនទី៨ នៃកងកម្លាំងទ័ពអាកាសអាមេរិកប្រភេទនេះ ដែលត្រូវបានបាញ់ទម្លាក់ដោយក្រុមឧទ្ទាមពីលើដែនអាកាសនៃប្រទេសយេម៉ែន ចាប់តាំងពីការចាប់ផ្តើមនៃការកើនឡើងភាពតានតឹង។ លោក បាននិយាយដែរថា ចលនានេះ «បាននិងកំពុងពង្រឹងសក្តានុពលការពាររបស់ខ្លួន» សម្រាប់ប្រឆាំងនឹងសកម្មភាពរបស់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។